កំណត់និពន្ធ៖ លោក Nick Beresford ជានាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា។ លោក Nick Beresford ធ្វើការជាមួយអង្គការសហប្រជាជាតិចំនួន១៦ឆ្នាំមកហើយ លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនពេលលោកកាន់ដំណែងជានាយកគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា លោកធ្លាប់ជានាយករងនៃទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះប្រចាំប្រទេសបង់ក្លាដែស។ លោកក៏ធ្លាប់ធ្វើការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នៅប្រទេសសូម៉ាលី និងទីម័រខាងកើតផងដែរ។ លោក Nick Beresford បានផ្តល់បទសម្ភាសន៍ឲ្យកញ្ញា យូ សុធារី នៃវីអូអេ អំពីកិច្ចការរបស់ UNDP នៅប្រទេសកម្ពុជា។ សូមលោកអ្នកនាងអានខ្លឹមសារលម្អិតនៃបទសម្ភាសន៍នេះដូចតទៅ៖
VOA៖ តើកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំប្រទេសកម្ពុជា បានជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជាលើវិស័យអ្វីខ្លះ?
Nick Beresford៖ យើងអាចបែងចែកការងារដែលយើងបានធ្វើជាមួយនឹងរដ្ឋាភិបាលកម្ពុជាទៅជា៣ផ្នែក។ ផ្នែកទី១ គឺការការពារបរិស្ថាន ដែលពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុ។ ផ្នែកទី២ គឺការរីកចម្រើន និងភាពរឹងមាំនៃការអភិវឌ្ឍ និងទី៣ គឺទៅលើបញ្ហាគោលនយោបាយនានា ដូចជាគោលនយោបាយសេដ្ឋកិច្ច និងអភិបាលកិច្ច។
VOA៖ តើលោកយល់យ៉ាងណាចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា និងវិសមភាពនៅក្នុងប្រទេស? តើលោកយល់ថា គោលនយោបាយទាំងនោះបានរួមចំណែកដោះស្រាយបញ្ហាយ៉ាងដូចម្តេច?
Nick Beresford៖ យើងមើលទៅលើការអភិវឌ្ឍជាទូទៅ។ ដំបូង ការអភិវឌ្ឍសេដ្ឋកិច្ចទទួលបានជោគជ័យល្អណាស់។ ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាងមុនបីដង។ ភាពក្រីក្រធ្វើបានធ្លាក់ចុះជាងពាក់កណ្តាល។ នេះការសមិទ្ធិផលដ៏អស្ចារ្យមួយ។ ចំពោះអភិបាលកិច្ចវិញ ខ្ញុំគិតថា មានបញ្ហាប្រឈមខ្លះនៅក្នុងអភិបាលកិច្ចប្រកបដោយប្រជាធិបតេយ្យ ហើយមានការងារច្រើនទៀតដែលចាំបាច់ត្រូវធ្វើ។ ផ្នែកចុងក្រោយនៃសំណួររបស់អ្នកក៏បានផ្តោតលើវិសមភាពដែរ។
ប្រសិនបើយើងមើលទិន្នន័យដែលយើងមាន មិនថាយើងប្រើវិធីសាស្ត្រ Gini coefficient ឬ Tile data ឬវិធីសាស្ត្រផ្សេងនោះទេ ទិន្នន័យទាំងនោះបង្ហាញថា ពិតណាស់វិសមភាព នៅតែអាចគ្រប់គ្រងបាននៅឡើយ។ កម្ពុជាមានភាពប្រសើរ បើប្រៀបធៀបទៅប្រទេសជិតខាង។ មិនមានសញ្ញាអវិជ្ជមានខ្លាំងនោះទេ។ ប៉ុន្តែខ្ញុំគិតថា បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនគឺថា តើទិន្នន័យដែលយើងប្រើហ្នឹងវាល្អក្នុងកម្រិតណា។ យើងដឹងថា ប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួនត្រូវការកែលម្អឲ្យប្រសើរជាងមុន ហើយជួលកាលទិន្នន័យដែលយើងប្រើប្រាស់មិនប្រាកដថា បង្ហាញពីភាពត្រឹមត្រូវនៃទិដ្ឋភាពទាំងមូលនោះទេ។
VOA៖ តើលោកមើលឃើញវឌ្ឍនភាពនៃអភិបាលកិច្ចក្នុងប្រទេសកម្ពុជាក្នុងកម្រិតណា?
