ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ពីរ​រូប​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ក្រោយ​ពី​រំឭក​​ខួប​នៃ​ការ​សម្លាប់​លោក​ កែម ឡី


លោកសួង នាគព័ន្ធ អ្នកគាំទ្រលោកកែម ឡី និយាយពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នៅក្បែរម៉ាតនៃស្ថានីយ៍ប្រេងសាំងកាល់តិច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
លោកសួង នាគព័ន្ធ អ្នកគាំទ្រលោកកែម ឡី និយាយពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នៅក្បែរម៉ាតនៃស្ថានីយ៍ប្រេងសាំងកាល់តិច ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

​បុរស​វ័យ​កណ្តាល​ពីរ​នាក់​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ពីរ​បទ​ញុះញង់​បង្ក​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ដូច​គ្នា​ ​បន្ទាប់​ពី​បុរស​ទាំង​ពីរ​រូប​ធ្វើ​សកម្ម​ភាព​ទាក់​ទង​ទៅ​នឹង​ការ​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​លោក​បណ្ឌិត​កែម ឡី។

លោក​គង់ រ៉ៃយ៉ា ​អាយុ២៨​ឆ្នាំ​ និង​លោក​សួង នាគព័ន្ធ​ អាយុ​២៩​ឆ្នាំ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ក្រោយ​ពីបុរស​ទាំង​ពីរ​រូប​នេះបាន​ប៉ុន​ប៉ង​ធ្វើ​សកម្មភាព​ទាក់​ទិន​ទៅ​នឹង​ការរំឭក​វិញ្ញាណក្ខន្ធ​ឧទ្ទិស​ដល់​ខួប​គម្រប់​៣​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត​កែម ឡី ​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ចោទ​ប្រកាន់​បុរស​ទាំង​ពីរ​នេះ​គឺ​ផ្អែក​តាម​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ បទ​ចោទ​នេះអាច​ឲ្យ​ពួកលោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក​មាន​ពិរុទ្ធ​ភាព។​

លោក​គង់ រ៉ៃយ៉ា​ ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អះអាង​ថា​ ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​ភរិយា​របស់​លោក​ និង​សាច់ញាតិ​របស់​លោក​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត។​ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ ដោយ​សារ​តែ​ពួក​លោកបាន​ប្រកាស​លក់​អាវយឺត​មាន​ភ្ជាប់​រូបថត​អ្នកវិភាគ​នយោបាយ​លោក​កែម ឡី​ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

នៅ​ផ្នែក​ខាង​ក្រោយ​នៃ​អាវ​យឺត​នោះមានសរសេរ​សម្រង់​សម្តី​លោក​កែម ឡី​ថា៖​ «បើ​អ្នក​មិន​ធ្វើអ្វី​សោះ​ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។​

ដោយ​ឡែក​លោក​សួង នាគព័ន្ធ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​ដែល​លោក​ព្យាយាមចែក​ខិត​ប័ណ្ណ​ដែល​មាន​ខ្លឹម​សារ​ស្នើ​ឲ្យ​បញ្ឈប់​«ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ»​ ដើម្បីរំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច​ ស្តុប​បូកគោ​ ​ជាទី​ដែល​អ្នកវិភាគ​រូប​នេះ​ត្រូវ​ធ្វើ​ឃាត​ដោយ​ខ្មាន់​កាំភ្លើង​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​

លោក​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) មាន​ប្រសាសន៍​ថា​ ការ​ចោទ​ប្រកាន់​ខាង​លើ​គឺ​ជា​ការ​បំភិត​បំភ័យ​ដល់​អ្នក​គាំទ្រ​សព​លោក​បណ្ឌិត​កែម ឡី។​

«ការចាប់​នេះ​ វា​ជាការ​គំរាម​កំហែង​ បំភិត​បំភ័យ​ទៅ​លើ​យុវជន​ ឬ​ក៏​ទៅ​លើ​អ្នក​ដែល​គាំ​ទ្រ​ ស្រឡាញ់លោក​បណ្ឌិត​កែម ឡី​ ហ្នុង​ទេ​ ហើយ​អ្វី​ដែល​សំខាន់​ ​ការ​ចាប់​ខ្លួន​ ការ​ចោទ​ប្រកាន់​ វា​ជា​ការ​បំបិទសិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ​បាទ»។​

លោក​ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ អធិប្បាយ​ដោយ​ផ្តោត​លើ​ករណី​លោក​គង់ រ៉ៃយ៉ា។​

«គោល​បំណង​នៃ​លោក​គង់ រ៉ៃ​យ៉ា ហ្នឹង​មិន​មែន​ជា​គោល​បំណង​នៃ​ការ​ប្រព្រឹត្ត​នៃ​បទ​ល្មើសឧក្រិដ្ឋ​អាទិ៍​អី​ទេ​ បើ​យើង​មើល​ក្នុង​សារ​ខ្លឹម​សារ​ដែល​លោក​បោះ​ពុម្ព​នៅ​លើ​អាវ​យឺត​ ឬ​ក៏​លោក​ផ្សព្វផ្សាយ​នៅ​តាម​បណ្តាញ​សង្គម​ជា​សាធារណៈ»។​

ចំណែក​ឯ​សេចក្តី​ថ្លែង​ការណ៍របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរនៅ​ថ្ងៃ​នេះ​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​លើ​លោក​សួង នាគព័ន្ធ​ «មិន​សម​ហេតុ​ផល»​ និង​ជា​ការ​បំបិទ​សេរីភាព​ក្នុង​សកម្ម​ភាព​នយោបាយ​និង​សិទ្ធិ​បញ្ចេញ​មតិ។​

កាល​ពីថ្ងៃ​ពុធ​ ក្រុម​មន្ត្រី​អង្គការ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង និង​ក្បែរ​ហាង​ម៉ាតរបស់​ស្ថានីយ៍​ប្រេង​សាំង​កាល់​តិច​ ស្តុប​បូកគោ ​ក្នុង​ខណ្ឌ​ចំការ​មន​ ក្នុង​គោល​បំណង​ធ្វើ​ពិធី​សាសនា​ គោរព​វិញ្ញាណ​ក្ខន្ធ​លោក​កែម ឡី​ ដើម្បីរំឭក​ខួប​ឆ្នាំ​ទី​៣​នៃ​ការ​បាញ់​សម្លាប់​រូប​លោក។​ តែការ​ជួបជុំ​នោះ​ត្រូវ​បាន​បំបែក​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ។​មនុស្ស​ចំនួន​ប្រាំ​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន។​ ប៉ុន្តែ​មនុស្ស​ប្រាំ​នាក់ត្រូវ​បាន​ដោះ​លែង​មក​វិញ ​ក្នុង​នោះ​រួម​មាន​ ភរិយា​លោក​គង់ រ៉ៃយ៉ា ​និង​សាច់​ញាតិ​ពីរ​នាក់​ផ្សេង​ទៀត​ និង​បងប្អូន​ភ្លោះ​លោក​ជុំ ហួត​ និង​លោក​ជុំ ហួ។ អ្នក​ទាំង​នេះ​ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​ពួកគេយល់​ព្រមធ្វើកិច្ច​សន្យា​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច។​

លោក​គង់ រ៉ៃយ៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាល​ពី​ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ ក្រោយ​ពីរូប​លោក​បាន​ប្រកាស​ឲ្យ​សាធារណ​ជន​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន៕

XS
SM
MD
LG