ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ប្រាប់​មេដឹកនាំ​ពិភពលោក​ថា​ ការ​ដក​EBA​ជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិ​សាស្រ្ត ​និង​«អយុត្តិ​ធម៌»


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​តាម​អនឡាញ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៥ ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​តាម​អនឡាញ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៥ ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​ពិភពលោក​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​ថា ​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​គឺ​ជា​ការ​សម្រេច​ដែល​មាន​«ភាព​លម្អៀង»​និង​«អយុត្តិធម៌»​ហើយ​លោក​ចាត់​ទុក​ថា​ នេះ​ជា​រឿង​ច្រំដែល​នៃ​ប្រវត្តិ​សាស្រ្ត។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ ​តាម​រយៈ​វីដេអូ​ថតទុក​មួយ ​ដែល​បង្ហាញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​លើក​ទី​៧៥ ​ក្រោម​មូល​បទ ​«អនាគត​ដែល​យើង​ចង់​បាន​អង្គការ​សហ​ប្រជាជាតិ​ដែល​យើង​ត្រូវ​ការ» ​នៅ​សាល​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ទីក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាមេរិក។​

ក្នុង​វីដេអូ​ថត​ទុក​ប្រមាណ​២០​នាទី​នោះ​ ​លោក ​ហ៊ុន សែន​ បាន​លើក​ចំណុច​មួយ​អំពី​«ការ​បដិសេធ​ចំពោះ​ភាព​អយុត្តិធម៌»។​ ត្រង់​ចំណុច​នេះ ​លោក ​ហ៊ុន សែន​ ថ្លែង​ថា ​ប្រទេស​កម្ពុជា​ស្រឡាញ់​សន្តិភាព ​និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ ​ដែល​ប្រទេស​មួយ​ចំនួន​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​មុខ​ដោយ​«ស្តង់ដារ​ទ្វេ»។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖​ «គួរ​ឲ្យ​សោកស្តាយ​ដែល​ជា​រឿយៗ​ អាស្រ័យ​ទៅ​នឹង​មហិច្ឆតា​នយោបាយ ​និង​របៀប​វារៈ​ឱកាស​និយម ​លាក់​ពុត​របស់​ប្រទេស​មួយ​ចំនួន​កម្ពុជា​ត្រូវ​ប្រឈម​មុខ​នឹង​ស្តង់​ដារ​ទ្វេ​ដែល​ប្រកប​ដោយ​ល្បិច​កល​និង​ការ​សម្រេច​ដែល​មាន​ភាព​លម្អៀង ​និង​មាន​ចេតនា​នយោបាយ ​ពោល​គឺ​ភាព​អយុត្តិធម៌»។​

ត្រង់​ចំណុច​នេះ​ លោក​ ហ៊ុន សែន​ ថ្លែង​បន្ត​ទាក់​ទង​នឹង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ «គ្រប់​មុខ​ទំនិញ ​លើក​លែង​សព្វា​វុធ​ឬ​EBA»​ថា៖ ​ «ការ​ដែល​សហភាព​អឺរ៉ុប​ដក​ហូត​EBA​មួយ​ផ្នែក​នៅ​ពេល​នេះ​ នៅ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូវីដ១៩ ​គឺ​ជា​រឿង​ច្រំដែល​នៃ​ប្រវត្តិសាស្រ្ត។ ​ទោះ​ជា​យ៉ាង​ណា ​ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​អស់​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​មក​នេះ​ ក្នុង​ការ​ការពារ​នូវ​អ្វី​ដែល​ខ្លួន​ជឿ​ជាក់​ថា​ មាគ៌ា​ដ៏​ត្រឹម​ត្រូវ ​នោះ​គឺ​ការ​គោរព​អធិប​តេយ្យភាព​និង​ការ​ថែ​រក្សា​សន្តិភាព​ដែល​កសាង​បាន​យ៉ាង​លំបាក​លំបិន ​និង​ទទួល​បាន​នូវ​ការ​សាទរ​ពេញ​ទំហឹង​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំង​មូល…»។​

លោក ​ហ៊ុន សែន​ ក៏​បាន​ប្រាប់​មេ​ដឹកនាំ​ពិភព​លោក​ថា ​ ការ​សម្រេច​ចិត្ត​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​ថា​ ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម ​ ​របប​ដឹក​នាំ​ក្រោយ​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពី​ប្រទេស​ភាគ​ច្រើន​នៃ​អង្គការ​សហ​ប្រជាជាតិ ​ដែល​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រហម​កាន់​កាប់​អាសនៈ​នៅ​អង្គការ​សហ​ប្រជា​ជាតិ។​

