ចំនួនករណីការឆ្លងជំងឺកូវីដ១៩នៅជុំវិញពិភពលោកបានកើនដល់ជាង៤,៥លាននាក់ហើយ កាលពីថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនលើសចំនួន៣០០.០០០នាក់។
នៅប្រទេសហ្វីលីពីន ក្រុមមន្ត្រីមានការបារម្ភខ្លាំងថាវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩នឹងឆ្លងរាលដាលកាន់តែខ្លាំងក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបង្ខំចិត្តចេញពីផ្ទះមកជ្រកកោនរួមគ្នានៅមណ្ឌលជម្លៀសច្រើនកន្លែងនៅលើកោះ Luzon ដើម្បីគេចពីចេញពីខ្យល់ព្យុះទីហ្វុង Vongfong ដែលបោកបក់លើកោះនេះនិងនាំមកនូវខ្យល់និងភ្លៀងយ៉ាងខ្លាំង។
នៅក្រុងវូហាន ប្រទេសចិន ដែលជាប្រភពដើមនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ បុគ្គលិកសុខាភិបាលបានចាប់ផ្តើមធ្វើតេស្តមនុស្សរាប់លាននាក់ក្នុងក្រុងនេះ ក្រោយពីមានលេចចេញនូវបណ្តុំអ្នកឆ្លងជាក្រុមថ្មីទៀត ហើយលទ្ធផលត្រូវគេរំពឹងថានឹងដឹងក្នុងរយៈពេល១០ថ្ងៃទៀត។
នៅសហរដ្ឋអាមេរិក នាវាពេទ្យ USNS Mercy របស់កងទ័ពជើងទឹកអាមេរិកនៅក្នុងថ្ងៃសុក្រគ្រោងចាកចេញពីទីក្រុង Los Angeles ភាគខាងលិចសហរដ្ឋអាមេរិក ដែលនៅទីនោះនាវានេះនាវានេះបានជួយផ្តល់សេវាព្យាបាលអ្នកជំងឺកូវីដ១៩ក្រោយពីមន្ទីរពេទ្យនៅក្រុងដ៏ធំជាងគេទី២របស់អាមេរិកនេះកន្លងមកហួសសមត្ថភាពទទួលថែទាំអ្នកជំងឺដែលកើនយ៉ាងច្រើន។
ចំណែកនៅភាគខាងសហរដ្ឋអាមេរិកវិញ រដ្ឋញូវយ៉កចាប់ផ្តើមបើកសកម្មភាពឡើងវិញខ្លះហើយ នៅតំបន់ធូរស្រាល ប៉ុន្តែការបន្ធូរបន្ថយនេះមិនរួមបញ្ចូលបូរីញូវយ៉កដែលនៅតែជាតំបន់មានការផ្ទុះរាតត្បាតខ្លាំងបំផុតមួយរបស់សហរដ្ឋអាមេរិក។
ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រក៏ចាប់ផ្តើមធ្វើតេស្តពលរដ្ឋដោយចៃដន្យដើម្បីរកមើលវីរុសកូរ៉ូណា។ ប្រទេសរុស្ស៊ីមានចំនួនអ្នកឆ្លងវីរុសនេះសរុបជាង២៦០.០០០នាក់ ដែលនេះជាចំនួនច្រើនជាងទីពីរក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានករណីឆ្លងរហូតដល់ជាង១.៤០០.០០០នាក់៕