Nick Beresford៖ បើនិយាយពីអភិបាលកិច្ច នៅមុនថ្ងៃបោះឆ្នោតប៉ុន្មានថ្ងៃ លោកអគ្គលេខាធិការ [អសប] បានចេញសេចក្តីថ្លែងការណ៍មួយ ហើយលោកបានអំពាវនាវឲ្យមានដំណើរការនយោបាយដែលមានការចូលរួមពីគ្រប់ភាគី។ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ធានាឲ្យអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ យើងគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ក្នុងចំណោមក្រុមការងារអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (ហៅកាត់ថា OHCHR) ក៏បានបញ្ចេញក្តីបារម្ភរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហានាពេលថ្មីៗនេះ ដែលប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការនយោបាយផ្សេងៗ មិនមានឱកាសនយោបាយ ដែលពួកគេធ្លាប់មានកាលពីពេលមុន។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានបញ្ចេញក្តីបារម្ភជុំវិញការរឹតត្បិតទៅលើសារព័ត៌មាន និងស្ថាប័នផ្សេងៗផងដែរ។ ខ្ញុំគិតថា សម្រាប់អភិបាលកិច្ច យើងទទួលស្គាល់ថា មានការងារខ្លះត្រូវធ្វើបន្ថែម។ បើគិតឲ្យវិជ្ជមានទៅ យើងពិតជាចង់ចូលរួមជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យមើលអ្វីដែលយើងអាចជួយបានដើម្បីធ្វើឲ្យមានភាពល្អប្រសើរជាងមុន។
VOA៖ តើត្រូវធ្វើអ្វីដើម្បីធានាថា ការអភិវឌ្ឍអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរទូទៅ ជាពិសេសពលរដ្ឋរាប់លាននាក់ដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ឬរស់នៅក្បែរបន្ទាត់ក្រីក្រតែ?
Nick Beresford៖ អ្នកបានលើកឡើងនូវចំណុចសំខាន់ចំនួនពីរ។ អ្នកនិយាយពីអ្នកដែលរស់នៅក្រោមបន្ទាត់ក្រីក្រ។ នៅពេលនេះ យើងប៉ាន់ស្មានថា ប្រជាជនកម្ពុជាប្រមាណជា១០% កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រជាតិ។ ប៉ុន្តែមានពលរដ្ឋជាច្រើនដែលរស់នៅពីលើបន្ទាត់ភាពក្រីក្រតែបន្តិចប៉ុណ្ណោះ។ ពួកគេមិនត្រូវបានគេរាប់បញ្ចូលជាអ្នកក្រនោះទេ ប៉ុន្តែពួកគេស្ទើរតែត្រូវបានគេចាត់ទុកថាជាជនក្រីក្រ ហើយយើងចាត់ទុកពួកគេថាជា ក្រុមងាយរងគ្រោះ ដែលប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច បញ្ហាសុខភាព និងបញ្ហាផ្សេងៗទៀត។
ខ្ញុំគិតថា គោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗបំផុតដែលគួរតែអនុវត្តនាពេលខាងមុខ គឺគោលនយោបាយសន្តិសុខសង្គម។ យើងសប្បាយចិត្តដែលមើលឃើញថា រដ្ឋាភិបាលមានភាពសកម្មនៅក្នុងគោលនយោបាយ។ រដ្ឋាភិបាលបានចេញគោលនយោបាយនានា និងដាក់ឲ្យបានអនុវត្តគោលនយោបាយសន្តិសុខសង្គមមួយចំនួនរួចទៅហើយ។ នេះជាមធ្យោបាយដែលយើងជួយបង្កើតភាពរឹងមាំ និងការពារពួកគេពីភាពងាយរងគ្រោះ។
VOA៖ តើលោកគិតថា បញ្ហាខាងលើមានពាក់ព័ន្ធជាមួយនឹងការពង្រឹងស្ថាប័នរដ្ឋដែរឬទេ?
