ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះទីហ្វុង​ក៏​កំណាច​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២៣​នាក់​នៅ​ប្រទេស​ជប៉ុន


ផ្លូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន Shinkansen លិច​ទឹក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​មក​ពី​ព្យុះ Hagibis ក្នុង​ក្រុង Nagano ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
ផ្លូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន Shinkansen លិច​ទឹក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​មក​ពី​ព្យុះ Hagibis ក្នុង​ក្រុង Nagano ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

ព្យុះ​ទីហ្វុង Hagibis បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២៣​នាក់ និង​បាន​បក់​ទៅ​ទីក្រុង តូក្យូ មួយ​រយៈពេល​ខ្លី ខណៈ​ដែល​មនុស្ស​ចំនួន​១៦​នាក់​កំពុង​បាត់​ខ្លួន។ នេះ​បើយោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ NHK របស់​ជប៉ុន​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

ជប៉ុន​បាន​បញ្ជូន​កងកម្លាំង​និង​ក្រុម​ការងារ​ជួយ​សង្គ្រោះ​រាប់​ម៉ឺន​នាក់​ដើម្បី​ទៅ​ជួយ​សង្គ្រោះ​អ្នកស្រុក​និង​ដើម្បី​ទប់ទល់​នឹង​ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​ព្យុះទីហ្វុង​ដ៏​អាក្រក់​បំផុត​ដែល​បោកបក់​ទៅ​លើ​ប្រទេស​នេះ ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។

ព្យុះ Hagibis បាន​បង្ក​ឲ្យ​មាន​ការ​លិចលង់​នៅ​តាម​តំបន់​ទំនាប​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​និង​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ជប៉ុន និង​បាន​ធ្វើ​ឲ្យ​លំនៅដ្ឋាន​៥០​ម៉ឺន​កន្លែង​គ្មាន​អគ្គិសនី​ប្រើប្រាស់។

មាន​ការ​អនុញ្ញាត​ឲ្យ​យន្តហោះ​ចុះចត​នៅ​អាកាសយានដ្ឋាន Narita និង Haneda ក្នុង​ទីក្រុង តូក្យូ វិញ​ហើយ ប៉ុន្តែ​ជើង​ហោះហើរ​ជាង​៨០០​ត្រូវ​បាន​លុបចោល​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​សេវា​រថភ្លើង​ល្បឿន​លឿន ​Shinkansen ក៏​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​អាក្រក់​បំផុត​ផង​ដែរ។

អាជ្ញាធរ​បាន​ដក​ការ​ព្រមាន​ថា​មាន​ភ្លៀង​ចំពោះ​តំបន់ Kanto ដែល​ស្ថិតនៅ​ជុំវិញ​ទីក្រុង តូក្យូ ហើយ។ ហាង​លក់​ទំនិញ​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ ហើយ​ខ្សែ​រថភ្លើង​ជាច្រើន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ឡើង​វិញ ប៉ុន្តែ​ពួកគេ​បាន​ព្រមាន​ថា នៅ​មាន​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​ទឹកទន្លេ​ហូរ​ច្រើន​ហួសហេតុ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ជប៉ុន។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe កោះ​ហៅ​ឲ្យ​បើក​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ និង​បាន​បញ្ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ឲ្យ​ទៅ​កន្លែង​រងគ្រោះ​ទៀត​ផង៕

XS
SM
MD
LG