ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​និស្សិត​ខ្មែរ​នៅ​អាមេរិក ទទូច​ឲ្យ​តុលាការ​បង្ហាញ​វីដេអូ​ឃាតកម្ម​សម្លាប់​​លោក កែម ឡី​ មុន​ខួប​៤ឆ្នាំ


រូបឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/វីអូអេ)

បីថ្ងៃ​មុន​ខួប​បួន​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក កែម ឡី ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ក្នុង​សហរដ្ឋ​អាមេរិក ទទូច​ឲ្យ​តុលាការ​បង្ហាញ​វីដេអូ​ឃាតកម្ម​សម្លាប់​​លោក កែម ឡី។

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ទទូច​ឲ្យ​តុលាការ​ខ្មែរ​បង្ហាញ​ជា​សាធារណៈ​នូវ​វីដេអូ ​ដែល​គេ​ថត​បាន​អំពី​សកម្មភាព​សម្លាប់​លោក ​កែម ឡី ​ដើម្បី​អ្វី​មួយ​ដែល​ក្រុម​និស្សិត​នេះ​ហៅ​ថា​ ជា​ការ​«ស្តារ​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌​និង​កិត្តិយស​រដ្ឋាភិបាល​កម្ពុជា»។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​៣​ថ្ងៃ​ មុន​គម្រប់​ខួប​៤​ឆ្នាំ​នៃ​ហេតុ​ការណ៍​ឃាតកម្ម​ទៅ​លើ​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​មាន​ប្រជា​ប្រិយភាព នៅស្តារម៉ាត​ ស្តុប​បូកគោ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ។​

លោក​ ទូច វិបុល​ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​នេះ​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៧​ខែ​កក្កដា​នេះ​ថា៖​ «តុលាការ​ត្រូវ​មាន​សេចក្តី​ក្លាហាន​បង្ហាញ​អង្គ​ចងចាំ​នៃ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្តាម៉ាត​ ស្តុបបូកគោ...រយៈ​ពេល​២៤​ម៉ោង​ពេញ​ក្នុង​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ចំ​ថ្ងៃ​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត​កែម ឡី»។​

ភ្លាមៗ ​ ក្រោយ​ឃាតកម្ម​សម្លាប់​លោក កែម ឡី អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ​អឿត​ អាង ហៅ«ជួប សម្លាប់» ដែល​បាន​សារភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ ហើយ​ដែលក្រោយ​មក​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ប៉ុន្តែ ​មនុស្ស​ជាច្រើន​រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ​កែម ឡី​ផង​ និយាយ​កន្លង​មក​ថា​ ​បុរស​ដែល​មាន​រហស្សនាម​ថា​ជួប សម្លាប់​នោះ​គឺ​គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត​តែ​ប៉ុណ្ណោះ។​

ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​លើក​ឡើង​ថា៖ «ការណ៍​ពិត លោក ​អឿត អាង ​គឺ​ជា​ជន​រង​គ្រោះ​ដែល​អ្នក​រៀបចំ​ឃាតកម្ម​ប្រើប្រាស់​តែ​ប៉ុណ្ណោះ»៕

XS
SM
MD
LG