ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដាក់ដំណើរការប្រព័ន្ធតាមដានការបាញ់មីស៊ីលរបស់កូរ៉េខាងជើង


រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បង្ហាញរូបលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង និងកូនស្រី ឈរមើលការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ (KCNA VIA KNS / AFP)
រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បង្ហាញរូបលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង និងកូនស្រី ឈរមើលការបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ (KCNA VIA KNS / AFP)

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ពួកគេ​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​មួយ​ដើម្បី​តាមដាន​និង​វាយតម្លៃ​លើ​ការបាញ់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​តាម​ពេល​ជាក់ស្ដែង និង​បាន​បង្កើត​ផែនការ​សមយុទ្ធ​យោធា​ត្រីភាគី​ពហុ​ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ដាច់​ដោយ​ឡែក​ពី​នេះ មន្ត្រី​ផ្នែក​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ទាំង ៣ បាន​ជួប​ប្រជុំ​គ្នា​តាម​វីដេអូ​អនឡាញ​អំពី​ការ​រារាំង​សកម្មភាព​តាម​អ៊ីនធឺណិត​ខុស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​បញ្ជូន​ថវិកា​ទៅ​កាន់​កម្មវិធី​អាវុធ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol។

កូរ៉េ​ខាងជើង​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ខ្លួន​បាន​សាកល្បង​បាញ់មីស៊ីល​ឆ្លង​ទ្វីប (ICBM) ថ្មី​បំផុត​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​វាស់វែង​លើ​ការត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​សង្គ្រាម​របស់​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ប្រឆាំង​នឹង​អរិភាព​កើនឡើង​របស់​សហរដ្ឋ​អាមេរិក។ កូរ៉េ​ខាង​ជើង​លើកឡើង​ដូច្នេះ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ប្រព័ន្ធ​ចែកចាយ​ទិន្នន័យ​មីស៊ីល​តាម​ពេល​ជាក់ស្ដែង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim jong Un បាន​មើល​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប Hwasong-18 នេះ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ឯ​ទីតាំង​ផ្ទាល់​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋធានី​ព្យុងយ៉ាង។ មីស៊ីល​នេះ​មាន​រយៈ​កម្ពស់ ៦.៥១៨ គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ ១.០០២ គីឡូម៉ែត្រ និង​បាន​បុក​ចំ​ផ្ទៃ​សមុទ្រ​ទទេ​ដែល​ជា​គោលដៅ​កំណត់​ទុក​ដោយ​មិន​ខុស។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង។

លោក Kim បាន​និយាយ​ថា ការ​បាញ់​មីស៊ីល​នេះ​បាន​បញ្ជូន «សញ្ញា​យ៉ាង​ច្បាស់​ទៅ​កាន់​កង​កម្លាំង​សត្រូវ ដែល​បាន​ពង្រីក​អារម្មណ៍​រំជើបរំជួល​ឆ្កួត​លីលា​របស់​ខ្លួន​ក្នុង​ការ​ប្រឈម​មុខ​ផ្នែក​យោធា​ដ៏​ព្រហើន» ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ KCNA របស់​កូរ៉េ​ខាង​ជើង។

លោក Kim បាន​បន្ថែម​ថា ការ​សាកល្បង​នេះ «បាន​បង្ហាញ​អំពី​ឆន្ទៈ​របស់​កូរ៉េ​ខាង​ជើង​សម្រាប់​ការ​តបត​ទៅ​វិញ​ដ៏​ស្វិតស្វាញ​បំផុត​និង​អានុភាព​ខ្លាំងក្លា​មិន​ធម្មតា​របស់​ខ្លួន»៕

XS
SM
MD
LG