Nick Beresford៖ បាទ! នោះជាផ្នែកមួយទៀត។ ខ្ញុំគិតថា វាក៏មានសារៈសំខាន់ដែរដើម្បីឲ្យនយោបាយសន្តិសុខសង្គមមានដំណើរការល្អ។ រដ្ឋាភិបាលត្រូវការភាពរឹងមាំ និងសមត្ថភាពពេញលេញក្នុងជួររដ្ឋាភិបាល ដើម្បីអនុវត្តផែនការនោះបានត្រឹមត្រូវ។ ដូច្នេះរដ្ឋាភិបាល អាចត្រួតពិនិត្យការងារ និងអាចការពារសកម្មភាពពុករលួយនានា ហើយផែនការទាំងនោះអាចទទួលបានទាំងប្រសិទ្ធភាព និងប្រសិទ្ធផល។ នោះពលរដ្ឋ អាចទទួលបានសេវាសុខភាពដែលពួកគេត្រូវការ។ ខ្ញុំគិតថា ដំបូងរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើស្ត្រី ដែលមានកូនតូចៗ និងស្ត្រីមានផ្ទៃពោះដែលអាចជាក្រុមមនុស្សដំបូងដែលស្ថិតនៅក្រោមផែនការសន្តិសុខសង្គម ដែលនឹងទទួលបានប្រាក់ជាកញ្ចប់។ យើងគិតថា នេះជាចំណុចសមហេតុសមផលក្នុងការចាប់ផ្តើម។ វាងាយស្រួលទេក្នុងការកំណត់ក្រុមអ្នកទទួលផលប្រយោជន៍ឲ្យបានត្រឹមត្រូវ ងាយស្រួលក្នុងការកំណត់ក្រុមស្រ្តីទាំងនោះ ហើយនេះជាជំហានដំបូងដ៏ល្អនៅក្នុងការគាំពារសង្គម។
ខ្ញុំគិតថា ការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋមានសារៈសំខាន់។ ខ្ញុំគិតថា វាក៏មានសារៈសំខាន់នៅក្នុងដំណើរការកំណត់ថវិកាឡើងវិញ ដើម្បីបែងចែកថវិកាឲ្យបានគ្រប់គ្រាន់ដល់កម្មវិធីគាំពារសង្គម ហើយត្រូវផ្តល់ថវិកាឲ្យបានច្រើនជាងមុនទៅក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។ វិស័យទាំងនេះជាវិស័យសំខាន់ៗ និងមានប្រយោជន៍ក្នុងការធ្វើឲ្យប្រជាពលរដ្ឋអាចចូលរួមយ៉ាងសកម្មក្នុងទីផ្សារការងារ។ ដោយមានការអប់រំ និងការធានារ៉ាប់រងលើសុខភាពបានគ្រប់គ្រាន់ ពួកគេអាចរស់នៅប្រកបដោយភាពរីករាយ និងដោយមានការធានាសង្គម។
VOA៖ ទាក់ទងនឹងការបែងចែកថវិកា ជាច្រើនដង នៅពេលយើងនិយាយទៅកាន់មន្ត្រីរដ្ឋាភិបាល ជាច្រើនដង យើងបានឮថា ពួកគេមិនមានថវិកាគ្រប់គ្រាន់នោះទេ ដោយសារកម្មវិធីរបស់ពួកគេពឹងផ្អែកលើជំនួយបរទេស។ តើថវិកានោះគួរមានប្រភពមកពីណា ប្រសិនបើរដ្ឋាភិបាលចង់បែងចែកថវិការបស់ខ្លួនឲ្យទៅកម្មវិធីសន្តិសុខសង្គមកាន់តែច្រើន?
