ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​សម្តែង​កង្វល់​ចំពោះ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​អ្នក​ប្រារព្ធ​ខួប​នៃ​ការ​សម្លាប់​លោក​កែម ឡី


លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិ​ក​នៅ​ថ្ងៃ​នេះ បាន​សម្តែង​កង្វល់​របស់​ខ្លួន​លើការ​ចាប់​ និង​ឃុំខ្លួន​​បុរស​​ពីរនាក់​​ដោយ​សារ​ពួក​គេ​បាន​ចូលរួម​រំឭក​ខួប​នៃ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​លោក​កែម ឡី ដោយ​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ​មាន​ចរឹត​នយោបាយ។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ចន្ទនេះ​ បានសម្តែង​កង្វល់​របស់ខ្លួន​ចំពោះ​ការ​ចាប់​ខ្លួន​បុរស​ពីរ​នាក់​កាល​ពី​សប្តាហ៍​មុន​ ក្រោយ​ពី​ពួកគេ​បាន​ចូល​រួម​រំឭក​ខួប​បី​ឆ្នាំ​នៃ​ឃាតកម្ម​លើលោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​ល្បាញ​មួយ​រូប​របស់​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​តាម​សារ​អេឡិក​ត្រូនិក​ឬ​អ៊ីម៉ែល ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃនេះ​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​គូស​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការណ៍​ដែល​រដ្ឋាភិបាល​បន្ត​ប្រើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​មាន​លក្ខណៈ​នយោបាយ​ដើម្បី​យាយី​ពលរដ្ឋ​របស់​ខ្លួន ដែល​រួម​មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ដោយ​សន្តិ​វិធី»។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​គូស​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ «គួរតែ​អាច​អនុវត្ត​សិទ្ធិ​របស់​គេ ក្នុង​ការ​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី និង​ក្នុង​ការ​ធ្វើ​ការ​ប្រមូល​ផ្តុំគ្នា​ដោយ​សន្តិ​វិធី»។ ក្នុង​សារ​ដដែល​នេះ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​រំឭក​ថា៖ «យើង​តែងតែ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹតត្បិត​នយោបាយ​ដ៏​ហួសហេតុ ទៅ​លើ​មនុស្ស​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់ ហើយ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន»។

កាលពី​សប្តាហ៍​មុន​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​បុរស​ពីរ​នាក់​គឺ​លោក​ គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​ដោយ​សារ​ពួក​គេ​បាន​ចូល​រួម​រំឭក​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់លោក​កែម ឡី។ បទ​ចោទ​ដែល​អាច​ឲ្យ​បុរស​ទាំងពីរនាក់​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៦​ខែ​ដល់​២​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ ថាពួកគេ​មាន​ពិរុទ្ធ​ភាព​នោះ។ បុរស​ជាប់​ចោទ​ទាំង​ពីរ​រូប​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស។

លោក ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ការ​ពារ​វិធានការ​របស់​អាជ្ញាធរ​ក្នុងការ​ចាប់​ខ្លួន​បុរស​ទាំងពីរ​ ដោយ​ថ្លែង​តប​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ដោយ​លើក​ឡើង​ថា៖

«ជា​ការ​ល្អ​សហរដ្ឋ​អាមេរិក​គួរតែ​ធ្វើ​ការ​ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​ ប្រសិនបើ​ខ្លួន​យល់​ឃើញ​ថា​ អ្នក​ទាំង​អស់នោះ​មិន​បាន​ប្រព្រឹត្ត​នូវ​កំហុស​តាម​អ្វី​ដែល​គេចោទ​ ដើម្បី​ការពារ​អ្នក​ទាំង​អស់​នោះ​តាមផ្លូវ​តុលាការ​ ជា​ការ​ប្រសើរ​ជាង។ ឬមួយ​ក៏​ជួយ​ប្រាប់​ ណែនាំ​ទៅ​អង្គការ​ចាត់​តាំង​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំង​អស់​នោះ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​ប្រកប​ដោយ​ចេតនា​ទុច្ចរិត​ និង​មាន​ការ​ញុះញង់​ ដើម្បី​បង្ក​ឲ្យមាន​អស្ថិរភាព​ ឬ​ក៏​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ​បាទ»។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​អធិប្បាយ​ក្រោយ​ការ​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា​ និង​លោក សួង នាគព័ន្ធ ថា «ការ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ និង​ការ​បញ្ចេញ​មតិ​ ត្រូវ​តែ​កំណត់​ព្រំដែន និង​កំណត់​និយម​ន័យ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ឥរិយាបថ​ ឬ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ដល់​ឥស្សរជន​សាធារណៈ​ មិន​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​បែប​នេះ​ឡើយ»។

ចំណែក​ក្រុម​អង្គការ​សមាគម​ក្នុង​ស្រុក​ចំនួន​៨៧ ​រួមមាន​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ស្នើ​សុំ​ឱ្យ​ដោះលែង​លោក គង់ រ៉ៃយ៉ា​ និងលោក​ សួង នាគព័ន្ធ​ ឱ្យ​បាន​ឆាប់រហ័ស​ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​ពីរ។

យ៉ាងណា​ក៏ដោយ​ លោក សំ សុគង់ មេធាវី​ការពារ​ក្តី​លោក​ គង់​ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ បាន​ប្រាប់ ​VOA ​ថា​ លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីឲ្យ​កូន​ក្តី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ក្នុង​សប្តាហ៍​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG