រាជរដ្ឋាភិបាលកម្ពុជាកំពុងជួយស្តារសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលការដកឋានៈ អនុគ្រោះពន្ធមួយផ្នែករបស់សហភាពអឺរ៉ុបបានជះឥទ្ធិពលលើសេដ្ឋកិច្ច ដែលរងផល ប៉ះពាល់រួចទៅហើយពីការរាតត្បាតនៃជំងឺកូវីដ១៩ និងការចាកចេញរបស់អាជីវកម្មរបស់ប្រទេសលោកខាងលិចជាច្រើន។
វិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងដែលមានទំហំទឹកប្រាក់ចំនួន៧ពាន់លានដុល្លារអាមេរិកទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ កម្មករប្រមាណ៧០០.០០០នាក់ធ្វើការនៅក្នុងរោងចក្រផលិតឲ្យក្រុមហ៊ុនម៉ាកល្បីៗដូចជា Levis Strauss ម៉ាក H&M និង Adidas ៦ថ្ងៃក្នុងមួយសប្តាហ៍ ដោយទទួលបានប្រាក់ឈ្នួលគោលចំនួន១៩០ដុល្លារក្នុងមួយខែ រួមទាំងប្រាក់ធ្វើដំណើរ និងការជួលផ្ទះស្នាក់នៅចំនួន៧ដុល្លារផងដែរ។
រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារដើម្បីទប់ទល់ជាមួយនឹងការខាតបង់ដោយសារតែការដកឋានៈអនុគ្រោះពន្ធមួយផ្នែកនៅក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (ហៅកាត់ថា EBA) ដែលផ្តល់ការចូលទៅក្នុងទីផ្សារអឺរ៉ុបដោយមិនមានកូតា និងពន្ធគយសម្រាប់ទំនិញទាំងអស់លើកលែងតែសព្វាវុធ។ ការដកឋានៈអនុគ្រោះពន្ធមួយផ្នែកនេះបានចូលជាធរមានកាលពីខែសីហា។
នាង ផែន កុសល ដែលបម្រើការនៅរោងចក្រ Hung Wah Cambodia ដែលជារោងចក្រផលិតសម្លៀកបំពាក់សម្រាប់នាំចេញអស់រយៈពេល៦ឆ្នាំមកហើយ បាននិយាយថា ការដកឋានៈអនុគ្រោះពន្ធមួយផ្នែកនេះជះផលប៉ះពាល់យ៉ាងអាក្រក់ទៅលើអនាគតការងាររបស់នាងចំពេលមានការកាត់បន្ថយបុគ្គលិក ការបាត់បង់ការងារបន្ថែមម៉ោង និងម៉ោងធ្វើការតិចជាងមុន។
នាង ផែន កុសល បាននិយាយថា «ថ្នាក់ដឹកនាំទាំងអស់សូមឲ្យគាត់ជួយហើយនឹងសំណូមពរបងៗទាំងអស់ថ្នាក់ដឹកនាំហ្នឹងឲ្យជួយបញ្ហាហ្នឹងផង ពួក[ខ្ញុំ]ជំពាក់លុយអង្គការ លុយធនាគារ»។
ការលើកឡើងរបស់នាងស្រដៀងទៅនឹងការលើកឡើងរបស់លោក សៅ ឈិន ដែលធ្វើការនៅរោងចក្រស្បែកជើង Meng Da Footwear។ លោកបានប៉ាន់ស្មានថា ប្រាក់ចំណូលជារួម រួមទាំងប្រាក់ចំណូលរបស់លោកផងដែរ បានធ្លាក់ចុះ២០% ខណៈដែលកម្មករជាច្រើនត្រូវបានគេផ្អាកការងារជាបណ្តោះអាសន្នរយៈពេលពីបួនទៅប្រាំមួយខែ។
លោក សៅ ឈិន បាននិយាយថា៖
«បញ្ហាសំខាន់ដែលយើងកំពុងប្រឈមឥឡូវនេះគឺថាកម្មករមួយចំនួនគឺជាមេគ្រួសារដែលត្រូវចិញ្ចឹមគ្រួសារទាំងមូល»។ ជួនកាលប្រាក់ចំណូលប្រចាំខែរបស់ពួកគេមានចំនួនតែ១០០ដុល្លារទៅ២០០ដុល្លារតែប៉ុណ្ណោះ ហើយពួកគេត្រូវចំណាយលើអ្វីៗគ្រប់យ៉ាងដូចជាថ្លៃឈ្នួលបន្ទប់ ចំណីអាហារ និងថ្លៃសិក្សារបស់កូនៗរបស់ពួកគេ និងមានចំណាយជាច្រើនទៀត»។
ឋានៈអនុគ្រោះពន្ធ EBA ត្រូវផ្តល់ទៅឱ្យប្រទេសអភិវឌ្ឍន៍តិចបំផុត ដែលគោរពស្តង់ដារអន្តរជាតិសម្រាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ទោះជាយ៉ាងនេះក្តី ការហាមឃាត់គណបក្សប្រឆាំងដ៏សំខាន់មិនឱ្យប្រកួតប្រជែងក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ ក្នុងពេលបង្ក្រាបលើអ្នកប្រឆាំង និងសារព័ត៌មានឯករាជ្យ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចយ៉ាងយូរ ទទួលបានកៅអីសភាទាំងអស់។
ការណ៍នេះបានធ្វើឱ្យសហភាពអឺរ៉ុបមិនសប្បាយចិត្ត ដែលធ្វើឱ្យមានការចាប់ផ្តើមដកឋានៈអនុគ្រោះពន្ធ។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដែលមានទំហំនាំចេញស្មើនឹង៤៥%នៃការនាំចេញក្នុងឆ្នាំ២០១៨។ ការដកឋានៈអនុគ្រោះពន្ធមួយផ្នែកនេះបានប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបប្រមាណជា២០% ហើយការប៉ាន់ស្មានជាបឋមបានឱ្យដឹងថា ការដកឋានៈអនុគ្រោះពន្ធនឹងធ្វើឱ្យអាជីវកម្មខាតបង់ទឹកប្រាក់ប្រមាណ១៣០លានដុល្លារ។
ទិន្នន័យរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបង្ហាញថា រោងចក្រវាយនភណ្ឌ និងស្បែកជើងចំនួន៤៥០នៅកម្ពុជាបានផ្អាកការងារ ខណៈដែលរោងចក្រចំនួន៨៣បានបិទទ្វារនៅក្នុងឆមាសទី១នៃឆ្នាំនេះ ហើយវាបានប៉ះពាល់ដល់កម្មករប្រមាណជា១៥០.០០០នាក់។
លោក Ken Loo ដែលជាអគ្គលេខាធិការរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា សហភាពអឺរ៉ុបបានប្រព្រឹត្តកំហុសមួយ ដោយការដកឋានៈអនុគ្រោះពន្ធ កាលពីថ្ងៃទី១២ ខែសីហា ចំពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចកម្ពុជារួចទៅហើយ។
លោក Ken Loo បាននិយាយថា៖
«ម៉ាក និងក្រុមហ៊ុនលក់បន្តជាច្រើននៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើងបានលុបចោល ឬពន្យារពេលការបញ្ជាទិញ ដោយសារតែការធ្លាក់ចុះនៃការលក់បន្តនៅក្នុងទ្វីបអឺរ៉ុប ដែលកើតឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ១៩»។
លោកបាននិយាយបន្តទៀតថា៖
«ជាលទ្ធផល ពលរដ្ឋកម្ពុជារាប់លាននាក់អាចនឹងធ្លាក់ចូលក្នុងភាពក្រីក្រដោយសារតែវិបត្តិនេះ»។
មានបញ្ហាផ្សេងទៀតដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។ កំពង់ផែជាប់គាំងជាមួយនឹងទំនិញដែលត្រូវបញ្ជូនចេញទៅអឺរ៉ុប។ កម្រិតបំណុលដ៏ខ្ពស់ក្នុងចំណោមអ្នកខ្ចីប្រាក់តិចតួចនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្ញើប្រាក់មកស្រុកពីពលករនៅក្រៅប្រទេសក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩ក៏មានការកើនឡើងផងដែរ។
លោក មាស សុខសេនសាន អ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនមានការបារម្ភចំពោះការដកឋានៈអនុគ្រោះពន្ធនេះនោះទេ ដោយលោកបាននិយាយប្រាប់សារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរាជរដ្ឋាភិបាលថា នេះមិនមែនមានន័យថា កម្ពុជានឹងបាត់បង់ការនាំចេញទៅទីផ្សារអឺរ៉ុបនោះទេ។
លោក មាស សុខសេនសាន បាននិយាយថា៖«អឺរ៉ុបនៅតែជាគោលដៅនាំចេញរបស់កម្ពុជា។ ការដកឋានៈអនុគ្រោះពន្ធ EBA មួយផ្នែកមានន័យថា ទំនិញកម្ពុជាមិនស្ថិតនៅក្នុងបញ្ជីទំនិញលើកលែងពន្ធទៀតហើយ»។
ទោះជាយ៉ាងនេះក្តី ខណៈដែលម៉ាកល្បីៗអាចនឹងប្តូរទីតាំងទៅប្រទេសផ្សេងដូចដែលអ្នកជំនួញរបស់ប្រទេសលោកខាងលិច និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានប្តូរទីតាំងរបស់ខ្លួននោះ កម្មកររបស់ពួកគេមិនអាចប្តូរទីតាំងធ្វើការបាននោះទេ។
លោក គង់ អាទិត្យ ដែលជាប្រធានសហព័ន្ធសហជីព CCAWDU បាននិយាយថា៖
«ខ្ញុំគិតថា បញ្ហានេះនឹងធ្វើឱ្យបាត់បង់ការងារមួយចំនួនសម្រាប់កម្មករ ប្រសិនបើយើងមិនមានការបញ្ជាទិញ ឬប្រសិនបើម៉ាកល្បីៗមិនបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសយើង»។
លោកបាននិយាយបន្តទៀតថា៖
«ខ្ញុំគិតថា ភាគីទាំងអស់ត្រូវធ្វើការជាមួយគ្នាដើម្បីរក្សាអត្ថប្រយោជន៍នេះសម្រាប់ប្រទេសយើង ជាពិសេសសម្រាប់កម្មករ»៕