ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានសន្យានៅថ្ងៃអង្គារនេះថានឹងដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែនដោយចៃដន្យកាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្សទាំង ១៧៦ នាក់ ដែលជិះនៅលើយន្តហោះនោះស្លាប់។ លោក Rouhani បានហៅហេតុការណ៍នេះថាជាហេតុការណ៍ដែល «មិនអាចលើកលែងទោសឲ្យបានទេ»។
នៅក្នុងការថ្លែងសុន្ទរកថាដែលមានផ្សាយតាមទូរទស្សន៍ លោក Rouhani បានស្នើឲ្យមានការបង្កើតតុលាការពិសេសមួយ និងបាននិយាយថា «ពិភពលោកទាំងមូលនឹងតាមដានមើល»។
នៅថ្ងៃអង្គារនេះដែរ អ្នកនាំពាក្យតុលាការអ៊ីរ៉ង់បានបញ្ជាក់ថា មនុស្សមួយចំនួនត្រូវបានចាប់ខ្លួនរួចហើយ ដោយសារតែពួកគេមានតួនាទីពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែអ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ឲ្យបានច្បាស់ថាប៉ុន្មាននាក់ ឬក៏អ្នកទាំងនោះពាក់ព័ន្ធបែបណានោះទេ។
ស្ថានការណ៍បានវិវត្តន៍ដល់ចំណុចនេះ ស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់ប្រឈមនឹងការតវ៉ា បន្ទាប់ពីបានទទួលស្គាល់កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ទាហានអ៊ីរ៉ង់ជាអ្នកបាញ់ទម្លាក់យន្តហោះនោះ ទោះបីជាដំបូងខ្លួនបានទទូចថា យន្តហោះនោះធ្លាក់គឺដោយសារបញ្ហាបច្ចេកទេសក៏ដោយ។
និស្សិតរាប់រយនាក់នៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកន្លែងបានប្រឆាំងដោយបើកចំហចំពោះថ្នាក់ដឹកនាំរបស់ពួកគេ នៅក្នុងការតវ៉ាថ្ងៃទី ៣ កាលពីថ្ងៃច័ន្ទម្សិលមិញ។
ការបាញ់ទម្លាក់យន្តហោះនេះបានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ដែលមិនបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសនេះ គឺជាការសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានសម្លាប់ឧត្ដមសេនីយ៍កំពូលអ៊ីរ៉ង់លោក Qassem Soleimani កាលពីថ្ងៃទី ៣ ខែមករាកន្លងទៅនេះ។ សហរដ្ឋអាមេរិកហៅការវាយប្រហាររបស់ខ្លួននេះថាជាការវាយប្រហារការពារខ្លួន៕