ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ឥណ្ឌា​៦០​នាក់​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា ក្រោយ​សង្រ្គោះ​ពី​អំពើ​ឆបោក


នៅក្នុងរូបភាពចេញផ្សាយដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ជនជាតិឥណ្ឌាដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​កាស៊ីណូ​មួយនៅខេត្តព្រះសីហនុ ថតរូបមុនធ្វើដំណើរទៅប្រទេសកំណើតវិញ។ (Facebook / Embassy of India in Phnom Penh)
នៅក្នុងរូបភាពចេញផ្សាយដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ជនជាតិឥណ្ឌាដែលត្រូវបាន​ជួយ​សង្គ្រោះ​ពី​កាស៊ីណូ​មួយនៅខេត្តព្រះសីហនុ ថតរូបមុនធ្វើដំណើរទៅប្រទេសកំណើតវិញ។ (Facebook / Embassy of India in Phnom Penh)

ជនជាតិ​ឥណ្ឌា​ចំនួន ​៦០ ​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅប្រទេស​កំណើត​វិញ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​ចុះ​ស្រាវជ្រាវ​និង​ជួយ​ពួកគេ​ពី​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះ​សីហនុ។ ​អាជ្ញាធរ​ឱ្យ​ដឹង​ថា​ ពួកគេ​ទទួល​បាន​ពាក្យ​បណ្តឹង​ថា​ ជន​ជាតិ​ឥណ្ឌា​ទាំង​នោះ​បាន​ប្រមូល​ផ្តុំគ្នា​មិន​ព្រម​ចូល​ធ្វើការ​នៅ​កាស៊ីណូ​ជីនប៉ី៤​ ស្ថិត​នៅ​សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សីហនុ។​

ករណី​នេះ ​អាជ្ញាធរ​ថា​ ជន​បរទេស​ទាំង​នោះ​មិន​ពេញ​ចិត្ត​នឹង​ការងារ​ ប៉ុន្តែ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ថា​ ជន​ជាតិ​ឥណ្ឌា​ទាំង​នោះ​រង​គ្រោះ​ដោយ​អំពើ​ឆបោក​ការងារ។​

បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ ​អាជ្ញាធរ​កម្ពុជា​បាន​ទទួល​ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​ Hotline ​ថា​ មាន​ករណី​ជន​បរទេស​ប្រមូល​ផ្តុំ​គ្នា​មិន​ព្រម​ចូល​ធ្វើ​ការ​នៅ​ចំណុច​កាស៊ីណូ​ជីនប៉ី៤។​ ក្រោយ​ទទួល​បាន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​ ២០ ​ខែ​ឧសភា ​កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហនុ ​និង​តុលាការ​ ដោយ​ចុះ​ទៅ​ទីតាំង​ក្រុមហ៊ុន​ជី.ស៊ី​មេឌា​ (G.C MEDIA)​ ដែល​ស្ថិត​នៅ​ចំណុច​កាស៊ីណូ​ជីនប៉ី៤ ​ហើយ​បាន​ឃើញ​ជន​បរទេស​ចំនួន​ ៥៧ ​នាក់ ​រួម​មាន​ជន​ជាតិ​ឥណ្ឌា​ចំនួន​ ៥៥ ​នាក់ ​និង​នេប៉ាល់​ចំនួន​ ២ ​នាក់។ ​អាជ្ញាធរ​ថា​ ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ការងារ​ ទើប​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីលាន​តារាង​បាល់​នៃ​កាស៊ីណូ​នោះ។​

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ​បញ្ជាក់​ថា៖​ «ការ​ត្រួត​ពិនិត្យ​និង​ស្តាប់​ការ​បំភ្លឺ​របស់​ជន​បរទេស​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​មិន​ពេញ​ចិត្ត​នឹង​ការងារ ​និង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ​ទើប​ពួក​គេ​នាំ​គ្នា​ប្រមូល​ផ្តុំ​មិន​ព្រម​ចូល​ធ្វើ​ការ»។​

អាជ្ញាធរ​មិន​បាន​បញ្ជាក់​ថា​ ការងារ​ដែល​ជន​បរទេស​ទាំង​នោះ​ធ្វើ​ជា​ការងារ​អ្វី​ឡើយ។​

