ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក ណាសា បានបញ្ចេញរូបភាពជាច្រើនបង្ហាញពីផ្ទៃនៃភព Pluto ដែលមានវាលទំនាបរាបស្មើ និងទឹកកកបន្ទាប់ពីយានអវកាសទីមួយនេះបានហោះក្បែរភពតូចដែលនៅសែនឆ្ងាយនេះ។
រូបថតដែលថតកៀកបំផុតនៃវាលទំនាបដ៏ល្វឹងល្វើយនេះ និងដែលត្រូវបានបញ្ចេញឲ្យដឹងកាលពីថ្ងៃសុក្រ គឺមានរយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីរូបថតមួយចំនួនដែលថតបានពី បេសកកម្ម New Horizons ឬ«ជើងមេឃថ្មី»បានបង្ហាញឲ្យឃើញជួរភ្នំទឹកកកដែលមានកម្ពស់រហូតដល់៣.៥០០ម៉ែត្រ។
អ្នកវិទ្យាសាស្ត្រនិយាយថាភ្នំនិងវាលរាបទាំងនោះទំនងជាបានកើតឡើងមិនតិចជាងរយៈពេល១០០លានឆ្នាំទេមុនទេដែលនេះជារយៈពេលខ្លីនៅ ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានអាយុបួនពាន់៥៦០លានឆ្នាំ។
នៅឯសន្និសីទសារព័ត៌មានមួយនៅ Cape Canaveral រដ្ឋ Florida ពួកគេបានព្យាករណ៍ថា ភព Pluto នៅរងសម្ពាធពីដំណើរការភូមិសាស្រ្តសកម្មនៅឡើយ៕