សមាជិកសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់បានចូលរួមប្រារព្ធខួបលើកទី៣នៅថ្ងៃអាទិត្យនេះដើម្បីរំលឹកដល់ការធ្វើឃាតលោកបណ្ឌិតកែម ឡី អតីតអ្នកវិភាគនយោបាយនិងសង្គមដោយទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យនិងបានប្តេជ្ញាចិត្តជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិតកែមឡី បានថ្លែងប្រាប់ដល់អ្នកចូលរួមជាច្រើនរយនាក់នៅវត្តពុទ្ធរង្ស៊ី ហៅវត្តធំក្នុងរដ្ឋវិកតូរៀថា អ្នកស្រីនឹងបន្តបេសកកម្មរបស់ស្វាមីរហូតដល់ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកស្រីប៊ូ រចនា បានបន្ថែមថា៖
«នាងខ្ញុំបានប្រែក្លាយទុក្ខសោកនេះមកជាការព្យាយាមបេសកកម្មរបស់គាត់ដែលទូន្មានខ្មែរយើងដូចអ្វីដែលគាត់បានផ្តាំគឺជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត។ បណ្តាំនេះគឺជាការឆ្លុះបញ្ចាំងនូវបំណងរបស់គាត់ដែលចង់ឱ្យមានការផ្លាស់ប្តូរក្នុងរបបតិរច្ឆាន យង់ឃ្នងបច្ចុប្បន្នហើយទៅខាងមុខទៅជាការបង្កើតរដ្ឋាភិបាលពិតប្រាកដនៅប្រទេសកម្ពុជា»។
លោកស្រីប៊ូ រចនាក៏បានស្នើពលរដ្ឋឱ្យប្រែឈ្មោះ«ស្តុបបូកគោ»ទីដែលលោកកែម ឡីត្រូវបានធ្វើឃាតកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦មកហៅថា«ស្តុបកែម ឡី»វិញដើម្បីជាការរំលឹកដល់វីរភាពរបស់គាត់។
លោកកែម ឡីត្រូវបានឃាតករបាញ់សម្លាប់ពេលកំពុងតែទទួលទានកាហ្វេនៅ ការ៉ាស់សាំងកាលតិចស្តុបបូកគោ។ រហូតដល់ពេលនេះមានតែមនុស្សតែម្នាក់គត់ដែលអាជ្ញាធរបានចាប់ខ្លួនហើយតុលាការបានកាត់ទោសឱ្យជាប់គុកមួយជីវិត។
ពិធីបុណ្យខួបឆ្នាំនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរអូស្ត្រាលី រួមជាមួយនឹងសមាគមខ្មែររដ្ឋវីកតូរៀ ហើយមេដឹកនាំសហគមន៍ក៏បានទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យលើការធ្វើឃាតលោកបណ្ឌិតកែម ឡីផងដែរ។
លោកតាក់ ម៉េងហ៊ាង សមាជិករដ្ឋសភាប្រចាំរដ្ឋ Victoria បានបញ្ជាក់ប្រាប់អ្នកចូលរួមថាសហគមន៍ខ្មែរត្រូវតែខិតខំប្រឹងប្រែងធ្វើម៉េចកុំឱ្យវីរភាពរបស់លោកកែមឡីត្រូវបានបំភ្លេច កុំឱ្យឃាតករពិតប្រាកដត្រូវបានគេបំភ្លេចផងដែរ»។
លោកតាក់ ម៉េងហ៊ាង បានបន្ថែមថា៖ «ដូច្នេះហើយថ្ងៃនេះយើងមកជួបជុំគ្នានេះគឺខ្ញុំសូមចូលរួមជាមួយនឹងបងប្អូនខ្មែរយើងទាំងអស់ដើម្បីទាមទាររកយុត្តិធម៌ពិតប្រាកដ រកប្រជាធិបតេយ្យពិតប្រាកដ»។
លោកបណ្ឌិតកែម ឡីគឺជាអ្នករិះគន់យ៉ាងខ្លាំងលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនហើយតែងតែធ្វើបទវិភាគតាមបណ្តាញឃោសនានិងវេទិការសាធារណៈលើបញ្ហាពុករលួយ ការកាប់បំផ្លាញព្រៃឈើ អយុត្តិធម៌សង្គម ជនអន្តោប្រវេសន៍និងបូរណភាពទឹកដី។
លោកជា យូហ៊ន ប្រធានសមាគមខ្មែរបានរំលឹកថាលោកកែម ឡី គឺមិនមែនជាជនរងគ្រោះតែម្នាក់ទេដែលបានបាត់បង់ជីវិតដោយសារតែហ៊ាននិយាយការពិតនៅប្រទេសកម្ពុជា។ ក្នុងពេលកន្លងមកមានជនរងគ្រោះដទៃទៀតដែលមានលោកឈុត វុទ្ធីសកម្មជនការពារព្រៃឈើនិងសកម្មជនការពារសិទ្ធិកម្មករដទៃទៀតដូចជាលោកជា វិជ្ជាជាដើម ដោយហេតុនេះហើយពលរដ្ឋខ្មែរមិនត្រូវបំភ្លេចវីរភាពអ្នកទាំងនោះឡើយ៕