ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធមិត្ត​អាមេរិក​ពង្រឹង​សម្ព័ន្ធភាព​​ដើម្បី​ទប់ទល់នឹង​​ការ​ពង្រីក​​របស់​ចិនក្នុង​ដែន​សមុទ្រ


រូបឯកសារ៖ ឧទ្ធម្ភាគចក្ររបស់កងយោធាអាមេរិក និងនាវា USS Ronald Reagan នៅតំបន់សមុទ្រចិនភាគខាងត្បូង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ឧទ្ធម្ភាគចក្ររបស់កងយោធាអាមេរិក និងនាវា USS Ronald Reagan នៅតំបន់សមុទ្រចិនភាគខាងត្បូង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ពួកអ្នក​វិភាគ​បាននិយាយកាល​ពី​ដើម​ខែ​សីហា​ថា​ ការ​ងាករេ​កាល​ពីពេល​ថ្មីៗ​នេះរបស់​ប្រទេស​អូស្ត្រាលី​ទៅប្រកាន់​គោលជំហរ​តឹង​រ៉ឹង​ជាងមុនប្រឆាំង​នឹងប្រទេស​ចិននឹងពង្រឹងការ​សម្របសម្រួលខាងនយោបាយនិងខាង​យោធា​ក្នុង​ចំណោមប្រទេស​ជាតិ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ទប់ទល់​នឹង​ការ​ពង្រីក​ក្នុង​ដែន​សមុទ្រដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រដ្ឋាភិបាលក្រុង​កង់បេរ៉ា​ (Canberra) ​បានងាក​ចេញពីគោល​ជំហរ​អព្យាក្រឹត្ យដោយបាន​ធ្វើការសន្យាតឹងរ៉ឹង​និង​អត្ថាធិប្បាយរិះគន់ខ្លាំងដល់​ចិនកាលពី​ខែ​ឧសភា​ មិថុនា ​និង​ខែកក្កដា ដោយសារ​មាន​បញ្ហាមួយ​ចំនួន​ជា​មួយ​រដ្ឋាភិបាលកុម្មុយនីស្ត​នេះ​ ទោះណា​ជា​មាន​ចំណង​ទាក់​ទង​គ្នា​ខាង​ពាណិជ្ជកម្ម​ក្នុង​ពេល​ខ្លី​ក៏ដោយ។ ជាក់​ស្តែង អូស្ត្រាលីបាន​គាំទ្រ​ស.រ.អា.ដោយចំហ​កាល​ពី​ខែ​មុន​ ដោយ​បាន​បញ្ជូនសារ​មួយ​ច្បាប់ជូន​អង្គការ​សហប្រជាជាតិ​ដែល​បានព៌ណនាថា ​ការ​ទាមទារអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិនមានការ​ដណ្តើមគ្នា​ជា​ការ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។

​នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ពុធទី៥​ ខែសីហា លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison ​បាន​មានប្រសាសន៍​ថា ប្រទេស​លោកនឹង​ធ្វើការដោយជិត​ដិតជាងមុន​ជាមួយ​ប្រទេស​ឥណ្ឌា​ ជប៉ុន​ និង​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ធ័ន្ធ​មិត្តមួយយ៉ាង​ជិតស្និទ្ធគ្នា​យ៉ាង​ខ្លាំង​រហូត​ដល់​កាសែត​ចិន​មួយស្រង់សម្តី​ពលរដ្ឋ​ម្នាក់​ដែល​សរសេរ​តាមអ៊ីនធឺណិតថា ​រដ្ឋាភិបាល​ក្រុង Canberra ជា«ឆ្កែ»​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន។

ប្រទេស​ទាំង​បួន​នេះ​ជា​សមាជិក​នៃក្រុមមួយ​មាន​ឈ្មោះថា Quad​ ដែលបាន​ត្រូវ​បង្កើតកាល​ពី​ឆ្នាំ២០០៧ ដើម្បីពិភាក្សា​បញ្ហា​សន្តិសុខនៅក្នុង​ទ្វីបអាស៊ី​ដោយមានរួម​បញ្ចូលសកម្មភាពចិនផង​ដែរ។ ពួក​អ្នក​ជំនាញទស្សន៍​ទាយ​ថានឹង​មាន​វិធានការ​ថែម​ទៀត​ប្រមូលផ្តុំ​ដោយប្រទេស​អូស្ត្រាលីទោះ​ជា​ធម្មតា​ស.រ.អ.ជា​អ្នក​នាំមុខ​ក៏ដោយ។

លោក Stuart Orr ជាសាស្ត្រាចារ្យ​ខាង​ការចាត់​ចែងកិច្ចការ​នៅ​ឯ​សាកល​វិទ្យាល័យ​Deakin នៃ​ប្រទេស​អូស្ត្រាលី។​ លោក​បាននិយាយ​ថា៖ «វា​ហាក់ដូចជា​យ៉ាង​ហោចណាស់ពី​ទស្សនៈ​របស់​ប្រទេសអូស្ត្រាលី​គឺ​ថា​ ប្រទេស​នេះ​ប្រឹង​ប្រែងឱ្យ​មាន​មុខនាទីណែនាំ​សំខាន់​មួយជាជាង​មាន​មុខនាទី​ជាអ្នកធ្វើ​តាម»។

កាល​ពី​ថ្ងៃ​ពុធទី៥ ខែសីហានៅពេលលោក​ថ្លែង​សុន្ទរកថាទៅ​កាន់​វេទិកា​សន្តិសុខឥណ្ឌូ​ប៉ាស៊ីហ្វិកបាន​កត់​សម្គាល់​អំពីភាពដៃគូយុទ្ធសាស្ត្រ​ទូលំទូលាយជា​មួយប្រទេស​ឥណ្ឌា។ ​ភាព​ដៃ​គូ​នេះ​អំពាវនាវ​ឱ្យ​មានការ​ប្រជុំ​យ៉ាងតិច​ណាស់​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​រវាង​អស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស។ លោក Morrison បាន​មាន​ប្រសាសន៍​បន្ថែម​ថា​អូស្ត្រាលី​បានសម្រេចអនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​មួយកាល​ពី​ខែកក្កដា ដើម្បី​ធ្វើការ​ជា​មួយ​ប្រទេស​ជប៉ុន​អំពី​កិច្ចសហប្រតិបត្តិការក្នុង​អវកាស។ ​លោក​បានមានប្រសាសន៍​ទៀត​ថា ប្រទេស​លោក​នឹង «ចាត់​វិធានការ​ជាក់​ស្តែងដើម្បីគាំទ្រពួកមិត្ត​យើងក្នុង​មហា​សមុទ្រប៉ាស៊ីហ្វិកនិង​អាស៊ីអាគ្នេយ៍​»។​

ប្រទេសជប៉ុន​និងប្រទេស​ឥណ្ឌា​ក៏​មានជម្លោះ​ទល់​ដែនយ៉ាង​ជូរ​ចត់​ជាមួយ​ប្រទេស​ចិនដែរ។

រដ្ឋាភិបាលសហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​បាន​សហការ​ជា​មួយ​គ្នាច្រើន​ទសវត្សរ៍​មក​ហើយដើម្បី​ទប់ទល់​នឹងរដ្ឋាភិបាល​បរទេស​ទាំឡាយ​ណា​ដែលរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនមិន​ចូល​ចិត្ត។​ នៅ​ពេល​នេះភាគី​សហរដ្ឋ​អាមេរិក​មានជម្លោះ​ពាណិជ្ជកម្ម​ជា​មួយ​ចិន​។ បស្ចិម​ប្រទេស​ទាំង​ពីរ​នេះ​មិន​ចូល​ចិត្ត​ប្រទេស​ចិន​ទេ​ ដោយមាន​ការ​សង្ស័យ​អំពី​ឧក្រិដ្ឋកម្មទាក់ទិននឹងបច្ចេក​វិទ្យា ហើយ​ចង់​ឱ្យ​ប្រទេស​អាស៊ីមួយ​នេះ​ស៊ើបអង្កេត​អំពីប្រភព​នៃវីរុសកូរ៉ូណា​ផងដែរ។​

កាល​ពីខែ​ឧសភាប្រទេស​អូស្ត្រាលី​បានស្នើឱ្យមានការ​ស៊ើប​អង្កេតជា​ផ្លូវការ​អំពីប្រភពក្នុង​ប្រទេស​ចិន​នៃការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ហើយមួយ​ខែ​បន្ទាប់មកលោក Morrison បានមាន​ប្រសាសន៍​ថា ប្រទេស​លោ​ក​ជាទី​ដៅនៃការ​វាយប្រហារអនឡាញ​មួយ​ដែល​មាន​«មូល​ដ្ឋាន​ពីរដ្ឋ​បរទេស»។​ រដ្ឋាភិបាលប៉េកាំងបានហៅការ​និយាយនេះកាលពី​ខែ​មិថុនា​ថា​ជា​ការបង្ខូចកេរ្តិ៍​ឈ្មោះ។​

លោក Stephen Nagy ជា​សាស្ត្រាចារ្យ​ជំនួយ​ជាន់​ខ្ពស់ខាង​ការសិក្សានយោបាយនិងអន្តរជាតិនៅ​ឯ​សាកល​វិទ្យាល័យគ្រឹស្តសាសនាក្នុងក្រុងតូក្យូ។ លោក​បាន​និយាយ​ថា​បើ​ប្រៀប​ធៀប​ជា​មួយ​ប្រទេស​ឯទៀតៗ​ដែល​បារម្ភ​ពីបញ្ហា​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង «ខ្ញុំយល់​ថារដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន និង​រដ្ឋាភិបាលក្រុង Canberra មាន​ការយល់​ឃើញ​ដូច​គ្នា​អំពី​បញ្ហា​ទាំងឡាយ​ជា​មួយប្រទេស​ចិន»។

