ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្សោយ​អភិបាលកិច្ច​រាំង​ស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា


រូបឯកសារ៖ ពលរដ្ឋ​ម្នាក់​ងូត​ទឹក​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​ក្រីក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩។ (AP)

អ្នកវិភាគ​មួយ​ចំនួន​បាន​បង្ហាញ​ថា កម្ពុជា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បំណុល​ចិន ដែល​អាច​នឹង​គ្មាន​ចីរភាព និង​ផ្តល់​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈ​ពេល​វែង។

ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ក្បែរ​បាត​តារាងស្ទើរ​គ្រប់​សូចនាករ​នៃ​ការ​អភិវឌ្ឍន៍​លើ​សាកល​លោក​នេះ។ កាល​ពី​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា បាន​វិវត្ត​ពី​ប្រទេស​ក្រីក្រ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ប៉ុន្តែ​មួយ​ភាគ​ប្រាំ​នៃ​ប្រជាជន​កម្ពុជា នៅ​តែ​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​ឡើយ។

ការរីក​ចម្រើន​ដែល​គ្មាន​លំនឹង

កម្ពុជា​រក្សា​បាន​នូវ​លំនឹង​កំណើន​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ បើ​យោង​តាម​ធនាគារ​ពិភព​លោក ប្រទេស​នេះ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២០ ពាន់​លាន​ដុល្លាររ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ បាន​កើន​ដល់​ប្រហែល​១២០០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ ដែល​បាន​កើន​ពី​២៥០ដុល្លារ​កាល​ពី​ឆ្នាំ​១៩៩៥។

រូបឯកសារ៖ លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​សិក្ខា​លាសា​មួយ​នៅក្នុងទីក្រុងភ្នំពេញ​ នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ២០១៨។ (រូបថត​ពី​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា)
រូបឯកសារ៖ លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​សិក្ខា​លាសា​មួយ​នៅក្នុងទីក្រុងភ្នំពេញ​ នៅ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ២០១៨។ (រូបថត​ពី​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា)

លោក Nick Beresford នាយក​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រាប់​VOAថា៖

«ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ ក្នុង​អំឡុង​ពេល​ជាង​១៥ឆ្នាំ​នេះ អ្នក​ឃើញ​ហើយ​ថា​សេដ្ឋកិច្ច​មាន​ទំហំ​ធំ​ជាង​៣​ដង។ ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ពាក់​កណ្តាល។ នេះ​គឺ​ជា​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​មួយ។

ប៉ុន្តែ​បំណុល​របស់​កម្ពុជា​ក៏​បាន​កើន​ឡើង​ផង​ដែរ ដែល​កើន​ដល់​ជិត​៦​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧។ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ IMF បាន​រាយការណ៍​ថា កម្រិត​នៃ​បំណុល​កម្ពុជា គឺ​នៅ​តែ​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​វា​ងាយ​រង​គ្រោះ​ដោយសារ​វិបត្តិ​ខាង​ក្រៅ។

របាយការណ៍​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា៖ «និរន្តរភាព​នៃ​បំណុល កាន់​តែ​មាន​ភាព​ងាយ​រង​គ្រោះ កើន​ឡើង​ថែម​ទៀត​ដោយ​សារ​បញ្ហា​ម៉ាក្រូ​សេដ្ឋកិច្ច រួមមាន​ទាំង​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ និង​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​គ្រប់គ្រង​អត្រា​ប្តូរ​ប្រាក់ វិបត្តិ​ចំណូល​ប្រចាំ​ឆ្នាំ និង​បំណុល​ដែល​អាច​កើន​ឡើង​ជាយថា​ផល»។

លោក Nick Beresford បាន​ប្រាប់ VOAថា ប្រជាជន​កម្ពុជា​ភាគច្រើន​ដែល​មាន​ប្រាក់​ចំណូល​លើស​បន្ទាត់​ភាព​ក្រីក្រ​តិច​តួច ងាយ​រងគ្រោះ​ចំពោះ​វិបត្តិ​ទាំង​នោះ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖

«ប្រជា​ពលរដ្ឋ​ខ្លះ​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ។ នៅ​ពេល​នេះ យើង​ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាជន​ប្រមាណ​១០​ភាគរយ​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ ប៉ុន្តែ​មាន​ប្រជាជន​ជា​ច្រើន​ដែល​រស់​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ពួកគេ​មិន​ចាត់​ចូល​ជា​ក្រុម​ជន​ក្រីក្រ​ទេ ប៉ុន្តែ​ពួកគេ​នៅ​ក្បែរៗ​បន្ទាត់​ភាព​ក្រីក្រ។ យើង​អាច​ចាត់​ទុក​ថា ជា​ក្រុម​ងាយ​រងគ្រោះ»។

បំណុល​របស់​ចិន

ចិន​គឺ​ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​សម្រាប់​កម្ពុជា។ ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ប្រហែល​ជា ២០លាន​ដុល្លារ សម្រាប់​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​២៩ ខែ​កក្កដា កន្លង​ទៅ។ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​យោធា​ប្រមាណ​១០០លាន​ដុល្លារ មក​កម្ពុជា។

ប្រទេស​ចិន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា​ជា ម្ចាស់​បំណុល​ដែល​កេង​ចំណេញ​លើ​កូន​បំណុល​ដើម្បី​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ដែល​ស្ថិត​ក្នុង​ដែនដី​របស់​កូន​បំណុល។ អ្នក​រិះគន់​បាន​ផ្តល់​ឧទាហរណ៍​មួយ​ចំនួន​អំពី​ករណី​អន្ទាក់​បំណុល​ចិន​ក្នុង​ទ្វីប​អាហ្រ្វិក និង​អាស៊ី។

អ្នកវិភាគ​មួយ​ចំនួន​បាន​បង្ហាញ​ថា កម្ពុជា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បំណុល​ចិន ដែល​អាច​នឹង​គ្មាន​ចីរភាព និង​ផ្តល់​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈ​ពេល​វែង។

លោក Charles Edel អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​សហរដ្ឋអាមេរិក (United States Studies Center) ថា៖

«ខ្ញុំ​គិត​ថា​លទ្ធភាព​របស់​កម្ពុជា ដែល​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​នោះ គឺ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់​សំគាល់។ វា​មាន​កម្រិត​ខ្ពស់​នៅ​ពេល​ណា​ដែល​រដ្ឋាភិបាល​កម្ពុជា​ខ្ជី​លុយ​ពី​ចិន​កាន់​តែ​ច្រើន ហើយ​រដ្ឋាភិបាល​នេះ​មិន​មាន​ប្រភព​ចំណូល​ណា​ផ្សេង ឬ អ្នក​ដេញ​ថ្លៃ​ដទៃ​ទៀត​លើ​គម្រោង​នានា​ទេ​ក្រៅ​តែ​ពី​ចិន»។

អ្នក​វិភាគ​មួយ​ចំនួន​ទៀត មើល​ឃើញ​ថា​បំណុល​ចិន គឺ​ជា​មធ្យោបាយ​ក្នុង​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា និង​រារាំង​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក Brian Eyler នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson បាន​និយាយ​ថា ជំនួយ​ចិន គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​កម្ពុជា​អាច​នឹង​មិន​សម្រេច​បាន​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​ទេ។

លោក​បាន​និយាយ​ថា៖

«នៅ​ពេល​ដែល​ការ​វិនិយោគ និង​ថវិការ​របស់​ចិន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា វា​ភ្ជាប់​មក​ជា​មួយ​នឹង​មធ្យោបាយ​ជាក់លាក់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ នេះ​ច្បាស់​ណាស់​គឺ​គន្លង​នៃ​ការ​អភិវឌ្ឍន៍​របស់​ចិន។ អ្វី​ដែល​យើង​មើល​ឃើញ​នោះ គឺ​ថា​ការអភិវឌ្ឍន៍​តាម​បែប​ចិន​បាន​កើត​ឡើង​នៅ​កម្ពុជា។ ទាំង​នេះ​អាច​បង្ក​គ្រោះភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា បរិស្ថាន និង​ប្រជាពលរដ្ឋ​ជា​ទូទៅ​នៅ​កម្ពុជា»។

លោក Brian Eyler បាន​និយាយ​ថា ជំនួយ​ចិន​មិន​ភ្ជាប់​លក្ខខ័ណ្ឌ​សិទ្ធិ​មនុស្ស​ដូច​ជំនួយ​នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច​ទេ ប៉ុន្តែ​វា​ភ្ជាប់​មក​ជាមួយ​នឹង​ប្រយោជន៍​នយោបាយ ជា​ពិសេស​គឺ​ប្រយោជន៍​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ាន។

លោក​បាន​បញ្ជាក់ដូច្នេះ​ថា៖

«ខ្ញុំ​មិន​យល់​ស្រប​ទេ​ដែល​ថា ការ​វិនិយោគ​របស់​ចិន​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​អ្វីនោះ។ ខ្ញុំ​គិត​ថា មាន​ការ​ដោះដូរ​ផ្ទៃ​ក្នុង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​រដ្ឋាភិបាល​ទាំង​ពីរ ទាំង​កម្ពុជា ទាំង​ចិន»។

លោក Charles Edel បាន​និយាយ​ថា ការ​គៀងគរ​វិនិយោគ និង​ជំនួយ​មក​ពី​ប្រភព​ផ្សេងៗ​ទៀត គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។

លោក​បាន​និយាយ​ថា៖ «កម្ពុជា​ត្រូវ​ការ​វិនិយោគ​បរទេស​ដែល​មក​ពី​ប្រភព​ផ្សេងៗ ហើយ​នេះ​ជា​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់។ ប៉ុន្តែ​វា​ហាក់​ដូច​ជា​នៅ​រឹត​ត្បិត​នៅ​ឡើយ​នៅ​កម្ពុជា»។

ស្ថាប័ន​រដ្ឋ​ដែល​ទន់ខ្សោយ

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ឈ្នះ​អាសនៈ​សភា​ទាំង​អស់នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​រឹងមាំ។

លោក Brian Eyler បាន​និយាយ​ថា ការ​ដែល​មាន​តែ​គណបក្ស​មួយ​គត់​នៅ​ក្នុង​សភា​នោះ វា​នឹង​ក្លាយ​ជា​ហានិភ័យ​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ដោយសារ​តែ​សមាជិក​គណបក្ស​ប្រជាជន​ទាំង​អស់​មាន​គំនិត​ស្រប​គ្នា។

លោក Nick Beresford បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​កៀប​សង្កត់​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​និយាយ​ថា កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ និង​ក្រុម​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា គាំទ្រ​សេចក្តី​ថ្លែងការ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ខ្លួន​។

លោក​បាន​ប្រាប់​VOAថា៖

«ចំពោះ​បញ្ហា​អភិបាលកិច្ច នៅ​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រហែល​ពីរ ឬ បី​ថ្ងៃ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការ​មួយ ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរ​ការ​នយោបាយ​មួយ​ដែល​មាន​ការចូលរួម និង​ពហុបក្ស។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តជាតិ និង​ធានា​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​នយោបាយ​នានា​អាច​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ»។

កម្សោយ​វិមជ្ឈការ

ប្រទេស​កម្ពុជា មាន​ប្រវត្តិ​យូរ​អង្វែង​មក​ហើយ​ក្នុង​ការ​ប្រមូល​ផ្តុំ​អំណាច។ ប្រទេស​នេះ​បាន​ធ្វើ​កំណែ​ទម្រង់​វិមជ្ឈការ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​២០០០ មក។ ប៉ុន្តែ អ្នកជំនាញ បញ្ជាក់​ថា កំណែ​ទម្រង់​នេះ​មិន​បាន​ឲ្យ​ផល​ជា​ទី​គាប់​ចិត្ត​ឡើយ ក្រៅ​តែ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​មក​ក៏ដោយ។

លោក ឃួន ធារ៉ា អ្នកស្រាវជ្រាវ​អំពី​វិមជ្ឈការ​នៅ​កម្ពុជា បាន​ប្រាប់​VOAថា៖ «យើង​ដឹង​ហើយ​ថា កំណែ​ទម្រង់​វិមជ្ឈការ​នៅ​ស្រុក​ខ្មែរ​យើង បាន​ចាប់​កំណើត​ឡើង​តាំង​ពី​ឆ្នាំ​២០០២​មក។ យើង​មាន​មូនិធិ​អភិវឌ្ឍន៍​ឃុំ​សង្កាត់។ មូនិធិ​ហ្នឹង​កាល​ពី​ដើម​ឡើយ ឆ្នាំ​២០០២ គឺ​បាន​ផ្តល់​ឲ្យ​ដោយ​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន។ ដល់​ពេល​ថ្មីៗ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​យើង​ជា​អ្នក​ផ្តល់​មូនិធិ​នេះ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មូនិធិ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ យើង​ឃើញ​ថា​មាន​តែ​ចំនួន​៣​ភាគរយ​នៃ​ថវិការ​ជាតិ​សរុប»។

លោក​ឃួន ធារ៉ា​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ «តួរនាទី​មិន​ច្បាស់​លាស់» នៃ​អាជ្ញាធរ​មូលដ្ឋាន ដែល​បណ្តាល​ឲ្យ​មាន​ការ​អនុវត្តន៍​គោលនយោបាយ​មិន​មាន​ប្រសិទ្ធិ​ផល។

លោក ឃួន ធារ៉ា​បាន​និយាយ​ថា៖ «បើ​និយាយ​អំពី​មុខងារ​វិញ ថ្នាក់​ក្រោម​ជាតិ​នៅ​ពេល​នេះ យើង​ឃើញ​ថា​តួរនាទី​របស់​គាត់​នៅ​តែ​មាន​ភាព​ស្រពេច​ស្រពិល។ ប្រសិន​បើ​អាច សូម​ឲ្យ​តួនាទី​ហ្នឹង វា​មាន​ភាព​ជាក់​ច្បាស់​ជាង​នេះ ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​គាត់​អាច​អនុវត្ត​មុខ​នាទី​ទាំង​នេះ កាន់​តែ​មាន​ប្រសិទ្ធភាព»។

លោក Brian Eyler បាន​និយាយ​ថា អវត្តមាន​នៃ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​ខ្វះ​ភាគី​ដែល​ដឹក​នាំ​ការ​ពិភាក្សា​លើ​គោល​នយោបាយ​អភិវឌ្ឍន៍។

លោក​បាន​ប្រាប់​ថា៖ «មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ត្រូវ​បារម្ភ​ពី​អនាគត​នៃ​អភិបាល​កិច្ច​ល្អ​នៅ​កម្ពុជា។ បើ​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​រឹង​មាំ​ទេ តើ​នរណា​នឹង​ជម្រុញ​ឲ្យ​មាន​ការ​ពិភាក្សា​សំខាន់ៗ?»៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG