ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ប្រារព្ធ​ខួប​ទី​៣​នៃ​ការធ្វើ​ឃាត​លោក​បណ្ឌិត​កែម ឡី


ក្រុមពលករចំណាកស្រុក ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។
ក្រុមពលករចំណាកស្រុក ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។

លោក​ពេញ ពណ្ណរាយ ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​បាន​រំលឹក​ដល់​ការ​ដាស់​តឿន​របស់​លោក​បណ្ឌិត​កែម ឡី​ ឱ្យ​ពលរដ្ឋ​និយាយ​ការពិត​ ដោយ​កុំ​និយាយ​ការពារ។

ក្រុម​ពលករ​ខ្មែរនៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រារព្ធ​ខួប​លើក​ទី​៣ ​ដើម្បី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី ​អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម​ ដែល​បាន​ជួយ​បណ្តុះ​គំនិត​នយោបាយ​និង​ការ​ស្រឡាញ់​សង្គម​ដល់​ពួកគេ​ ហើយ​បាន​ប្តេជ្ញា​ជួយ​ទាមទារ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​នៅក្នុង​ប្រទេស​កម្ពុជា។

​ក្រុម​ពលករ​ជាង​៣០០​នាក់​បាន​មក​ជួបជុំ​គ្នា​នៅ​ភោជនីយដ្ឋាន​រាត្រី​មួយ នៅ​ទីក្រុង​ស៊ូវ៉ុន ​ដែល​មាន​ចម្ងាយ​ប្រហែល​៤០គីឡូម៉ែត្រ​ ពី​ទីក្រុង​សេអ៊ូល​ នៅថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ធ្វើ​ពិធី​គោរព​បូជា​តាម​បែប​ព្រះពុទ្ធ​សាសនា​និង​បែប​សាកល​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល​កូរ៉េ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ផង​ដែរ។ ពួកគេ​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​រួបរួម​គ្នា​រវាង​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​បាត់​បង់​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ស សុខេម ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ លោក​ចង​ចំា​ដល់​ប្រសាសន៍​របស់​លោក​កែម ឡី​ ដែល​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឱ្យ​ «ជូត​ទឹកភ្នែក​រួចបន្ត​ដំណើរ​ទៅមុខ​ទៀត‍» ដែល​លោក​ចាត់​ទុក​ថា​ជា​ការបំផុស​ទឹកចិត្ត​ និង​ពង្រឹង​ខ្លួន​ធ្វើការ​ដើម្បី​សង្គម​ជាតិ​ដោយ​មិន​ឈរ​កើត​ទុក្ខ​ជា​រៀងរហូត។

លោក​ស សុខេម ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ (បន្ទាប់ឆ្វេង) និងលោក ពេញ ពណ្ណរាយ ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង (បន្ទាប់ស្តាំ) ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។
លោក​ស សុខេម ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ (បន្ទាប់ឆ្វេង) និងលោក ពេញ ពណ្ណរាយ ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង (បន្ទាប់ស្តាំ) ចូលរួមពិធីបុណ្យគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានរៀបចំឡើងដោយចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង។

លោក​បណ្ឌិត​ កែម ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ស្ថានីយ​ប្រេងសាំង​កាលតិច​បូកគោ​ ក្នុង​រាជធានី​ភ្នំពេញ​ ពេលដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ។ លោក​ជា​អ្នក​រិះគន់​ខ្លាំងៗ​ដល់​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​តែងតែ​ធ្វើ​បទវិភាគ​តាមបណ្តាញ​សារព័ត៌មាន ​និង​វេទិកា​សាធារណៈនានា​ពី​បញ្ហា​អំពើ​ពុករលួយ ការ​បំផ្លាញ​បរិស្ថាន បក្ស​ពួក​និយម​ ការរំលោភ​សិទ្ធិ​មនុស្ស ​និង​បូរណភាព​ទឹក​ដី​ជាដើម។

លោក​ពេញ ពណ្ណរាយ ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​បាន​រំលឹក​ដល់​ការ​ដាស់​តឿន​របស់​លោក​បណ្ឌិត​កែម ឡី​ ឱ្យ​ពលរដ្ឋ​និយាយ​ការពិត​ ដោយ​កុំ​និយាយ​ការពារ។ ដូច្នេះ​ហើយ​ទើបលោក ​ពណ្ណរាយ​ បាន​និយាយ​ការពិត​ច្រើន​ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប្រាប់​ដល់​ពលករ​ខ្មែរ​ដទៃ​ទៀត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។​

លោក​បាន​បន្ថែម​ថា៖

«ការពិត​នយោបាយ​ពី​ប្រទេស​កម្ពុជា​ គឺ​យើង​និយាយ​ការពិត​ពី​ទិដ្ឋភាព​ជាក់​ស្តែង​ គឺ​ក្រោម​ការ​ដឹកនាំ​នៃ​របប​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​គឺ​យើង​ឃើញ​តែ​មានការឈឺចាប់។ ប្រជាជន​ស្លូតត្រង់​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ រំលោភ​បំពាន​ដីធ្លី ​ហើយ​ជាពិសេស​ទៀត​នោះ​រាល់​ការ​ប្តឹង​ផ្តល់​តាមរយៈ​តុលាការ​អ្នក​ដែល​គ្មាន​ធនធាន​ អ្នក​ដែល​គ្មាន​ខ្សែ​ច្រើន​តែ​ចាញ់​ ច្រើន​តែ​ជួប​រឿង​អយុត្តិធម៌‍»។

ពិធី​រំលឹក​ខួប​លើក​ទីបី​នេះ​មាន​ប្រារព្ធ​ធ្វើ​នៅ​ជាច្រើន​ប្រទេស ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក ​បារំាង​ កូរ៉េ​ខាងត្បូង​ និង​អូស្រ្តាលី​ជាដើម។ នៅ​ប្រទេស​កម្ពុជា​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ និង​ចោទ​ប្រកាន់​បុរស​ពីរ​នាក់​គឺ​លោក​គង់ រ៉ៃយ៉ា និង​លោក​សួង​ នាគព័ន្ធ​ ដោយសារ​តែ​ការរៀបចំ​ខួប​រំលឹក​នេះ​ និង​លក់​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត​កែម ឡី ​និង​ប្រសាសន៍​ខ្លីៗ​របស់​លោក។

សកម្មជន​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​បាន​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការ​ធ្វើ​ឃាត​នេះ​ និង​ស្វែង​រក​អ្នកនៅ​ពីក្រោយ​ខ្នង។ រហូត​មកដល់​ពេល​នេះ​ មាន​មនុស្ស​តែ​ម្នាក់​គត់​គឺ​បុរស​ឈ្មោះ​អឿត អាង​ បាន​សារភាព​ថា​ ខ្លួន​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ ដោយ​សារ​តែ​គំនុំ​ជំពាក់​ប្រាក់។ ការ​សារភាព​នេះ​មិន​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​លោកកែម ឡី​ និង​អ្នក​ដែល​ស្គាល់​លោក​ជឿ​បាន​ឡើយ៕

XS
SM
MD
LG