លោក Stephen Nagy បានថ្លែង​ថា៖ ​«ខ្ញុំ​យល់​ថា រដ្ឋាភិបាល​ទាំង​ពីរ​នេះមាន​ឯកភាពខ្លាំង​អំពី​ការប្រឈម​មុខ​នឹងចិន​នៅក្នុង​វិធីឈ្លាស​វៃ»។​

គ្មាន​ប្រទេសណាមួយ​ក្នុង​ពួក​ប្រទេស Quad ​ទាមទារដែន​សមុទ្រក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ តែ​ប្រទេស​ទាំង​នេះ​ឃើញសមុទ្រ​នេះ​ជាស្នូល​សំខាន់​ក្រៃលែងសម្រាប់​ពង្រឹង​ឥទ្ធិពល​ចិន​ហួសពី​ព្រំដែនគោកហើយ​បានហៅ​រដ្ឋាភិបាល​ប៉េកាំង​ថា​ជា ​សត្រូវ​មួយនៃ​សង្គ្រាម​ត្រជាក់។

ប្រទេស​ចិន​បាន​ទាមទារអធិបតេយ្យលើ​ដែន​សមុទ្រមានការ​ដណ្តើមគ្នា​ជា​មួយ​ប្រទេសប្រ៊ុយណេ ហ្វីលីពីន កោះតៃ​វ៉ាន់​ និង​ប្រទេស​វៀតណាម។ ​ប្រទេស​ទាំង​ប្រាំ​នេះមានកងយោធា​ខ្សោយ​ជាងប្រទេស​ចិន​ ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តិច​ជាង​ចិន​នៅលើ​កោះ​តូចៗ​រាប់​រយ​នៅក្នុង​សមុទ្រ​នោះ។ ប្រទេសទាំង​អស់​ដែល​ដណ្តើមដែន​ទឹក​ក្នុង​សមុទ្រ​ចិនឱ្យ​តម្លៃ​លើ​សមុទ្រ​នេះដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ក្រឡាដោយសារ​ទី​នោះសំបូរត្រី ​កន្លែង​មាន​ធនធាន​ថាមពល និង​ផ្លូវ​នាវាចរណ៍។​

ពួក​មន្ត្រីនៅ​ក្នុង​ក្រុង​ប៉េកាំងនិយាយ​យោងដល់ការប្រើ​ឯកសារពី​សម័យ​បុរាណ​ដើម្បី​ការពារ​ការ​ទាមទារ​របស់​ពួក​គេ​លើ​ប្រមាណ​៩០%​នៃ​ដែនសមុទ្រ​នេះ។​

លោក Collin Koh ជា​អ្នក​ស្រាវជ្រាវខាង​សន្តិសុខ​សមុទ្រនៅ​ឯ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​នៃ​ប្រទេស​សិង្ហបូរី។​ លោក​បាន​និយាយ​ថា៖ «យ៉ាង​ហោច​ណាស់​ប្រទេស​ចិន​ត្រូវ​ប្រុង​ប្រយ័ត្នហើយនៅ​ពេល​ជា​មួយ​គ្នា​នេះចិនក៏ខ្វាយ​ខ្វល់​ជាងមុន​អំពីប្រទេស​អូស្ត្រាលី​និង​ស.រ.អ.នាំមុខ​ឬជំរុញអ្វី​ដែល​ចិន​យល់​ថា​ជា​ផល​ប្រយោជន៍​នៅ​ខាងក្រៅ​ធំជាង​មុននិងថា​ជា​ការជ្រៀត​ជ្រែកក្នុង​សមុទ្រ​ចិនខាង​ត្បូងផង​ដែរ»។

អង្គការ​បណ្តាញផ្សាយ​ព័ត៌មាន​ India Inc. នៅ​ក្នុង​ក្រុងឡុងដ៍​បាន​និយាយ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយនៅ​ក្រោយ​លោក Morrison ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi ថា​ ប្រទេសឥណ្ឌាសង្ឃឹម​ថា​ នឹង​បង្កើន​ឥទ្ធិពល​នៃ​ក្រុម Quad ​នៅ​ពេល​មាន​ជម្លោះ​យោធា​ជា​មួយ​ប្រទេស​ចិននៅ​ជិតព្រំដែន​គោក​មានជម្លោះ។

ពួកអ្នក​ស្រាវជ្រាវ​មានជំនឿ​ថា ​មុខនាទី​ដឹកនាំ​របស់​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ក្រុម Quad​ អាចមាន​ន័យ​ថា ​នឹងមាន​សមយុទ្ធ​នៃកង​នាវា​ចម្បាំងច្រើន​ជាង​មុន​ដែល​នាំ​ឱ្យ​ប្រទេស​ចិន​ខឹងសម្បារ។ កាលពីខែកក្កដា​កង​ទ័ព​ជើង​ទឹក​នៃប្រទេស​ជប៉ុន​និង​ប្រទេស​អូស្ត្រាលី​បាន​ចូលរូម​ជា​មួយនាវា​ចម្បាំង​អាមេរិកាំង​ឈ្មោះ USS Ronald Reagan ​និង​កង​នាវាធ្វើ​ការ​វាយ​ប្រហារ​ក្នុង​សមយុទ្ធ​រួមគ្នា​មួយនៅក្នុង​លំហ​សមុទ្រ​អាគ្នេយ៍​នៃប្រទេស​ចិន។

លោក Carl Thayer សាស្ត្រាចារ្យចូល​និវត្តន៍នៃ​សាកល​វិទ្យាល័យរដ្ឋ New South Wales ជាអ្នក​ជំនាញខាងកិច្ច​ការ​អាស៊ីអាគ្នេយ៍។ លោក​បាន​និយាយ​ថា ​សមយុទ្ធយោធារវាង​សហរដ្ឋ​អាមេរិក​និងអូស្ត្រាលីនឹង​លឿន ជា​ពិសេសប្រសិន​បើ​សមយុទ្ធ​ទាំង​នេះមានទាក់ទិនជា​មួយ​ប្រទេសជប៉ុន​ ឥណ្ឌា​ និងប្រទេសក្នុង​ទ្វីបអឺរ៉ុបដែល​ជា​សម្ព័ន្ធមិត្ត​ជា​ប្រពៃណីរបស់សហរដ្ឋ​អាមេរិក​ដូច​ជា​ប្រទេស​បារាំងនិងចក្រភពអង់គ្លេស​ជាដើម។

ទោះណា​ជា​មាន​ការទាមទារ​ជាន់​គ្នាក្នុង​សមុទ្រ​ចិន​ខាង​ត្បូងជា​មួយ​ប្រទេស​ចិន​ក៏​ដោយ​ ក៏​រដ្ឋ​នានា​នៅក្នុង​អាស៊ី​អាគ្នេយ៍បានបង្ហាញ​ការ​សាទរតិចជាងក្រុម Quad ចំពោះ​ការអះអាងថ្មី​របស់​អូស្ត្រាលី។ ​ប្រទេស​ខ្លះដូច​ជា​ប្រទេសប្រ៊ុយណេ និង​ហ្វីលីពីន ជា​ដើម​បាន​ទទួលជំនួយ​និង​ការបណ្តាក់ទុន​ពីប្រទេសចិន។ ប្លុករបស់​ពួកគេគឺសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ហៅ​កាត់​ថា​ អាស៊ាន (ASEAN) សង្ឃឹម​ថា នឹង​សម្រេច​ក្រមប្រតិបត្តិក្នុង​សមុទ្រជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Collin Koh នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ប្រទេស​សិង្ហបូរី បានថ្លែង​ថា​ប្រទេស​ទាំងនេះ​ក្នុង​អាស៊ី​អាគ្នេយ៍ស្វាគមន៍សកម្មភាព​របស់​ក្រុម Quad ពី«គោល​ជំហរ​ផ្លូវចិត្ត។»

ប្រទេសអូស្ត្រាលី​និងប្រទេស​វៀតណាមដែល​និយាយមិន​សំចៃ​មាត់​ជាង​គេ​អំពី​បញ្ហា​នេះ បានចេញ​សេចក្តី​ថ្លែងការណ៍រួម​គ្នា​មួយកាលពី​ឆ្នាំ​ទៅ​មិញ​ ដោយសម្តែង «​កង្វល់ខ្លាំងអំពី​ព្រឹត្តិការណ៍​នៅក្នុងសមុទ្រចិន​ខាង​ត្បូង​ដោយ​មានរួម​បញ្ចូលការចាក់ដី​បំពេញដើម្បី​ពង្រីក​កោះតូចៗ​និង​យោធា​នីយកម្មនៃ​បណ្តា​កោះ​មាន​ជម្លោះ»ដែល​ជា​ការនិយាយយោងដល់​សកម្មភាព​ចិន។​

លោក Carl Thayer បាន​និយាយថា​ លោក​រំពឹង​ថា​ អូស្ត្រាលី​នឹង​បង្កើន​ការទាក់​ទង​ជា​មួយ​ប្រទេស​វៀតណាម។

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG