ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ផ្ដល់​សិទ្ធិ​ធ្វើ​អន្តោប្រវេសន៍​ដល់​ពលរដ្ឋ​ហុងកុង​រហូត​ដល់បីលាន​នាក់


បាតុករម្នាក់លើកស្លាកមួយដែលសរសេរថា «គណបក្សកុម្មុយនីស្តចិនមិនមានភាពអាម៉ាស់ និងមិនធ្វើតាមសន្យា» អំឡុងពេលបាតុកម្មមួយនៅក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ចក្រភពអង់គ្លេស​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​នឹង​បង្កើន​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​អន្តោប្រវេសន៍​ដល់​ពលរដ្ឋ​ហុងកុង​រហូត​ដល់​ ៣ លាន​នាក់ ដើម្បី​ឲ្យ​ពួកគេ​អាច​កាន់​លិខិតឆ្លងដែនអង់គ្លេស​សម្រាប់អ្នក​រស់នៅ​ក្រៅ​ប្រទេស ដោយ​សង្កត់​ធ្ងន់​ថា ហុងកុង​នឹង​ត្រូវ​រក្សា​កាតព្វកិច្ច​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ចំពោះ​អតីត​អាណានិគមនិយម​អង់គ្លេស បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​ច្បាប់​សន្ដិសុខជាតិ​ហុងកុង​ថ្មី​នៅ​ក្នុង​ទីក្រុង​ហុងកុង​មក។ ​

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Dominic Raab បាន​ថ្លែង​ប្រាប់​សមាជិក​សភា​ថា ចក្រភព​អង់គ្លេស​បាន​កែប្រែ​បទបញ្ញត្តិ​អន្តោប្រវេសន៍​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​កាន់​លិខិតឆ្លងដែន​អង់គ្លេស​សម្រាប់អ្នក​រស់នៅ​ក្រៅ​ប្រទេស​អាច​មាន​សិទ្ធិ​សុំ​សញ្ជាតិ​បាន។ ពលរដ្ឋ​ហុងកុង​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​នឹង​អាច​មាន​សិទ្ធិ​រស់​នៅ​និង​ធ្វើការ​ក្នុង​ចក្រភព​អង់គ្លេស​បាន​រយៈពេល ៥ ឆ្នាំ ដែល​កាល​ពី​មុន​បាន​តែ​ ៦ ខែ តែ​ប៉ុណ្ណោះ។

រយៈពេល ៥ ឆ្នាំ​ក្រោយ​មក សម្រាប់​អ្នក​ដែល​ចង់​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់នៅមាន​សិទ្ធិ​អាច​ដាក់​ពាក្យ​បាន ហើយ​រយៈពេល​ ១ ឆ្នាំ បន្ទាប់​ពី​នោះ ពួកគេ​អាច​ដាក់​ពាក្យ​សុំសញ្ជាតិ​អង់គ្លេស​បាន។

រដ្ឋាភិបាល​អង់គ្លេស​ប៉ាន់ស្មាន​ថា មាន​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ជាតិ​អង់គ្លេស​ដែល​រស់នៅ​ក្រៅ​ប្រទេស​ប្រមាណ ២ លាន ៩ សែននាក់​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង។ រដ្ឋាភិបាល​អង់គ្លេស​បាន​ឲ្យ​ដឹង​ទៀត​ថា បទបញ្ញត្តិ​នេះ​គឺ​ត្រូវ​លក្ខខណ្ឌ​សម្រាប់​ពលរដ្ឋ​ហុងកុង និង​សមាជិក​គ្រួសារ​របស់​ពួកគេ។ ​

រដ្ឋាភិបាល​អង់គ្លេស​នៅ​មិន​ទាន់​ផ្ដល់​កាល​បរិច្ឆេទ​ជាក់លាក់​សម្រាប់​ការ​អនុវត្ត​បទបញ្ញត្តិថ្មី​នេះ​នៅឡើយ​ទេ ហើយ​លោក Raab បាន​និយាយ​ថា សេចក្ដីលម្អិត​បន្ថែម​ទៀត​នឹង​ប្រកាស​នៅ​ពេល​ក្រោយ​ទៀត។ ​

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ចិន​បាន​អនុម័ត​លើ​ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី​ក្នុង​ទីក្រុង​ហុងកុង ដែល​ចក្រភព​អង់គ្លេស​ហៅ​ថា ជា​ការ​ប្រឆាំង​របស់​ចិន​ចំពោះ​កាតព្វកិច្ច​អន្តរជាតិ និង​«ជា​ការ​បំពាន​យ៉ាង​ច្បាស់​ក្រឡែត​និង​ធ្ងន់ធ្ងរ​»ចំពោះ​សេចក្ដីប្រកាស​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG