ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា ​និង​ចិន​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​មូលដ្ឋាន​រាម ដែល​កំពុង​ចម្រូង​ចម្រាស​រឿង​ចិន​ប្រើ​ប្រាស់​សម្រាប់​កងទ័ព


ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang Wentian និង​​លោក ទៀ បាញ់ អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា និងផែសំចត ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ (Cambodia's Fresh News via AP)

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ បាន​ចូលរួម​ពិធី​បើក​ការដ្ឋាន​សាង​សង់​សំណង់​នានា​នៅ​មូលដ្ឋាន​បញ្ជា​ការ​ដ្ឋាន​កងទ័ព​រាម ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន និង​សាងសង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។ ប៉ុន្តែ​ការ​សាង​សង់​សំណង់​ថ្មី និង​ការ​ធ្វើ​ទំនើប​កម្មផ្សេងៗ​ក្នុង​បញ្ជាការដ្ឋាន​កងទ័ព​រាម​នេះ ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​ ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋអាមេរិក​ថា​ចិន​នឹង​ប្រើប្រាស់​មូលដ្ឋាន​នេះ​សម្រាប់​ពង្រីក​អំណាច​របស់​ខ្លួន ដែល​រដ្ឋមន្រ្តី​ការពារ​ជាតិ​កម្ពុជា និង​ភាគី​ចិន​បាន​ច្រាន​ចោល។

នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ទូត​នានា ក្នុង​នោះ​ក៏​មាន​មន្រ្តី​សហរដ្ឋអាមេរិក​ផង​ដែរ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​ថាកម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​បញ្ជា​ការដ្ឋាន​រាម ដែល​លោក​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទល់​នឹង​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​ផង​ដែរ។ ប៉ុន្តែ​លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​មូលដ្ឋាន​រាមដែល​ធ្វើ​ទំនើប​កម្ម​ ដោយ​អ្នក​ជំនាញ​ចិន​នេះ មិន​មែន​ធ្វើ​ឡើង ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់។

លោក​ថ្លែង​ថា៖ «កម្ពុជា​គ្មាន​ចេតនា​បង្ក​ការ​គំរាម​កំហែង​ដល់​បណ្តា​ប្រទេស​ណា​មួយ​ ហើយ​កម្ពុជា​ក៏​មិន​ដែល​ជំទាស់​រាល់​ការ​ចូលរួម​អភិវឌ្ឍ​សមត្ថភាព​កង​ទ័ព​របស់​ប្រទេស​ដទៃ​នោះ​ឡើយ។ កម្ពុជា​គ្រាន់​តែ​ចង់​លើក​កម្រិត​សមត្ថភាព​ការពារ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ធានា​បាន​ភាព​ទប់​ទល់ ​នឹង​សម្ពាធ​ និង​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន»។

ភាគី​កម្ពុជា និង​ចិន មិន​បាន​បង្ហាញ​ពី​ទំហំ​ទឹក​ប្រាក់​នៃ​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​ឡើយ។ គម្រោង​ធ្វើ​ទំនើបកម្ម ដែល​មាន​ការ​សាងសង់​ថ្មី និង​ជួស​ជុល​ផង​នោះ នឹង​ប្រើ​រយៈ​ពេល​២៤​ខែ។ នេះ​បើ​តាម​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនា​យក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​នៃក្រសួង​ការពារជាតិ។ លោក​ឱ្យ​ដឹង​ថា​សំណង់​ដែល​ត្រូវ​សាង​សង់​ថ្មី មាន​ដូច​ជា​អគារ​ប្រជុំ អគារ​បុគ្គលិក អគារ​ជួសជុល កន្លែង​កីឡា អាហារដ្ឋាន ផែ​សំចត​នាវា​ថ្មី​ពីរ​កន្លែង​សម្រាប់​នាវា​ធុនមធ្យម​ ស្តារ​ឃ្លង​ដែល​នៅ​រាក់​នៅ​ឡើយ រៀប​ចំ​ប្រព័ន្ធ​ទឹក អគ្គិសនី លូ និង​កន្លែង​ស្តុក​ប្រេង​ឥន្ធនៈ​សម្រាប់​ឧទ្ធម្ភាគចក្រ​ជា​ដើម។