នៅ​ថ្ងៃទី​ ២១ ​ខែ​ឧសភា ​ឆ្នាំ​ ២០២៤​ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​បញ្ជូន​ជន​បរទេស​ទាំង​៥៧​នាក់​ទៅ​កាន់​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​នៅ​រាជ​ធានី​ភ្នំពេញ។​ នេះ​បើ​តាម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ។​

អាជ្ញាធរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ជី.ស៊ី​មេឌា​ទទួល​បាន​អាជ្ញា​បណ្ណ​កាស៊ីណូ ​ចុះ​ថ្ងៃ​ទី​ ១៣​ ខែ​កក្កដា ​ឆ្នាំ ​២០២៣​ ចេញ​ដោយ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្ម​កម្ពុជា​ដែល​មាន​សុពល​ភាព​ដល់​ថ្ងៃ​ទី ​៣១ ​ខែ​ធ្នូ​ ឆ្នាំ​ ២០២៧។​ ដោយ​ឡែក​បើ​តាម​ទិន្នន័យ​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​ ក្រុមហ៊ុន​ ជី.ស៊ី មេឌា ​បាន​ចុះ​បញ្ជី ​កាលពី​ថ្ងៃ​ទី​ ២៣ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៨​ ដែល​មាន​លោក​ អ៊ឹង ដារ៉ា​ជា​តំណាង​ក្រុមហ៊ុន​នេះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ​ស រដ្ឋា ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ ​លោក​ សុខ វាសនា​ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ​និង​លោក​ សុខ សុមនា​ អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​នៅ​ឡើយ​ទេ។​

ចំណែក​អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ​លោក​ ឃាង ភារម្យ ​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម ​ដោយ​ប្រាប់​ឱ្យ​អ្នក​សារ​ព័ត៌​មាន​វីអូអេ​ទៅ​មើល​ព័ត៌មាន​ដែល​បង្ហោះ​ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ។​

ប៉ូលិសខេត្តព្រះសីហនុប្រតិបត្តិការ​នៅកាស៊ីណូមួយ ដោយសង្គ្រោះបានជនជាតិឥណ្ឌាប្រមាណ ៥៥ នាក់។ (Facebook / ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)
ប៉ូលិសខេត្តព្រះសីហនុប្រតិបត្តិការ​នៅកាស៊ីណូមួយ ដោយសង្គ្រោះបានជនជាតិឥណ្ឌាប្រមាណ ៥៥ នាក់។ (Facebook / ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

អ្នកស្រី ​ជូ ប៊ុនអេង ​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​ប្រាប់​វីអូអេ​ឱ្យ​មើលសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​អំពី​ករណី​នេះ។​ អ្នកស្រី​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា​ តើ​ហេតុអ្វី​បាន​ជា​ជនជាតិ​ឥណ្ឌា​ទាំង​នោះ​មិន​ពេញ​ចិត្ត​ការងារ​នៅ​កាស៊ីណូ​នោះ។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​ដូច​ជា​ក្តាប់​រឿង​ហ្នឹង​មិន​ទាន់​បាន ​ដោយ​សារ​….​ចង់​ប្រាប់​អូន ​អ៊ីចេះ​ថា​ ​ខាង​ខ្ញុំ ​គឺទាក់​ទង​ទៅ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​...​បើ​គ្មាន​ករណី​រឿង​ជួញ​ដូរ​មនុស្ស​មក​ដល់​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​អត់​ទាន់​សន្និដ្ឋាន​ថា​ យ៉ាង​ម៉េច​ទេ»។​

កាល​ពី​ចុង​ខែ​មីនា​ អាជ្ញាធរ​ឥណ្ឌា​បាន​លើក​ឡើង​ថា​ ជនជាតិ​ឥណ្ឌា​ជាង​៥​ពាន់​នាក់​កំពុង​ជាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ទី​ដែល​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន ​និង​បង្ខំ​ឱ្យ​បោក​បញ្ឆោត​តាម​អ៊ីនធឺណិត​ក្នុង​ឧក្រិដ្ឋកម្ម​ Cyberscam​ លើ​ប្រជាជន​ដែល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ​តាម​សារ​អ៊ីម៉ែល ​និង​ក្រុមហ៊ុន​ជី.ស៊ី ​បាន​នៅ​ឡើយ​ទេ​។

ទោះ​ជា​យ៉ាងណា ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បញ្ជាក់​ថា​ ជនជាតិ​ឥណ្ឌា​មាន​ចំនួន​ ៦០ ​នាក់​ ដែល​រង​គ្រោះ​ដោយ​អំពី​ឆបោក​ការងារ​នោះ ​ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌា​វិញ​ដោយ​សុវត្ថិភាព​ កាល​ពី​យប់​ថ្ងៃ​ទី​ ២៣ ​ខែ​ឧសភា។​

ស្ថានទូត​ឥណ្ឌា​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ឧសភា​ថា៖​ «ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ក្រុម​ទី ១ ​នៃ​ជនជាតិ​ឥណ្ឌា​ចំនួន ​៦០ ​នាក់ ​ពី​ការ​ឆបោក​ការងារ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ។ ​អរគុណ​អាជ្ញាធរ​កម្ពុជា​សម្រាប់​ការ​សម្រប​សម្រួល»។​

ស្ថានទូត​ឥណ្ឌា​បញ្ជាក់​ថា​ ​ពួក​គេ​ទាំង​នោះ​បាន​ចាញ់​បោក​ថា​ មក​ធ្វើការ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​លោក ​កត្តា អ៊ន ​ប្រាប់​វីអូអេ​ថា​ ​ជន​បរទេស​ទាំង​នោះ​បាន​ចូល​មក​ធ្វើការ​នៅ​កម្ពុជា ​ដោយ​ស្រប​ច្បាប់ ​ដោយ​មាន​ក្រុមហ៊ុន​បញ្ជូន​ត្រឹម​ត្រូវ។​ លោក​បន្ថែម​ថា ​វា​មិន​មែន​ជា​ករណី​ចាញ់​បោក​មេ​ខ្យល់​ ឬ​ការ​ជួញ​ដូរ​មនុស្ស​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«អ្វី​ដែល​សំខាន់​គឺ​ជនជាតិ​ទាំង​នេះ​មាន​បំណង​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ។​ អ៊ីចឹង​ហើយ​បាន​ជា​សមត្ថ​កិច្ច​ប្រឹងប្រែង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​ស្ថានទូត​ឥណ្ឌា​ដើម្បី​បញ្ជូន​ជនជាតិ​ទាំង​នោះ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​តាម​សំណូម​ពរ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ជនជាតិ​ឥណ្ឌា​ទាំង​ ៦០ ​នាក់​នេះ​ ដើម្បី​បញ្ជាក់​ពី​តម្លាភាព ​និង​ភាព​ហ្មត់​ចត់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ។​ លោក​បន្ថែម​ថា​ ការ​បង្ហាញ​ព័ត៌មាន​ក៏​ជា​ការ​បញ្ជាក់​ទំនុក​ចិត្ត​រវាង​រដ្ឋាភិបាល​ទាំង​២​ប្រទេស​ និង​កុំ​ឱ្យ​ជះ​ផល​ប៉ះពាល់​ណា​មួយ​មក​លើ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «យើង​ទទួល​ស្គាល់​ហើយ​ថា​ ការ​ស៊ើប​អង្កេត​ជា​ព័ត៌មាន​សម្ងាត់ ​ក៏​ប៉ុន្តែ​វា​គួរតែ​បញ្ជាក់​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​អាជ្ញាធរ​អាច​បញ្ជាក់​ប្រាប់​បានដើម្បី​ជា​ទំនុក​ចិត្ត»។​

គួរ​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ​ខ្លាំង​ក្លា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរីភាព ​មាន​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​ ក្រោយ​មក ​អាជ្ញាធរ​កម្ពុជា​បាន​ចុះ​បង្រ្កាប​ជា​បន្ត​បន្ទាប់ ​និង​បាន​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​បរទេស ​និង​ចាប់​បាន​ជន​ប្រព្រឹត្ត​មួយ​ចំនួន៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG