ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ប្រទេស​ហ្វីលីពីន​អាច​បញ្ចៀស​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ខ្យល់​ព្យុះ Tisoy តាម​វិធី​ណា?


ប្រជាពលរដ្ឋ​ហ្វីលីពីន​ឈរ​នៅខាងមុខ​ផ្ទះ​ដែល​ត្រូវ​បាន​ខូចខាតបន្ទាប់​ពី​រងការ​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​ទីហ្វុ​ ងKammuri ក្នុង​ទីក្រុង Legazpi ទីក្រុង Albay ប្រទេស​ហ្វីលីពីនកាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៩។
ប្រជាពលរដ្ឋ​ហ្វីលីពីន​ឈរ​នៅខាងមុខ​ផ្ទះ​ដែល​ត្រូវ​បាន​ខូចខាតបន្ទាប់​ពី​រងការ​វាយប្រហារ​ដោយ​ខ្យល់ព្យុះ​ទីហ្វុ​ ងKammuri ក្នុង​ទីក្រុង Legazpi ទីក្រុង Albay ប្រទេស​ហ្វីលីពីនកាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៩។

ខ្យល់​ព្យុះ​ទីហ្វុង ដែល​គេ​ស្គាល់​ជា​អន្តរជាតិ​ថា​ឈ្មោះ Kammuri ឬ​ក៏​ហៅ​ថា Tisoy នៅ​ហ្វីលីពីន​នេះ បាន​បោក​បក់​មក​ដល់​ឧបទ្វីប Bicol ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​ធានី​ម៉ានីល កាល​ពី​យប់​ថ្ងៃ​ទី ២ ខែ​ធ្នូ ដោយ​មាន​ល្បឿន​រហូត​ដល់ ២០៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ខ្យល់​ព្យុះ​ទីហ្វុង​ដែល​បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១០ នាក់ និង​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ដែល​ប៉ះពាល់​ដល់​រដ្ឋធានី​ម៉ានីល​ផង​ដែរ។ ប៉ុន្តែ​ប្រទេស​នេះ​បាន​បញ្ចៀស​មិន​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ​កើត​ឡើង ដោយសារតែ​មាន​ការ​ត្រៀម​រៀបចំ​ខ្លួន​រួចរាល់​ជា​មុន​ដូចជា​ការ​ផ្ដល់​ព័ត៌មាន​ភ្លាមៗ​តាម​ទូរស័ព្ទ​ដៃ​ជា​ដើម។ កន្លង​មក ប្រទេស​ហ្វីលីពីន​តែងតែ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​មហន្តរាយ​ដូច​នេះ។

ខ្យល់​ព្យុះ​ទីហ្វុង ដែល​គេ​ស្គាល់​ជា​អន្តរជាតិ​ថា​ឈ្មោះ Kammuri ឬ​ក៏​ហៅ​ថា Tisoy នៅ​ហ្វីលីពីន​នេះ បាន​បោក​បក់​មក​ដល់​ឧបទ្វីប Bicol ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​ធានី​ម៉ានីល កាល​ពី​យប់​ថ្ងៃ​ទី ២ ខែ​ធ្នូ ដោយ​មាន​ល្បឿន​រហូត​ដល់ ២០៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ព្យាករណ៍​អាកាសធាតុ​អង់គ្លេស Tropical Storm Risk។

មន្ត្រី​ហ្វីលីពីន​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​តាម​រយៈការ​ផ្ញើ​សារ​ទៅ​ទូរស័ព្ទ​ដៃ និង​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ អំពី​ការ​បំផ្លិចបំផ្លាញ​ដែល​អាច​នឹង​កើត​មាន​ឡើង​ដោយសារ​ខ្យល់​ព្យុះ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រជាជន​នៅ​តាម​មូលដ្ឋាន។

មន្ទីរ​អង្គភាព​រដ្ឋាភិបាល​តាម​មូលដ្ឋាន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ ហើយ​ប្រជាពលរដ្ឋ​ជាង ២ សែន​នាក់​បាន​ធ្វើ​តាម។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ទីក្រុង​ម៉ានីល។ មន្ទីរ​អង្គភាព​ទាំង​នោះ​ក៏​បាន​ត្រៀម​ស្បៀង​អាហារ​គ្រា​អាសន្ន​រួច​ជា​ស្រេច​ផង​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស។

លោក Christian de Guzman អនុ​ប្រធាន និង​ជា​មន្ត្រី​ឥណទាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​វិនិយោគ Moody's Sovereign Risk Group បាន​និយាយ​ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​ខ្យល់​ព្យុះ​ដែល​ធ្លាប់​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​កាល​ពី​លើក​មុនៗ «ខ្ញុំ​គិត​ថា លើក​នេះ​មាន​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ។ ខ្ញុំ​គិត​ថា វា​ធ្វើ​ឡើង​ដោយ​មនុស្ស​គ្រប់​គ្នា​ទាំង​អស់ ជា​ពិសេស​អ្នក​ដែល​នៅ​ថ្នាក់​កំពូល​ខាង​លើ»។

ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដែល​ភាគច្រើន​ដោយសារ​ទឹកជំនន់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ និង​តំបន់​ភ្នំ​ដែល​មាន​ការ​លំបាក​រួច​ស្រេច​ទៅ​ហើយ និង​គំរាម​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដែល​កំពុងតែ​សាងសង់​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ឆ្នាំ ២០២២ ក្នុង​ទឹក​ប្រាក់ ១៥៧ ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​ដក​បទពិសោធន៍​ពី​គ្រោះ​មហន្តរាយ​កាល​ពី​លើក​មុនៗ

ខ្យល់​ព្យុះ​ទីហ្វុង និង​ខ្យល់​ព្យុះ​ត្រូពិក​ជា​ធម្មតា​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​ចាប់​ពី​ខែ​មិថុនា រហូត​ដល់​ចុង​ឆ្នាំ ហើយ​ជនជាតិ​ហ្វីលីពីន​បាន​ស៊ាំ​ទៅ​នឹង​ចំនួន​អ្នក​ស្លាប់​ច្រើន​ដែល​បណ្ដាល​មក​ពី​គ្រោះ​មហន្តរាយ​ខ្យល់​ព្យុះ​នេះ​រួច​ទៅ​ហើយ។

ខ្យល់​ព្យុះ​ទីហ្វុង Haiyan ដែល​ជា​ខ្យល់​ព្យុះ​ដ៏​សាហាវ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ហ្វីលីពីន បាន​សម្លាប់​មនុស្ស​ជាង ៦ ពាន់​នាក់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៣។ ហើយ​កាល​ពី​ឆ្នាំ ២០១៨ ខ្យល់​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​នៃ​ប្រទេស​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស ៨១ នាក់​ស្លាប់ នៅ​តំបន់​ភ្នំ​រដិបរដុប​នៃ​កោះ Luzon ភាគ​ខាង​ជើង​ទីក្រុង​ម៉ានីល។ ចំណែក​ឯ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​វិញ ខ្យល់​ព្យុះ​ដែល​មាន​កម្រិត​ខ្សោយ​ជាង​នេះ​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វិសម្ពាធ​ត្រូពិក​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៨៥ នាក់​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ច្រើន។

ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​នានា បាន​ដក​បទ​ពិសោធន៍​ពី​ខ្យល់​ព្យុះ​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​ទាំង​នេះ ហើយ​នៅ​ក្នុង​ខែ​នេះ បាន​អនុវត្ត​នូវ​បទ​ពិសោធន៍​ទាំង​នេះ ដោយ​ប្រើ​ទូរស័ព្ទ រលក​វិទ្យុ និង​ទូរទស្សន៍​ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​ចេញ​ពី​កន្លែង​ដែល​អាច​នឹង​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​តាមដាន​ស្ថានការណ៍​នានា។

