អាជ្ញាធរអ៊ុយក្រែន និយាយកាលពីថ្ងៃព្រហស្បត៍ថា ពួកគេ បានបើកការស៊ើបអង្កេតថាតើលោកស្រី Marie Yovanovitch អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានី កៀវ បានត្រូវគេឈ្លបយកការណ៍ដោយខុសច្បាប់មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានកោះហៅភ្លាមៗឲ្យលោកស្រីវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញហើយបន្ទាប់មកបណ្តេញលោកស្រីចេញពីតំណែង។
ការប្រកាសមកពីអ៊ុយក្រែន បានកើតមានឡើង២ថ្ងៃបន្ទាប់ពីពួកសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានជំរុញឲ្យដកលោកត្រាំចេញពីតំណែងលើបទចោទប្រកាន់ពីការប្តឹងទម្លាក់ប្រធានាធិបតីដែលត្រូវបានបញ្ចេញឯកសារដ៏សំខាន់ដោយលោក Lev Parnas ជាសហការីរបស់លោកRudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ ដែលបានបង្ហាញពីការទាក់ទិនរបស់លោក Giuliani អំពីការដកលោកស្រី Yovanovitch ចេញពីតំណែងការទូតហើយបានតាមដានពីសកម្មភាពរបស់លោកស្រីក្នុងរដ្ឋធានី កៀវ នៃប្រទេសអ៊ុយក្រែន។
ក្នុងកិច្ចសម្ភាសន៍អ្នកទាំង២ជាមួយបណ្តាញព័ត៌មានសហរដ្ឋអាមេរិក លោកParnasដែលស្ថិតនៅក្រោមដីការចាប់ខ្លួនចំពោះការរួមវិភាគទានប្រាក់ខុសច្បាប់ដល់យុទ្ធនា ការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីត្រាំ បាននិយាយថា លោកប្រធានាធិបតី បានដឹងពីការខំប្រឹងប្រែងរបស់លោក Giuliani ដាក់គំនាបអ៊ុយក្រែនឲ្យចាប់ផ្តើមស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាគូប្រជែងខាងនយោបាយដ៏សំខាន់ម្នាក់ខាងគណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ដើម្បីទទួលប្រយោជន៍ខាងនយោបាយនៅក្នុងយុទ្ធនាការរបស់លោកសម្រាប់កាន់ដំណែងមួយអាណត្តិទៀតនៅសេតវិមាន៕