លោក​ ចៅ​ ភិរុណ បញ្ជាក់​ថា​ការ​ធ្វើ​ទំនើប​កម្ម​នេះ​«មិន​សម្រាប់​បម្រើឱ្យ​ផល​ប្រយោ​ជន៍​ផ្សេងៗ​ដែល​ជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​ប្រទេស​ជិត​ខាង ឬ​នៅក្នុង​តំបន់​ឡើយ»។

កាល​ពី​ចុង​ឆ្នាំ​២០២១ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក និង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មកលើ​នាយ​ឧត្តមសេនីយ៍​កំពូលៗ​២រូប​របស់​កម្ពុជា រួមមាន​នាយ​ឧត្តមសេនីយ៍​ ចៅ ភិរុណ​ និង​នាយឧត្តម​នាវី ​ទៀ វិញ​ មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ ​ឱ្យ​ស្ថិត​នៅក្នុង​បញ្ជី​ខ្មៅ​នៃ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​លើ​ឧត្តម​សេនីយ៍​យោធា​ទាំង​ពីរ​រូប​នេះ គឺ​យោង​ទៅ​លើការ​អភិវឌ្ឍតំបន់​កងទ័ព​ជើង​ទឹក​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​សហរដ្ឋ​អាមេ​រិក​មិន​សប្បាយ​ចិត្ត​នឹង​ការ​វាយ​បំផ្លាញ​ចោល​អគារ​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា។

មុន​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​នេះ កាសែត The Washington Post បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ថា​ចិន​កំពុង​សាង​សង់​ទីតាំង​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​មួយ​ដោយ​សម្ងាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់ប្រើប្រាស់​ផ្ដាច់​មុខ​ឱ្យ​កង​ទ័ព​របស់​ខ្លួន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​បដិសេធ​ជុំវិញ​រឿង​នេះ។

សារព័ត៌មាន ​The Washington Post បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​អាមេរិកាំងក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​តែ​វា​ជា​បញ្ហា​ដ៏​រសើប​ថា​ការ​បង្កើត​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប៉ុស្តិ៍​យោធា​ជួរ​មុខ​នៅ​ក្រៅ​ប្រទេស​របស់​ចិន​ទី​២​ ហើយ​ជា​ប៉ុស្តិ៍​ជួរ​មុខ​ទី​មួយ​នៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដ៏​សំខាន់​របស់​ខ្លួន​នោះ ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​បង្កើត​បណ្តាញ​ទីតាំង​យោធា​នៅ​ជុំវិញ​ពិភព​លោក​ ដើម្បី​គាំទ្រ​គោល​បំណង​របស់​ខ្លួន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​លើ​ពិភព​លោក​មួយ​ដ៏​ពិត​ប្រាកដ។

សារព័ត៌មាន​អាមេរិកាំង​នេះបាន​ដក​ស្រង់​សម្តី​មន្ត្រី​ប្រទេស​លោក​ខាង​លិច​មួយ​រូប​ថា៖ «យើង​វាយ​តម្លៃ​ថា​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​ជា​ទី​តាំង​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ​នៃ​ប្រទេស​ចិន​ដែល​បាន​មើល​ឃើញ​តំបន់​នេះ​ថា ជាទី​តាំង​ប្រវត្តិ​សាស្ត្រ​ដ៏​ត្រឹម​ត្រូវ និង​ស្ថិត​នៅ​ក្នុង​រង្វង់​កណ្តាល​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ គេ​មើល​ឃើញ​ការ​ពង្រីក​ខ្លួន​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ ជា​ផ្នែក​មួយ​នៃ​និន្នាការ​ជា​សាកល ដើម្បី​ឆ្ពោះ​ទៅ​រក​ពិភពលោក​ដែល​មាន​ប៉ូល​ចម្រុះ​ដែល​ប្រទេស​មហា​អំណាច​នានា នឹង​ដាក់​បញ្ចូល​ផល​ប្រយោជន៍​របស់​គេ​ដើម្បី​ពង្រីក​នូវ​ឥទ្ធិពល​របស់​ខ្លួន»។

នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) អះអាង​ថា​កម្ពុជា​និង​ចិន​ គឺជា​មិត្ត​ដែក​ថែប ហើយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ការធ្វើ​ទំនើប​កម្ម​នេះ​ គឺ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​មិន​រំលោភ​បំពាន​នូវ​ច្បាប់​អន្តរជាតិ​ណា​មួយ​ឡើយ។

លោក​បញ្ជាក់តាម​រយៈ​អ្នក​បកប្រែ​ថា​៖ «ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា​ប្រទេស​ខ្លះ​ឃោសនា​បំប៉ោង និង​លាប​ពណ៌​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​ការប្រាស្រ័​យ​ទាក់ទង​គ្នា​ប្រក្រតី​រវាង​ចិន​និង​កម្ពុជា។ យក​លេស​ប្រជាធិបតេយ្យ ដាក់​ទណ្ឌកម្ម​ឯកតោ​ភាគី​ស្រេច​តែអំពើ​ចិត្ត។ ប្រើ​អំណាចយុត្តាធិការ​ហួស​ព្រំ​ដែនយ៉ាង​គឃ្លើន ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​យ៉ាង​កំរោល។ យើង​ខ្ញុំ​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​ទាំង​អស់​នេះ»។

នៅ​ក្នុង​ពិធី​បើ​ក​ការ​ដ្ឋាន​នោះ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​ថា​ក្រោយ​ពី​ការ​ដ្ឋាន​ត្រូវ​បាន​សាង​សង់​រួច​រាល់​ជា​ផ្លូវ​ការ គឺ​កម្ពុជា​លែងឱ្យ​ជន​បរទេស​ណា​មួយ​ចេញ​ចូល ​ឬ​ក៏​ត្រួត​ពិនិត្យ​ហើយ​ដោយ​លោក​ថា​នេះ​ជា​សិទ្ធិ​ ហើយ​ក៏​ជា​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ឆ្លៀត​ពេល​ថ្ងៃ​នេះ​ខ្ញុំ​ថា​អញ្ជើញ​ទាំង​អស់។ ​នរណា​ដែល​មាន​បំណង​ចង់​មក ​អញ្ជើញ​ទាំង​អស់។ មក​ចុះៗ! អញ្ជើញ​ទាំងអស់។ តែ​ទៅ​មុខ​ទៀត ពេល​ដែល​ការ​ដ្ឋាន​ដើរ​ហើយ ​គឺ​ប្រហែល​ជា​វា​ចូល​មក​ទី​នេះ​ពិបាក​ទៀត។ ព្រោះ​អ្វី?​រឿង​នេះ​និយាយ​គ្នា​ឱ្យ​ច្បាស់​លាស់​បន្តិច​ដែរ​ ព្រោះ​អី​គឺ​ការ​ងា​រ​បច្ចេក​ទេស​ ឬ​និយាយ​មួយ​ម៉ាត់​ថា​បច្ចេកទេស​យោធា​ទៀតសោត គឺ​ហាក់​ដូច​ជា​មិន​មាន​ការ​ចាំ​បាច់​ ត្រូវ​មក​ឧទ្ទេស​នាម​បង្ហាត់​បង្ហាញ​ថា​ខ្ញុំ​ត្រូវ​ដាក់​មីស៊ីល​នៅ​កន្លែង​នេះ ខ្ញុំ​ត្រូវ​ដាក់​កាំ​ជ្រួច​នៅ​កន្លែង​នេះ ឬ​ដាក់​រោង​ជាង​កន្លែង​នេះ​ ឃ្លាំង​ខ្ញុំ​របៀប​នេះ​ ហាក់​ដូច​ជា​មិន​ចាំ​បាច់​ដល់​ថ្នាក់​ហ្នឹង​ទេ»។

អ្នកស្រី Stephanie Arzate អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែលនៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​សម្រាប់​វត្តមាន​កង​ទ័ព​ចិន «អាច​គំរាម​ដល់​ស្វ័យភាព​របស់​កម្ពុជា និង​ធ្វើ​ឱ្យ​ចុះ​អន់​ខ្សោយ​នៃ​សន្តិសុខ​តំបន់»។ អ្នកស្រី​បន្ថែម​ថា​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​កង្វះ​តម្លាភាព​នៃ​គោលបំណង​នៃ​ការ​ធ្វើ​ទំនើបកម្ម លក្ខណៈ​និង​ទំហំ​នៃ​គម្រោង​មួយ​នេះ និង​តួនាទី​របស់​យោធា​ចិន​ក្នុងការ​ស្ថាបនា និង​ការ​ប្រើប្រាស់​របស់​ចិន​លើ​សំណង់​ទាំង​នោះ៕

XS
SM
MD
LG