ប្រទេសអ៊ុយក្រែនបានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួនបញ្ជូនរថក្រោះទៅជួយកងទ័ពអ៊ុយក្រែនប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ដោយបានបញ្ជាក់ថា ដោយសារកងទ័ពរុស្ស៊ីមាន«ប្រៀបផ្នែកបរិមាណច្រើនគួរសមទាំងពលទាហាន អាវុធ និងយុទ្ធោបករណ៍»។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានថ្លែងអំណរគុណប្រទេសចំនួន ៥០ ដែលបានជួយពង្រឹងផ្នែកការពាររបស់ប្រទេសអ៊ុយក្រែន។
ក៏ប៉ុន្តែ លោកទាំងពីរបាននិយាយថា តម្រូវការបន្ទាន់បំផុតមួយនៅក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្ដើមជិតមួយឆ្នាំកន្លងមកនេះគឺការផ្ដល់ឱ្យអ៊ុយក្រែននូវរថពាសដែកទំនើបនិងផ្ដល់ឱ្យទាហានអ៊ុយក្រែននូវរថក្រោះបស្ចិមប្រទេសដែលអាចផ្ដល់សមត្ថភាពបាញ់និងបញ្ជាបានប្រសើរជាងមុន។
លោក Kuleba និងលោក Oleksii បានស្វាគមន៍វិធានការរបស់ចក្រភពអង់គ្លេសនៅក្នុងការបញ្ជូនរថក្រោះប្រភេទ Challenger 2 ឱ្យអ៊ុយក្រែន ហើយស្របពេលនោះដែរជំរុញប្រទេសផ្សេងទៀតដែលមានរថក្រោះប្រភេទ Leopard 2 របស់អាល្លឺម៉ង់ឱ្យផ្ដល់រថក្រោះទាំងនោះដល់អ៊ុយក្រែនដើម្បីជួយកងទ័ពអ៊ុយក្រែនឱ្យបានប្រសើរជាងមុន។
លោករដ្ឋមន្ត្រីទាំងពីរបានលើកឡើងដូច្នេះថា៖ «យើងធានាថាយើងនឹងប្រើអាវុធទាំងនេះដោយការទទួលខុសត្រូវនិងប្រើតែសម្រាប់គោលបំណងនៃការការពារបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែនក្នុងរង្វង់ព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិតែប៉ុណ្ណោះ»។
មន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP និងមន្ត្រីអាល្លឺម៉ង់មួយរូបដែលថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា អាល្លឺម៉ង់នឹងអនុញ្ញាតឱ្យមានការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកយល់ព្រមបញ្ជូនរថក្រោះ Abrams របស់ខ្លួនទៅឱ្យអ៊ុយក្រែន។
លោក Colin Kahl រដ្ឋលេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយ បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា អ៊ុយក្រែនត្រូវការសព្វាវុធដើម្បីជួយបំបែកខ្សែការពារដ៏រឹងមាំរបស់រុស្ស៊ី។ ប៉ុន្តែ លោកបាននិយាយថា រថក្រោះ Abrams របស់សហរដ្ឋអាមេរិកនឹងមិនមែនជាជំនួយដ៏ល្អបំផុតនៅក្នុងការផ្ដល់ឱ្យអ៊ុយក្រែននៅពេលនេះទេ ដោយសារតែមានបញ្ហាប្រឈមដែលអាចកើតឡើងនៅក្នុងការប្រើនិងថែរក្សារថក្រោះប្រភេទនេះ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។