ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រាប់​មេដឹកនាំ​​អាស៊ាន​ថា អាមេរិក​នឹង​មាន​វត្តមាន​ក្នុង​តំបន់​«ជា​ច្រើន​ជំនាន់»


អ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
អ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

សហរដ្ឋ​អាមេរិក​បាន​ប្រាប់​មេដឹកនាំ​អាស៊ាន​ នៅ​ថ្ងៃ​សុក្រ​ថា អាមេរិក​នឹង​នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជា​ច្រើន​ជំនាន់ ហើយ​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​សេរីភាព​ដែន​សមុទ្រ ដែល​រដ្ឋាភិបាល​អាមេរិក​ថា កំពុង​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ដោយ​ចិន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថា អាស៊ាន អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថា តំបន់​នេះ គឺ​ជា​អាទិភាព​មួយ​របស់​អាមេរិក។ អ្នក​ស្រី​ក៏​បាន​ថ្លែង​បន្ត​ថា វគ្គ​ដំបូង​នៃ​កិច្ចប្រជុំ​ថ្ងៃ​សុក្រ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នេះ នឹង​ផ្តោត​លើ​សន្តិសុខ​ដែនសមុទ្រ និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សុខាភិបាល។ ​

លោកស្រី Harris ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​និង​អាស៊ាន មាន​ទស្សនវិស័យ​រួម​គ្នា​មួយ​សម្រាប់​តំបន់​នេះ ហើយ​ដោយ​សហការ​ជាមួយ​គ្នា យើង​នឹង​ការពារ​ទប់ទល់​នឹង​ការ​គំរាមកំហែង​នានា​ដល់ទម្លាប់​និង​ច្បាប់​អន្តរជាតិ»។

យ៉ាងណា​ក្តី អ្នកស្រី​មិន​បាន​លើកឡើង​ពី​ប្រទេស​ចិន​ដោយ​ចំ​នោះ​ទេ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​ថា បាន​គំរាមកំហែង​ប្រទេស​ជិត​ខាង​ខ្លួន។ ​

លោកស្រី​អនុប្រធានាធិបតី​ Harris ​ថ្លែង​បន្ត​ទៀត​ថា៖ «យើង​ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​ និង​ដៃគូ​របស់​យើង ដើម្បី​ការពារ​សណ្តាប់ធ្នាប់អន្តរជាតិ​នៃដែន​សមុទ្រដែល​ផ្អែក​លើ​ច្បាប់ ​ដែល​រួមទាំង​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍ និង​ច្បាប់​អន្តរជាតិ​ជា​ដើម។ ក្នុង​នាម​ជា​ប្រទេស​មួយ​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋ​អាមេរិក​នឹង​មាន​វត្តមាន និង​បន្ត​ទំនាក់ទំនង​ជាមួយ​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​ជំនាន់​រហូត​តទៅ»។

លោកស្រី Harris ក៏​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឆ្លើយតប​នឹង​តម្រូវការ​របស់​អាស៊ាន​ ដើម្បី​ទប់ទល់​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ១៩ ដោយ​បាន​បរិច្ចាគ​វ៉ាក់សាំង​ជាង ១១៥ លាន​ដូស​ដល់​តំបន់​នេះ​រួច​មក​ហើយ។

លោកស្រី​ថ្លែង​ថា៖ «ដរាប​ណា​ជំងឺ​កូវីដ១៩ នៅ​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​ណា​មួយ នោះ​វា​នឹង​ប៉ះពាល់​ដល់​យើង​ទាំង​អស់​គ្នា»។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Joe Biden បាន​ចាប់ផ្តើម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នេះ ដោយ​ស្វាគមន៍​មេដឹកនាំ​ពី​ប្រទេស​ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម ដោយ​ទទួលទាន​អាហារពេល​ល្ងាច​រួម​គ្នា​នៅ​សេតវិមាន។

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ទោ ដោយសារ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន ហើយ​សម្ពន្ធមិត្ត​អាមេរិក​មួយ​ទៀត​គឺ ហ្វីលីពីន ក៏​មិន​មាន​វត្តមាន​ចូលរួម ដោយសារ​មាន​អន្តរកាល​នយោបាយ ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។ ទោះ​ជាយ៉ាងណា លោក Biden ក៏បាន​សន្ទនា​រួច​ហើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ជាមួយលោក Ferdinand Marcos Jr. ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតីនោះ។ ហ្វីលីពីន​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​របស់​ខ្លួន​ធ្វើ​ជា​តំណាង​ក្នុង​កិច្ច​ប្រជុំ​នេះ។ ​

រដ្ឋបាល​លោក Biden សង្ឃឹម​ថា កិច្ចប្រឹងប្រែង​នានា​ទំាង​នេះ​នឹង​បង្ហាញ​ឱ្យ​ប្រទេស​ទាំង​ឡាយ​នេះ​ដឹង​ថា រដ្ឋាភិបាល​អាមេរិក​នៅតែ​យក​ចិត្ត​ទុកដាក់​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​បញ្ហាប្រឈម​រយៈពេល​វែង​ពី​ប្រទេស​ចិន ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ដៃ​គូ​ប្រជែង​ដ៏​សំខាន់បំផុត​របស់​អាមេរិក ទោះ​ក្នុង​អំឡុង​វិបត្តិ​នៅ​អ៊ុយក្រែន​ក្តី៕

XS
SM
MD
LG