Nick Beresford៖ នេះជាសំណួរដ៏ល្អមួយ ដោយសារវាពាក់ព័ន្ធនឹងការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ ជាច្រើនឆ្នាំកន្លងទៅ កម្ពុជាជាប្រទេសពឹងផ្អែកលើជំនួយ។ ប៉ុន្តែឥឡូវនេះ ប្រទេសកម្ពុជាបានក្លាយជាប្រទេសពឹងផ្អែកលើពាណិជ្ជកម្ម។ ការបើកចំហររបស់ប្រទេសនេះចំពោះទីផ្សារបរទេស និងកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានបានជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ ពីព្រោះកំណើនសេដ្ឋកិច្ចនោះក៏បានជួយដល់កម្មករមិនមានជំនាញ ឬមានជំនាញតិចតួចផងដែរ។ ជាឧទាហរណ៍ រោងចក្រកាត់ដេរ បានផ្តល់ការងារជាច្រើនដល់ពលរដ្ឋសាមញ្ញ។
តទៅមុខទៀត អ្វីដែលយើងមើលឃើញ គឺរឿងពីរយ៉ាង។ ទី១ គឺកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ដែលមានប្រមាណ៧% ឬប្រហាក់ប្រហែលហ្នឹង។ នេះជាការពិតអស់រយៈពេលជាច្រើនឆ្នាំហើយ។ ទី២ គឺអត្រានៃការប្រមូលពន្ធខ្ពស់ ដែលមានប្រមាណជា២០% ហើយតួលេខនេះខ្ពស់គួរសមនៅក្នុងតំបន់នេះ។ ជាក់ស្តែងណាស់ វាជាការល្អ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ប្រសិនបើយើងបញ្ចូលកត្តាទាំងពីរជាមួយគ្នា ថវិការបស់រដ្ឋាភិបាលមានការកើនឡើងយ៉ាងខ្លាំង។ វាមានចំនួនប្រមាណជា២០%ច្រើនជាងឆ្នាំទៅ ដែលមានចំនួនប្រមាណជា៦ប៊ីលានដុល្លារ ហើយសេដ្ឋកិច្ចកម្ពុជាមានទឹកប្រាក់ប្រមាណ២០ពាន់លានដុល្លារ។ ដោយមានកើនឡើងនេះ ប្រទេសកម្ពុជានឹងអាចផលិតធនធានក្នុងស្រុកបានដោយខ្លួនឯង ដើម្បីអាចវិនិយោគទៅក្នុងវិស័យសុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀត។ យើងទាំងអស់គ្នាចង់ឃើញរដ្ឋាភិបាលផ្តល់ថវិកាបន្ថែមទៀតលើវិស័យទាំងនេះ។
VOA៖ ដូច្នេះ ថវិកា២០%ត្រូវបានគេផ្តល់ទៅក្នុងវិស័យផ្សេងទៀតឬទេ?
Nick Beresford៖ ច្បាស់ណាស់ របៀបនៃការបែងចែកថវិកាជាការសម្រេចចិត្តថ្នាក់ជាតិរបស់រដ្ឋាភិបាលនីមួយៗ មិនមែនតែកម្ពុជានោះទេ។ ប៉ុន្តែយើងបានបញ្ចូលករណីសិក្សាពីភាគីអង្គការសហប្រជាជាតិ ហើយខ្ញុំគិតថា ភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗទៀតយល់ស្របលើចំណុចថា គួរតែព្យាយាមផ្តល់ប្រាក់បន្ថែមទៅក្នុងវិស័យសុខាភិបាល អប់រំ កម្មវិធីគាំពារសង្គម និងវិស័យផ្សេងៗ តាមតែអាចធ្វើទៅបាន។ ទាំងនេះជាវិស័យដែលអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរទូទៅបានយ៉ាងពិតប្រាកដ។
VOA៖ តាមទស្សនៈរបស់អង្គការសហប្រជាជាតិ តើលោកបារម្ភពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាដែរឬទេ ជាពិសេសអំពើពុករលួយនៅក្នុងប្រព័ន្ធពន្ធដារ?
Nick Beresford៖ ខ្ញុំគិតថា យើងត្រូវចាំថា គ្រប់ប្រទេសចំណូលមធ្យមកម្រិតទាបទាំងអស់សុទ្ធតែជួបបញ្ហានេះ។ តាមពិតទៅ ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ជាច្រើនក៏ជួបបញ្ហានេះដែរ។ ដូច្នេះ ប្រទេសកម្ពុជាមិនមានបញ្ហានេះតែម្នាក់ឯងនោះទេ។
ខ្ញុំគិតថា វាជារឿងធម្មតា និងជាផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ប្រទេសមួយ ដែលកាលពីប៉ុន្មានឆ្នាំមុនជាប្រទេសមានចំណុលទាប ដែលបញ្ហានៃការបាត់ប្រាក់ អំពើពុករលួយ តម្លាភាព និងទំនួលខុសត្រូវតែងតែកើតឡើង។ មិនមែនថាយើងត្រូវរំពឹងថាវាកើតឡើងទេ ប៉ុន្តែវាមិនមានមូលហេតុផ្សេងក្រៅពីទទួលស្គាល់ការពិត ឬនិយាយយើងមិនគួរព្យាយាមប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះនោះទេ។
ខ្ញុំគិតថា ប្រសិនបើអ្នកមើលទៅប្រទេសអ្នកមាន ដូចជាចិន បានធ្វើការតាំងចិត្តជាសាធារណៈ និងខ្លាំងក្លាដើម្បីទទួលស្គាល់បញ្ហានេះ ហើយក៏ចាត់វិធានការច្រើនដើម្បីដោះស្រាយវាដែរ។ ដូច្នេះខ្ញុំគិតថា មានមេរៀនច្រើនដែលយើងអាចរៀនពីតំបន់អាស៊ី ដែលរដ្ឋាភិបាលអាចជ្រើសយក ហើយរៀនថាតើខ្លួនអាចចាប់ផ្តើមបែបណាដើម្បីដោះស្រាយបញ្ហានោះបានដោយជោគជ័យ។
VOA៖ តើរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការគ្រប់គ្រាន់ហើយឬនៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស?