ការ​បញ្ជូន​ជំនួយ​ក៏​មាន «ប្រសិទ្ធិផល» ជាង​មុន​ផង​ដែរ​នៅ​តាម​តំបន់​ទំនាប​នានា ទោះបី​ជា​ការ​បញ្ជូន​ជំនួយ​ទៅ​កាន់​តំបន់​ភ្នំ​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​មាន​ការ​លំបាក​ក៏ដោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ University of the Philippines Diliman។

អ្នក​ស្រី Atienza និយាយ​ថា៖ «ទាក់ទិន​ទៅ​នឹង​ទឹក​ជំនន់​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ទីក្រុង ឬ​ក៏​តំបន់​ដី​ទំនាប វា​ហាក់​ដូចជា​មាន​ការ​សិក្សា​ស្វែង​យល់​រួច​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ប្រសើរ​ជាង​មុន។ ប៉ុន្តែ​វា​នៅ​តែ​មាន​ការ​ពិបាក​នៅ​តាម​តំបន់​ភ្នំ»។

ការ​ត្រៀម​ខ្លួនជាមុន

អាជ្ញាធរ​គ្រោះ​មហន្តរាយ​នៃ​ឧបទ្វីប Bicol និង​កោះ​នានា​ដែល​នៅ​ដាច់​ស្រយាល បាន​ចាប់ផ្ដើម​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​តាំង​ពី​ថ្ងៃ​ទី ១ ខែ​ធ្នូ​មក​ម្ល៉េះ។ ពួកគេ​បាន​ចុះ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ចំនួន ២ ម៉ឺន ៩ ពាន់ ៤៩៣ នាក់ និង​បាន​ត្រៀម​ស្បៀង​អាហារ​សម្រាប់​មនុស្ស​ជាង ២ ម៉ឺន​គ្រួសារ នៅ​ថ្ងៃ​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​មន្ទីរ​គ្រោះ​មហន្តរាយ និង​សុខមាល​ភាព​សង្គម​តំបន់​ទី ៥ ដែល​ទទួល​ខុសត្រូវ​លើ​បណ្ដា​ខេត្ត​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​នេះ។

នៅ​ក្នុង​ទីក្រុង​ម៉ានីល នៅ​ពេល​ថ្ងៃ​ត្រង់​ថ្ងៃ​ទី ២ ខែ​ធ្នូ ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បិទ​សាលារៀន​ទាំង​អស់ និង​ផ្អាក​ការងារ​រដ្ឋាភិបាល​ដែល​មិន​ចាំបាច់​នានា។ អាកាសយានដ្ឋាន​អន្តរជាតិ​ចម្បង​បំផុត​របស់​ប្រទេស​នេះ​ក៏​បាន​បិទ​នៅ​ពេល​រសៀល​ថ្ងៃ​នោះ​ផង​ដែរ។

លោក de Guzman បាន​និយាយ​ថា ភាព​ជឿន​លឿន​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ដូចជា​ផ្លូវ​ថ្នល់ និង​អាកាសយានដ្ឋាន​ជា​ដើម ឥឡូវ​នេះ​គួរតែ​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន «មាន​ជំហរ​ប្រសើរ​ជាង​មុន​នៅ ក្នុង​ការ​ទប់ទល់​នឹង​ខ្យល់​ព្យុះ​ទាំង​នេះ»។

ដើម្បី​ជា​ការ​ប្ដេជ្ញា​បន្ថែម​ទៀត កាល​ពី​ឆ្នាំ​មុន រដ្ឋសភា​ហ្វីលីពីន​បាន​អនុម័ត​ច្បាប់​មួយ​បង្កើត​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ត្រៀម​ខ្លួន ការ​បង្ការ ការ​កាត់​បន្ថយ ការ​ឆ្លើយតប ការ​ងើប​ឡើង​វិញ និង​ការ​ស្តា​ឡើង​វិញ​ពី​គ្រោះ​មហន្តរាយ។

ការ​ជូនដំណឹង​បន្ទាន់​តាម​ទូរស័ព្ទ​ដៃ

ប្រជាពលរដ្ឋ​ហ្វីលីពីន​បាន​ទទួល​សារ​តាម​ទូរស័ព្ទ​ដៃ កាល​ពី​ដើម​ខែ​ធ្នូ​ពី​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កាត់បន្ថយ​និង​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ ដែល​បាន​ជូន​ដំណឹង​ថា​ករណី​ខ្លះ​ទាក់ទិន​នឹង​ខ្យល់​ព្យុះ Tisoy នេះ គឺ​អាច​នឹង​មាន​ការ​ធ្លាក់ «ភ្លៀង​ក្រហម» ដែល​ជា​ទឹក​ភ្លៀង​លាយ​ខ្សាច់។ សារ​ដែល​មាន​សំឡេង​រោទ៍​ខ្លាំង​ទាំង​នេះ​ក៏​បាន​ដាស់​តឿន​ប្រជាជន​នៅ​តាម​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ឲ្យ​ស្វែង​រក​កន្លែង​ទទួល​អ្នក​ជម្លៀស​ខ្លួន​ដោយសារ​គ្រោះ​មហន្តរាយ​ដែល​នៅ​ក្បែរៗ​ខ្លួន។

អ្នកស្រី Atienza បាន​និយាយ​ថា វិទ្យុ​បាន​ជូន​ដំណឹង​អំពី​រឿង​នេះ​ទៅ​ដល់​កន្លែង​ដែល​មិន​សូវ​មាន​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ឬ​ក៏​អ៊ីនធឺណិត។

លោក Jonathan Ravelas ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ធនាគារ Banco de Oro UniBank នៅ​ក្នុង​ទីក្រុង​ម៉ានីល បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​មាន​ការ​ខូចខាត​តិច​ជាង​អ្វី​ដេល​យើង​រាល់គ្នា​បាន​រំពឹង​ទុក​ទៅ​ទៀត។ ជាទូទៅ ដំណឹង​ដែល​បាន​បញ្ជូន​តាម​ទូរស័ព្ទ និង​តាម​ស្ថានីយ៍​ទូរទស្សន៍​ គឺ​ផ្ដល់​ព័ត៌មាន​បាន​ទាន់​ហេតុការណ៍​ល្អ​បំផុត»។

ទំហំ​នៃ​ការ​ខូចខាត

ខ្យល់​ព្យុះ Tisoy បាន​ជន់​លិច​ផ្លូវ រំលំ​បង្គោល​ភ្លើង និង​គាស់​រំលើង​ដើមឈើ​ក្នុង​ខេត្ត​ចំនួន ៣។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​គេហទំព័រ​ព័ត៌មាន Philstar.com។ សេចក្ដី​រាយការណ៍​ព័ត៌មាន​ផ្សេងៗ​ទៀត​បាន​បញ្ជាក់​ថា ខ្យល់​ព្យុះ​នេះ​ក៏​បាន​បំប៉ើង​ដំបូល​ផ្ទះ​ផង​ដែរ។

អ្នក​ដែល​បាន​បាត់បង់​ជីវិត​មួយ​ចំនួន​គឺ​ដោយសារ​តែត្រូវ​សង្កត់​ដោយ​ការ​បាក់​រលំ​ផ្សេងៗ។

គេហទំព័រ​ព័ត៌មាន Philstar.com បាន​រាយការណ៍​ថា ព្យុះ​នេះ​បាន​បោកបក់​ចំ​ប្រទេស​ហ្វីលីពីន ៤ ដង ក្នុង​រយៈពេល​តិច​ជាង ២៤ ម៉ោង ដែល​បណ្ដាល​ឲ្យ​វា​ចុះ​ខ្សោយ​ឥទ្ធិពល​នៅ​ពេល​វា​បក់​ឆ្ពោះ​ជិត​ដល់​ទីក្រុង​ម៉ានីល។ ព្យុះ​នេះ​បាន​បោកបក់​ទៅ​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​យប់​ថ្ងៃ​ទី ៣ ខែ​ធ្នូ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG