របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។ កម្ពុជាបានទទួលចំណាត់ថ្នាក់នេះជាច្រើនឆ្នាំមកហើយ។
បើតាមរបាយការណ៍ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ ប្រតិបត្តិការឆបោកអនឡាញ ស្ថិតនៅក្នុងចំណុចស្នូលនៃការវាយតម្លៃស្តីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា។ អំពើពុករលួយ និងការពាក់ព័ន្ធរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានរាប់បញ្ចូលក្នុងការវាយតម្លៃចំណាត់ថ្នាក់កម្រិតទី ៣ នៃការចម្រើនតិចតួចទៅលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
របាយការណ៍បានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជា មិនទាន់បានបំពេញពេញលេញចំពោះការលុបបំបាត់ការជួញដូរហើយមិនបានធ្វើឱ្យមានកិច្ចខិតខំគួរឱ្យកត់សម្គាល់ ដើម្បីលុបបំបាត់សកម្មភាពជួញដូរ ដែលជាហេតុនាំឱ្យកម្ពុជាបន្តស្ថិតនៅក្នុងកម្រិតទី ៣ (Tier 3)»។ កម្រិតបី (Tier 3) មានន័យថា រដ្ឋាភិបាលម្ចាស់ប្រទេសមិនបានប្រឹងប្រែងជាដុំកំភួន និងតាមបទដ្ឋានដូចមានចែងនៅក្នុងច្បាប់ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA)។ កម្រិតពីរស្ថិតក្នុងបញ្ជីតាមដាន (Tier 2 Watch List) បានសេចក្ដីថាទោះរដ្ឋាភិបាលម្ចាស់ប្រទេសបានធ្វើកិច្ចការជាច្រើនគួរឱ្យកត់សម្គាល់ តែមិនទាន់បានបំពេញគ្រប់និយាមអប្បបរមាដែលមានចែងក្នុងនិយាមអប្បបរមាអំពីការជួញដូរមនុស្ស ហើយចំនួនជនរងគ្រោះនៅតែច្រើន ខណៈរដ្ឋាភិបាលមិនទាន់ខិតខំដល់កម្រិត និងមិនបង្ហាញភស្ដុតាងជាតឹកតាងគ្រប់គ្រាន់ថាខ្លួនបានព្យាយាម»។
ក្នុងការចាត់ថ្នាក់កម្ពុជានៅកម្រិត ៣ នេះ របាយការណ៍បានលើកឡើងអំពីការពាក់ព័ន្ធរបស់មន្ត្រីកម្ពុជាខ្លះនៅក្នុងសកម្មភាពដែលមានទំនាក់ទំនងនឹងការជំរុញឱ្យមានការជួញដូរ តួយ៉ាងនៅក្នុងអំពើឧក្រិដ្ឋឆបោកតាមបណ្តាញអ៊ិនធឺណិត។
ប្រទេសខ្លះទៀតក្នុងតំបន់អាស៊ីអាគេ្នយ៍ក៏បានទទួលចំណាត់ថ្នាក់ក្នុងកម្រិត៣ដូចកម្ពុជាដែរដែលរួមមានព្រុយណេ និងមីយ៉ាន់ម៉ា ខណៈប្រទេសខ្លះក្នុងតំបន់ដដែលដែលធ្លាប់ស្ថិតក្នុងកម្រិត ៣ បានរំកិលខ្លួនឡើងទៅឈរក្នុងកម្រិត ២ ដែលរួមមានម៉ាឡេស៊ី ទីម័រខាងកើត និងវៀតណាម។ ប្រទេសឡាវ ត្រូវបានចាត់ចូលក្នុងកម្រិត២ស្ថិតក្នុងបញ្ជីតាមដាន។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេថាកម្ពុជាមិនមានការបកស្រាយបន្ថែមលើការវាយតម្លៃនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកឡើយ ដោយអ្នកស្រីថាការវាយតម្លៃនោះហាក់ដូចជាមានភាពមិនច្បាស់លាស់ ហើយយោងតែទៅលើចំណុចអវិជ្ជមាន។
