ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់ព្យុះ​ Molave ​បង្កជាគ្រោះបាក់ដីនិងសម្លាប់​មនុស្ស​យ៉ាង​តិច​៣៥​នាក់នៅ​វៀតណាម​


ផ្ទះសម្បែងរងការខូចខាតដោយសារគ្រោះបាក់ដីបង្កឡើងដោយដោយព្យុះទីហ្វុង Molave នៅស្រុក Phuoc Loc ខេត្ត Quang Nam ប្រទេសវៀតណាម ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
ផ្ទះសម្បែងរងការខូចខាតដោយសារគ្រោះបាក់ដីបង្កឡើងដោយដោយព្យុះទីហ្វុង Molave នៅស្រុក Phuoc Loc ខេត្ត Quang Nam ប្រទេសវៀតណាម ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ខ្យល់​ព្យុះ​ទីហ្វុង Molave ដែល​មន្ត្រី​វៀតណាម​និយាយ​ថា​មាន​កម្លាំង​ខ្លាំង​បំផុត ក្នុង​រយៈពេល ​២០ ឆ្នាំនេះ ​បានរសាត់​ចេញ​ពីប្រទេស​វៀតណាម​ហើយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ធ្វើ​ឲ្យ​បាក់​ដី​លិច​ទូក​ជា​ច្រើន ​និង​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​វៀតណាម​យ៉ាង​ហោច​ណាស់ ​១,៧​ លាននាក់នោះ។​

មនុស្ស​យ៉ាង​ហោច​ណាស់ចំនួន ៣៥ ​នាក់ ​បាន​ស្លាប់​និង ​៥០ ​ផ្សេង​ទៀត​បាន​បាត់​ខ្លួន​ ដោយ​សារខ្យល់ព្យុះ​មួយ​នេះ។​ នេះ​បើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម។

អ្នក​ជួយ​សង្គ្រោះ​បាន​ផ្តោត​សកម្មភាព​ជា​បន្ទាន់​ទៅ​លើ​ភូមិ​អ្នក​ស្រុក​ចំនួន​ ៣​ នៅ​ក្នុង​តំបន់​ភាគ​កណ្តាល​ប្រទេសវៀតណាម ដែល​នៅ​ទី​នោះ​ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ ១៩ ​នាក់ និង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ បានកប់​មនុស្ស​ជាង​ ៤០​ នាក់​ផ្សេង​ទៀត ​ក្នុង​គំនរ​បាក់​បែក​និងដីភក់ដ៏​ក្រាស់​នោះ។​

ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក Trinh Dinh Dung បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ដែល​មាន​ដី​បាក់​មួយ​កន្លែង​ ដែល​នៅ​ទី​នោះ​កង​ទ័ព​កំពុង​ធ្វើ​ការ​កាយ​ចេញ​គំនរ​បាក់​បែក ​ហើយ​លោក​បាន​បញ្ជា​ឲ្យ​បញ្ជូនកងទ័ព​មក​ជួយ​បន្ថែម​ទៀត​ជា​បន្ទាន់។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា ខ្យល់ព្យុះ Molave នេះ បាន​បោក​បក់​ចំ​ភូមិ​នានា​នៅ​ពេល​ដែល​វា​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​វៀតណាម ​កាលពី​ថ្ងៃ​ពុធ។ ខ្យល់​ព្យុះ​នេះ​បាន​បំប៉ើង​ដំបូល​ផ្ទះ និង​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​តំបន់​ដែល​បាន​រង​ការ​ប៉ះពាល់​ខ្លាំង​រួច​ទៅ​ហើយ​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។​

អ្នក​ជួយ​សង្គ្រោះ​រាប់​រយ​នាក់​បាន​ខិតខំ​ព្យាយាម​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត បន្ទាប់ពី​មាន​ជំនន់​បាក់​ដី​ជាច្រើនកន្លែងមក៕

XS
SM
MD
LG