ឧកញ៉ាដែលកំពុងមានតួនាទីខ្ពស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធកើនដល់ចំនួន១៣២នាក់ដែលក្នុងនោះឧកញ៉ាជិត១០០នាក់ជាមន្ត្រីយោធា។ ក្រសួងមហាផ្ទៃនឹងបើកកិច្ចប្រជុំពិសេសមួយក្នុងសប្តាហ៍នេះ ដើម្បីកំណត់ឲ្យឧកញ៉ាក្នុងជួរនគរបាលទាំងនោះ បោះបង់តួនាទីមួយ និងរក្សាតួនាទីមួយ។
ក្រសួងមហាផ្ទៃគ្រោងនឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីឲ្យឧកញ៉ាចំនួន៣២នាក់ជ្រើសរើសជាចុងក្រោយរវាងតួនាទីខ្ពស់ក្នុងក្រសួងមហាផ្ទៃ និងងារជាឧកញ៉ាដែលតំណាងឲ្យអ្នកកាន់កាប់មុខជំនួញមានទ្រព្យសម្បត្តិហូរហៀរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្រៅពីចំនួនឧកញ៉ាក្នុងក្របខណ្ឌនគរបាល ក្រសួងការពារជាតិក៏បានរកឃើញថា ចំនួនឧកញ៉ាដែលកំពុងកាន់តួនាទីសំខាន់ៗក្នុងកងកម្លាំងយោធា បានកើនដល់ចំនួន៩៩នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃមានឧកញ៉ាចំនួន៣៣រូប ដែលក្នុងចំណោមនោះមានឧកញ៉ាម្នាក់បានលាលែងពីតួនាទីជាមន្ត្រីមុនការប្រកាសគោលការណ៍របស់ក្រសួង។ លោកបន្តថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃគឺលោកស ខេង នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃ ព្រហស្បតិ៍ទី១២ខែកញ្ញា ដើម្បីសម្រេចថាតើឧកញ៉ាទាំងនោះនឹងត្រូវជ្រើសយកតួនាទីក្នុងក្របខណ្ឌនគរបាល ឬក៏រក្សាងារជាឧកញ៉ា។
«ជាគោលការណ៍ប្រសិនបើគាត់ស្ម័គ្រចិត្តលាលែងពីណាមួយវាគឺជាការល្អ ដូច្នេះហើយបានក្នុងរឿងនេះសម្តចក្រលាហោមលោកនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១២ លោកនឹងដឹកនាំការងារហ្នឹង»។
ចំណែកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិលើកឡើងថា រហូតមកដល់ពេលនេះ ចំនួនឧកញ៉ាដែលស្ថិតក្នុងជួរកងកម្លាំងយោធាមានចំនួន៩៩នាក់ ក្នុងនោះមានក្របខណ្ឌក្រសួងចំនួន៣៤នាក់ និងក្នុងក្របខណ្ឌអគ្គបញ្ជាការមានចំនួន៦៥នាក់។ លោកបន្តថា មានឧកញ៉ាមួយចំនួនបានបញ្ជាក់ពីចេតនាលាឈប់ពីតួនាទីជាន់ខ្ពស់ក្នុងយោធាដើម្បីរក្សាងារជាឧកញ៉ា។ ប៉ុន្តែនៅមិនទាន់មានការធ្វើតាមនិតិវិធីជាផ្លូវការនៅឡើយ។
«ម៉េចៗទៀតអាហ្នឹងអត់ទាន់មានអីកំណត់ច្បាស់លាស់ទេ ទាល់តែចាំមានក្រដាសស្នាមពីនាយកដ្ឋានបុគ្គលិកមក អាហ្នឹងបានច្បាស់លាស់បាន។ ឥឡូវគេកំពុងធ្វើជំរឿន»។
ការសម្រចនេះធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាកាលពីពាក់កណ្តាលខែសីហា ឲ្យក្រុមមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលមានងារជាឧកញ៉ា ត្រូវតែជ្រើសរើសជាបន្ទាន់ រវាងងារជាឧកញ៉ា និងតួនាទីជាកងកម្លាំងប្រដាប់អាវុធ។
ក្រុមមន្ត្រីផ្លូវការអះអាងថា បទបញ្ជារបស់លោក ហ៊ុន សែន គឺ «ដើម្បីលុបបំបាត់ទំនាស់ផលប្រយោជន៍រវាងឈ្មួញដែលតំណាងឲ្យឧកញ៉ា និងមន្ត្រីដែលមានតួនាទីខ្ពស់ក្នុងរដ្ឋាភិបាល។
ការដាក់បញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយពីមន្ត្រីយោធាមួយរូបដែលមានងារជាឧកញ៉ា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ក្រោយពីរកឃើញថាមន្ត្រីយោធារូបនោះបានប្រព្រឹត្តបទល្មើសទាក់ទងនឹងឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ។ ចំណែកឧកញ៉ាមួយចំនួនទៀតដែលមានតួនាទីក្នុងជួរកម្លាំងប្រដាប់អាវុធដែរនោះ ក៏មានការពាក់ព័ន្ធនឹងការប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ នេះបើផ្អែកតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មានក្នុងស្រុក។
លោក ឱក សេរីសោភក្តិ៍ អ្នកជំនាញផ្នែកអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជា ធ្លាប់បានលើកឡើងថា ការកំណត់ឲ្យក្រុមឧកញ៉ាលាលែងពីការងារក្នុងស្ថាប័នរដ្ឋគឺជារឿងត្រឹមត្រូវ ដើម្បីចៀសវាងការដែលក្រុមមន្ត្រីទាំងនោះអាចយកតួនាទីក្នុងរាជការទៅការពារមុខរបរជំនួញរបស់ខ្លួន។
បើតាមតួលេខកាលពីឆ្នាំ២០០៧ ឧកញ៉ាក្នុងប្រទេសកម្ពុជាសរុបមានជាង៧០០នាក់។ ប៉ុន្តែជាងដប់ឆ្នាំកន្លងមកនេះ ប្រភពមួយចំនួនទៀតបញ្ជាក់ថាចំនួនឧកញ៉ានៅក្នុងប្រទេសកម្ពុជាអាចកើនដល់៣០០០នាក់។ ហើយឧកញ៉ាមួយចំនួនបំពេញការងារជំនួញផង និងការងារជាក្របខណ្ឌមន្ត្រីរាជការផង ថែមទាំងមានតួនាទីសំខាន់ ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ និងក្នុងស្ថាប័នរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ៕