ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កៅអី​សម្រាប់​មីយ៉ាន់ម៉ា​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​សមាជិក​សមាគម​អាស៊ាន ថត​រូប​ជុំ​គ្នា​នៅ​សួន​ខាង​ត្បូង​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។

រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​បណ្ដា​មេដឹកនាំ​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ទុក​កៅអី​មួយ​ឱ្យ​នៅ​ទំនេរ ​ដើម្បី​បង្ហាញ​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ដល់​VOA របស់​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

មីយ៉ាន់ម៉ា​នឹង​ក្លាយ​ជា «ប្រធានបទ​ដែល​ត្រូវ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ» នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ហើយ​កៅអី​សម្រាប់​មីយ៉ាន់ម៉ា​ដែល​ទុក​ឱ្យ​នៅ​ទំនេរ​នេះ​ឆ្លុះ​បញ្ចាំង​ពី «ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​អ្វី​ដែល​បាន​កើតឡើង ហើយ​យើង​សង្ឃឹម​ថា​នឹង​មាន​មាគ៌ា​ប្រសើរ​ជាង​មុន​ទៅ​ថ្ងៃ​អនាគត»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden។ ​

ក្រុម​មន្ត្រី​រដ្ឋបាល​លោក​ប្រធានាធិបតី Biden បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត ដែល​បើ​ទោះ​ជា​អាស៊ាន​ជ្រើសរើស​យកផែនការ​សន្ដិភាព «ឯកច្ឆ័ន​ ៥ ចំណុច» កាលពី​ឆ្នាំ​មុន​ក៏​ដោយ ក៏​របប​សឹក​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​បន្ដ​បំពាន​សិទ្ធិមនុស្ស​ដដែល។

សហរដ្ឋ​អាមេរិក​កំពុង​តែ​គាំទ្រ​សំណើ​មួយ​ចំនួន ដែល​រួម​មាន​ទាំង​សំណើ​សម្រាប់​ឱ្យ​អាស៊ាន​បើក​ច្រក​ទាក់ទង​ក្រៅ​ផ្លូវការ​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​និរទេស​ខ្លួន​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​ហៅថា រដ្ឋាភិបាល​រួបរួម​ជាតិ (NUG)។ ផែនការ​នេះ​ត្រូវ​បាន​ស្នើ​ដំបូង​ឡើយ​ដោយ​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​បាន​ថ្កោលទោស​ភ្លាមៗ​ដោយ​រដ្ឋាភិបាល​សឹក​យោធា​មីយ៉ាន់ម៉ា ដែល​កំពុង​កាន់​អំណាច។ ​

អ្នកស្រី Jung Pak ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ថ្ងៃ​ពុធ​ថា៖ «យើង​បន្ដ​ពិនិត្យ​មើល​ភូមា​ជាមួយ​នឹង​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ដោយសារ​តែ​អំពើ​ហិង្សា​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ទីនោះ»។ អ្នកស្រី​បាន​ថ្លែង​ទៀត​ថា៖ «យើង​បាន​បន្ដ​ធ្វើការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ជា​មិត្តភក្ដិ​របស់​យើង​ដើម្បី​ស្វែងរក​មាគ៌ា​មួយ​សម្រាប់​ភូមា​ឱ្យ​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ។ ដូច្នេះ​យើង​ទទួល​ស្វាគមន៍​នូវ​រាល់​សំណើ​ទាំងអស់ ហើយ​យើង​បន្ដ​ធ្វើការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

ផែនការ​សន្ដិភាព​«ឯកច្ឆ័ន​ ៥ ចំណុច» ដែល​បាន​បរាជ័យ​ភាគច្រើន ដោយសារ​តែ​មក​ទល់​នឹង​ពេល​នេះ អាស៊ាន​បាន​ត្រឹមតែ​ទាក់ទង​ជាមួយ​នឹង​របប​សឹក​យោធា​មីយ៉ាន់ម៉ា​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Gregory B. Poling អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ។ ​

លោក Poling បាន​ថ្លែង​ប្រាប់ VOA ថា៖ «កងកម្លាំង​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ (NUG)​ និងកងកម្លាំង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច កំពុង​តែ​ឈ្នះ​ការ​ប្រយុទ្ធ​គ្នា​ ហើយ​ត្រួតត្រា​តំបន់​ភាគច្រើន​នៅ​ក្នុង​ប្រទេស ដូច្នេះ​ការណ៍​ដែល​មិន​ទាក់ទង​ជាមួយ​នឹង​ពួកគេ​គឺ​ជា​រឿង​ដែល​មិន​ស័ក្ដិសម​នោះ​ទេ​នៅ​ពេល​នេះ»។ ​

ក្រុម​មន្ត្រី​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​តំណាង​របស់រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ៕

XS
SM
MD
LG