ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស២១នាក់​ស្លាប់ រាប់​សិប​នាក់​បាត់​ខ្លួន បន្ទាប់ពី​ព្យុះ​ទីហ្វុង Molave បោកបក់​ចំ​ប្រទេស​វៀតណាម


បុរសម្នាក់ឈរលើដងផ្លូវដែលមានគំនរមែកឈើបាក់ធ្លាក់ពេញដងផ្លូវ បន្ទាប់ពីព្យុះទីហ្វុង Molave បានបោកបក់ចំខេត្ត Quang Ngai ប្រទេសវៀតណាម ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
បុរសម្នាក់ឈរលើដងផ្លូវដែលមានគំនរមែកឈើបាក់ធ្លាក់ពេញដងផ្លូវ បន្ទាប់ពីព្យុះទីហ្វុង Molave បានបោកបក់ចំខេត្ត Quang Ngai ប្រទេសវៀតណាម ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មនុស្ស ២១ នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​ត្រូវ​បាន​គេ​បារម្ភ​ថា​ អាច​ស្លាប់ បន្ទាប់ពី​ព្យុះ​ទីហ្វុង Molave បាន​បោកបក់​កាត់តាម​តំបន់​ភាគ​កណ្តាល​ ប្រទេស​វៀតណាម​ដែល​បាន​បង្ក​ឲ្យ​មាន​ជំនន់​បាក់​ដី និង​ការ​បំផ្លិចបំផ្លាញ​អាក្រក់​បំផុត​មួយ​ចំនួន ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ខ្យល់ព្យុះ Molave នេះ បាន​បោកបក់​ចំ​ភូមិ​នានា​ នៅពេល​ដែល​វា​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ខ្យល់​ព្យុះ​នេះ​បាន​បំប៉ើង​ដំបូល​ផ្ទះ និង​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​តំបន់ ​ដែល​បាន​រង​ការ​ប៉ះពាល់​ខ្លាំង​រួច​ទៅ​ហើយ​ ដោយ​សារ​ទឹក​ជំនន់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។

អ្នក​ជួយ​សង្គ្រោះ​រាប់​រយ​នាក់​បាន​ខិតខំ​ព្យាយាម​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត បន្ទាប់ពី​មាន​ជំនន់​បាក់​ដី​ជាច្រើន​មក។

សាកសព ១៩ នាក់​ត្រូវ​បាន​គេ​ទាញ​ចេញ​ពី​គំនរ​ភក់​នៅ​ទូទាំង​ភូមិ​ចំនួន ៣ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ខេត្ត Quang Nam។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​វៀតណាម។ អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស ៤៥ នាក់​ទៀត ត្រូវ​គេ​ជឿ​ថា​ បាន​កប់​បាត់​នៅ​ក្នុង​ជំនន់​បាក់​ដី​នៃ​តំបន់​នោះ៕

XS
SM
MD
LG