អ្នកស្រីថ្លែងថា៖ «ចង់និយាយថា ពិន្ទុគេមានបារ៉ែនគេ បើសិនជាគេគិតថាវាត្រូវលេខប៉ុន្មានវាប៉ុណ្ណឹងហើយ។ ខ្ញុំអត់មានអីត្រូវនិយាយតទៅទៀតទេ ពីព្រោះថា យើងអត់ដឹងថា អ្នកដែលគាត់ដាក់ពិន្ទុហ្នឹង គាត់ផ្តោតលើស្អីដែលសំខាន់ ពីព្រោះដូចខ្ញុំបានជួបជាមួយស្ថានទូតពីម្សិលអ៊ីចឹង គ្រាន់តែចង់ប្រាប់ថាបើសិនជាផ្តោតទៅរឿងណាមួយ ពីព្រោះអំពើជួញដូរមនុស្សវាមានច្រើនករណី អ៊ីចឹងទៅបើផ្តោតទៅរឿងអីមួយ ហើយរឿងហ្នឹងវាជារឿងដែលវាអវិជ្ជមាន។ អ៊ីចឹង ពិន្ទុក៏នៅលើកន្លែងអវិជ្ជមានហ្នឹងហើយ ពីព្រោះយើងអត់បានយកអាចំណុចដទៃទៀតយកមកបូករួមជាមួយ»។
អ្នកស្រី ជូ ប៊ុនអេង បន្ថែមថា អាជ្ញាធរកម្ពុជានៅបន្តធ្វើការទប់ស្កាត់ និងរកអ្នកពាក់ព័ន្ធក្នុងការបើកផ្លូវឱ្យមានឧក្រិដ្ឋកម្មនេះ ហើយកម្ពុជាក៏ចង់ឃើញអាមេរិកនឹងជួយយ៉ាងណានៅក្នុងការដោះស្រាយបញ្ហាមួយនេះ ព្រោះសហរដ្ឋអាមេរិកបានត្រឹមតែប្រកាសថាជួយជាច្រើនឆ្នាំមកហើយ ប៉ុន្តែការសហការពិតប្រាកដនោះមិនទាន់កើតមាននៅឡើយ។
ទោះយ៉ាងណា របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញទៀតថាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្លះជាម្ចាស់ ឬមានសកម្មភាពដោយផ្ទាល់ តាមរយៈអាជីវកម្មនានា ដូចជានៅតាមទីតាំងអគារ និងទីកន្លែងផ្សេងៗដែលត្រូវបានប្រើប្រាស់ ដោយពួកប្រតិបត្តិករសកម្មភាពឆបោកអនឡាញ ឬហៅថា Scam ដើម្បីកេងប្រវ័ញ្ចជនរងគ្រោះក្នុងអំពើជួញដូរកម្លាំងពលកម្ម ហើយមន្ត្រីទាំងនោះបានទទួលអត្ថប្រយោជន៍ហិរញ្ញវត្ថុពីសកម្មភាពឧក្រិដ្ឋទាំងនោះ។ របាយការណ៍កត់សម្គាល់ទៀតថាការពាក់ព័ន្ធរបស់មន្ត្រី និងក្រុមវរជនដែលមានសក្កានុពលខាងសេដ្ឋកិច្ចបានបង្កឱ្យមានការអនុវត្តច្បាប់ដោយចោះៗ និងមានហេតុផលនយោបាយ ដែលនាំទៅដល់ការរារាំងការអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋជួញដូរមនុស្ស ដែលនៅរីករាលដាលអំឡុងពេលនៃការធ្វើរបាយការណ៍។
របាយការណ៍សរសេរថា៖ «រដ្ឋាភិបាលបានបរាជ័យជាដដែលៗ ដើម្បីពិនិត្យលើកម្មករកម្ពុជា និងបរទេស ដើម្បីធ្វើជាសូចនាករបញ្ជាក់ពីការជួញដូរ ហើយបានអន្តរាគមន៍ក្នុងករណីខ្លះ ដែលមានជាប់ពាក់ព័ន្ធនឹងជនរងគ្រោះបរទេសពីប្រតិបត្តិការឆបោកអនឡាញ ដែលជាញឹកញាប់ការអន្តរាគមន៍នោះ កើតឡើងតែពេលណាដែលរដ្ឋាភិបាលបរទេសមានការតស៊ូមតិសម្រាប់ពលរដ្ឋរបស់ខ្លួន ហើយត្រូវគ្នានឹងកិច្ចអន្តរាគមន៍នោះ»។
ទាក់ទិននឹងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ អ្នកស្រី ជូ ប៊ុនអេង ថ្លែងថា រឿងនេះបានក្លាយជាក្តីបារម្ភរបស់សាកលលោក ដែលទាំងកម្ពុជានិងរដ្ឋាភិបាលប្រទេសផ្សេងទៀតនៅបន្តរកយុទ្ធសាស្ត្រ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មដែលមានការប្រើបច្ចេកវិទ្យាខ្ពស់មួយនេះ។
អ្នកស្រីបន្ថែមថា៖ «ការងារនេះ វាមិនមែនប្រទេសណាមួយតែម្នាក់ឯង ដែលមានរឿងហ្នឹងទេ គឺកំពុងតែប្រទាក់ក្រឡាគ្នានោះស៊ឹងតែទូទាំងតំបន់ ទូទាំងពិភពលោកហើយ ព្រោះប្រទេសណាក៏នៅតែនិយាយពីរឿងប្រព័ន្ធឆបោកតាមអនឡាញ តាមបច្ចេកវិទ្យាទំនើបហ្នឹងដែរ ឥឡូវហ្នឹងវាមានដល់ AI វាមានដល់អីទៀតថាតើត្រូវធ្វើយ៉ាងម៉េចដែលអាចយកជោគជ័យលើរឿងនោះបាន»។
ការបន្តទទួលបានកម្រិត ៣ ក្នុងកិច្ចខិតខំលុបបំបាត់ និងទប់ស្កាត់ការជួញដូរមនុស្ស ធ្វើឱ្យកម្ពុជានិងប្រទេសឯទៀត ដែលស្ថិតក្នុងកម្រិតទាបបំផុតនេះខាតប្រយោជន៍មួយចំនួន គឺសហរដ្ឋអាមេរិកនឹងមិនផ្តល់ជំនួយខ្លះដែលមិនជាប់ពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ និងពាណិជ្ជកម្ម ហើយមូលនិធិខ្លះដែលផ្តល់ឱ្យមន្ត្រីរដ្ឋាភិបាល ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរសិក្សា និងវប្បធម៌អាចត្រូវបានដកមករក្សាទុកវិញ។
ប្រធានាធិបតីសហរដ្ឋអាមេរិកអាចនឹងកំណត់ ដើម្បីចង្អុលទៅនាយកប្រតិបត្តិនៃធនាគារ ពហុភាគី និងមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យបោះឆ្នោតជំទាស់ ហើយប្រើប្រាស់កិច្ចប្រឹងប្រែងរបស់ពួកគេឱ្យអស់លទ្ធភាពដើម្បីច្រានចោលប្រាក់កម្ចី ឬការប្រើប្រាស់ផ្សេងៗទៀតនៃស្ថាប័នមូលនិធិនានាចំពោះប្រទេសដែលគេចាត់ចូលកម្រិត ៣ វៀរលែងតែកិច្ចការមនុស្សធម៌ កិច្ចការពាក់ព័ន្ធពាណិជ្ជកម្ម និងជំនួយដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាក់ស្តែង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថាកម្ពុជាត្រូវបង្កើនការប្រឹងប្រែងរបស់ខ្លួនលើការទប់ស្កាត់អំពើជួញដូរដែលនៅសម័យកាលនេះ អាចធ្វើឡើងតាមបច្ចេកវិទ្យាទំនើបៗ ដែលតោងឱ្យមានការបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ ឬលុបបំបាត់ឧក្រិដ្ឋកម្មនេះ។
លោកថ្លែងថា៖ «ការបណ្តុះបណ្តាលទៅលើមន្ត្រី ដែលទាក់ទងជាមួយនឹងការបង្ក្រាប និងការទប់ស្កាត់ការជួញដូរមនុស្សហ្នឹងត្រូវបណ្តុះបណ្តាលបន្ថែម ពីព្រោះបទល្មើសកាន់តែទំនើបកម្ម ជាពិសេសទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាហ្នឹង។ អ៊ីចឹងមន្ត្រីកម្ពុជាទាំងអស់ត្រូវតែមានការបណ្តុះបណ្តាលជំនាញបន្ថែមទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាក្នុងការពិនិត្យមើលឱ្យឃើញពីការជួញដូរមនុស្ស»។
លោកបន្ថែមថា កម្ពុជានឹងខាតបង់អត្ថប្រយោជន៍ បើសិនប្រទេសនេះខកខានមិនបានធ្វើឱ្យល្អប្រសើរលើចំណាត់ថ្នាក់នៃការដោះស្រាយអំពើជួញដូរមនុស្សនេះ៕
វេទិកាបញ្ចេញមតិ