ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស ១២ នាក់​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ពួក​តាលីបង់​លើ​មូលដ្ឋាន​យោធា​អាហ្វហ្គានីស្ថាន


ប៉ូលិស​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​លើ​ផ្លូវ​មួយ​ នៅ​ជាយ​ក្រុង Maidan Shahr ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤។
ប៉ូលិស​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​លើ​ផ្លូវ​មួយ​ នៅ​ជាយ​ក្រុង Maidan Shahr ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤។

ពួក​បះបោរ​តាលីបង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​អត្តឃាត​ដ៏​ធំ​មួយ​ដោយ​ប្រើ​គ្រាប់​បែក និង​កាំភ្លើង ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​កន្លែង​នៅ​ភាគ​កណ្ដាល​ប្រទេស​អាហ្វហ្គានីស្ថាន។ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​សន្តិសុខ​យ៉ាង​តិច ១២ នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស។

អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្រុង Maidan Shahr នៃ​ខេត្ត Wardak ដែល​មាន​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ទីក្រុង​កាប៊ុល។

មូលដ្ឋាន​សន្តិសុខ​សំខាន់​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​កន្លែង​របស់​កង​កម្លាំង​ពិសេស​អាហ្វហ្គានីស្ថាន ដែល​ត្រូវ​បាន​ចាត់តាំង​ចូល​ក្នុង​ទីភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​អាហ្វហ្គានីស្ថាន។

ការ​វាយ​ប្រហារ​របស់​ពួក​តាលីបង់​នេះ​បាន​ចាប់ផ្ដើម​ដោយ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បំផ្ទុះ​គ្រាប់​ផ្ទុះ​ដែល​ដាក់​ភ្ជាប់​នឹង​រថយន្ត​យោធា Humvee ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង មុន​ពេល​អ្នក​វាយ​ប្រហារ​មួយ​ចំនួន​សម្រុក​ចូល​ក្នុង​មូលដ្ឋាន​យោធា​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ប៉ូលិស​ប្រចាំ​ខេត្ត Wardak លោក Wais Samimi។

លោក Samimi បាន​បន្ថែម​ថា កង​កម្លាំង​អាហ្វហ្គានីស្ថាន​បាន​តបត​វិញ​ភ្លាមៗ និង​បាន​សម្លាប់​ពួក​វាយ​ប្រហារ​ទាំង​នោះ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ។

មន្ត្រី​សុខាភិបាល​ខេត្ត Wardak បាន​បញ្ជាក់​ប្រាប់ VOA ថា រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ដឹក​ជន​រងគ្រោះ​យ៉ាង​តិច ៤០ នាក់ ទៅ​កាន់​មន្ទីរពេទ្យ ដែល​ក្នុង​នោះ​មាន​សាកសព​ចំនួន ១២ នាក់​ផង​ដែរ។ ប៉ុន្តែ អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក និង​អ្នក​រស់នៅ​តំបន់​នោះ បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ៕

XS
SM
MD
LG