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម​មួយ​ផ្នែក ​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​ភាគ​រយ​លើ​ទំនិញ​កម្ពុជា ​ជា​ការ​ឆ្លើយ​តប​នឹង​«ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នក​នាំ​ពាក្យ​របស់​សហភាព​អឺរ៉ុប​ថ្លែង​ប្រាប់​VOA​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ការ​សម្រេច​ចិត្ត​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ​ ដោយសារ​សហភាព​អឺរ៉ុប​បាន​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។​ អ្នក​នាំពាក្យ​បន្ត​ថា​ សហភាព​អឺរ៉ុប​បាន​ដឹង​ពី​ឥទ្ធិផល​នៃ​ជំងឺ​កូវីដ១៩​លើ​ប្រទេស​កម្ពុជា ​ទាំង​សេដ្ឋកិច្ច ​និង​ការងារ។​ ដូច្នេះ​ហើយ ​ដូច​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ មិថុនា​សហភាព​អឺរ៉ុប​និង​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​បាន​ប្រមូល​ថវិកា​ប្រមាណ​៤៤៣​លាន​អឺរ៉ូ​ជា​ជំនួយ​ឥត​សំណង ​និង​ជា​កម្ចី ​ដើម្បី​ធ្វើ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ផ្នែក​សេដ្ឋកិច្ច​សង្គម ​និង​ការ​រៀបចំ​ងើប​ឡើង​វិញ។​

សហភាព​អឺរ៉ុប​ប្រាប់​VOA​តាម​សារ​អ៊ីម៉ែល​ថា៖ ​«នៅ​ក្នុង​ករណី​កម្ពុជា​បង្ហាញ​ភាព​ល្អ​ប្រសើរ​ខ្លាំង​ក្លា​ ជាពិសេសសិទ្ធិ​ពលរដ្ឋ​និង ​សិទ្ធិ​នយោបាយ​នោះ​ ​ គណៈ​កម្មការ​អាច​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​ក្នុង​ការ​ដាក់​ឲ្យ​មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដែល​ត្រូវ​បាន​ដក​«គ្រប់​មុខ​ទំនិញ ​លើក​លែង​សព្វាវុធ ​EBA»។​

សហភាព​អឺរ៉ុ​បន្ត​ថា​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ពេល​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ​ជាពិសេស​ការ​កំហិត​ធ្ងន់​ធ្ងរ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​គាប​សង្កត់​លើ​មតិ​នយោបាយ​ផ្ទុយ។​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ ខ្លួន​បន្ត​តាម​ដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ Phil Robertson ​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​(Human Rights Watch)​ប្រចាំ​តំបន់​អាស៊ី ​ដែល​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​មាន​ប្រសាសន៍​ថា​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដែល​នាំ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​កម្ពុជា។​

លោក​មាន​ប្រសាសន៍​តាម​សារ​អ៊ីម៉ែល​ថា៖ ​«លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហភាព​អឺរ៉ុប ​ដោយ​សារ​លោក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​កម្ទេច​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​របស់​កម្ពុជា ​ដែល​ត្រូវតែ​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ផល​ប្រយោជន៍​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA»។​

លោក​បន្ត​ថា​ តាម​ពិត​ទៅ ​ សហភាព​អឺរ៉ុប​គួរ​តែ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ច្រើន​ជាង​២០​ភាគរយ​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។​

ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​មនុស្ស​ជិត​២០​នាក់ ​ចាប់​តាំង​ពី​ចុង​ខែ​កក្កដា ​ ដែល​រួម​មាន​មេ​ដឹកនាំ​សហ​ជីព​លោក​ រ៉ុង ឈុន ​និង​អ្នក​ចូលរួម​ទាមទារ​រក​យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុនរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ការពារ​ខ្លួន​ថា​ កម្ពុជា​បាន​គោរព ​និង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ ​បង្កើត​សមាគម ​និង​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ​ប៉ុន្តែ​បញ្ជាក់​ថា​ វា​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ក្រុម​ការងារ​របស់​សហភាព​អឺរ៉ុប​បាន​មក​វាយ​តម្លៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រួច​ហើយ​មុន​នឹង​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​នេះ។ ​ លោក​បន្ត​ថា ​អ្វី​ដែល​ធ្ងន់​ធ្ងរ​ជាង​គេ​នោះ​គឺ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ការ​រឹត​ត្បិត​សិទ្ធិ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​សិន​ជា​យើង​កម្ពុជា​អាច​នឹង​ធ្វើ ​ឬ​ក៏​កែ​សម្រួល​លក្ខខណ្ឌ​របស់​គេ​ អា​ហ្នឹង​ខ្ញុំ​ជឿ​ថា អនាគត​ថ្ងៃ​ក្រោយ ​អាច​នឹង​មាន​ការ​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​ហ្នឹង​ឡើង​វិញ ​ ឬ​ក៏​មិន​មាន​ការ​បាត់​បង់​បន្ថែម​ទៀត»។​

គួរ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ដែល​ជួយ​ដល់​ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា៕​

លោក អូន ឆេងប៉រ នៃ VOA ចូលរួមចំណែក​ដល់​សេចក្ដីរាយការណ៍​នេះ។

XS
SM
MD
LG