Nick Beresford៖ វាពិបាកនឹងនិយាយណាស់។ ខ្ញុំគិតថា នៅពេលនេះ វានៅតែជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែខ្ញុំគិតថា រដ្ឋាភិបាលដឹងពីបញ្ហានេះ ហើយរដ្ឋាភិបាលត្រូវស្វែងរកវិធីដើម្បីដោះស្រាយបញ្ហានេះដោយខ្លួនឯង ហើយត្រូវដោះស្រាយវាឲ្យបានជោគជ័យជាងមុន។ ដៃគូអភិវឌ្ឍន៍ដូចជាយើងខ្ញុំប្រឹងប្រែងជួយតាមដែលអាចធ្វើទៅបាន ដើម្បីជួយលុបបំបាត់បញ្ហានេះ។ វិធីមួយដែលរដ្ឋាភិបាលអាចធ្វើ គឺដំឡើងប្រាក់បៀវត្សរ៍ឲ្យមន្ត្រីរាជការ ដោយផ្តល់ស្តង់ដាររស់នៅដ៏ល្អមួយដល់មន្ត្រីរាជការ។ វានឹងជួយកាត់បន្ថយតម្រូវការរបស់មន្ត្រីរាជការក្នុងការស្វែងរកប្រភពចំណូលផ្សេង។
ខ្ញុំគិតថា ឧទាហរណ៍ល្បីបំផុតគឺឧទាហរណ៍របស់លោក លី ក្វាន់យូ (Lee Kuan Yew) នៅក្នុងប្រទេសសិង្ហបុរី។ លោកមានជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអំពើពុករលួយ ហើយក៏បានបង្កើនប្រាក់បៀវត្សរ៍យ៉ាងច្រើនដើម្បីធានាឲ្យបានថា ការងារសាធារណៈនឹងទទួលបានប្រាក់បៀវត្សរ៍ល្អ។ មានវិធីផ្សេងៗទៀតដែលគេប្រើដើម្បីដោះស្រាយបញ្ហានេះ ហើយយើងជំរុញឲ្យរដ្ឋាភិបាលមើលឧទាហរណ៍ទាំងនេះ និងធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីបោះជំហានទៅមុខដើម្បីដោះស្រាយបញ្ហានេះ។
VOA៖ លោកបានលើកឡើងអំពីការជួយរបស់ដៃគូអភិវឌ្ឍន៍ដល់រដ្ឋាភិបាល។ ខ្ញុំមានចម្ងល់ទាក់ទងនឹងបរិបទនយោបាយសព្វថ្ងៃ។ តើដៃគូអភិវឌ្ឍន៍បានជួយឲ្យពលរដ្ឋខ្មែរធ្វើឲ្យរដ្ឋាភិបាលមានទំនួលខុសត្រូវដោយរបៀបណា?
Nick Beresford៖ ខ្ញុំគិតថា យើងមើលឃើញថា រដ្ឋាភិបាលកំពុងធ្វើដំណើរទៅមុខដើម្បីឈានដល់ការចងសម្ព័ន្ធនយោបាយ និងដើម្បីធ្វើឲ្យមានការចូលរួមពីគ្រប់ភាគី ប៉ុន្តែយើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជំរុញដល់រដ្ឋាភិបាល។ យើងត្រូវតែចាំថា បញ្ហានេះត្រូវការរដ្ឋាភិបាល និងពលរដ្ឋខ្មែរដោះស្រាយ។ នៅពេលជាមួយគ្នា នៅក្នុងអង្គការសហប្រជាជាតិ យើងប្រកាន់ខ្ជាប់គោលការណ៍អភិបាលកិច្ចបែបប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
នៅក្នុងអត្ថាធិប្បាយរបស់ការិយាល័យ OHCHR និងលោកអគ្គលេខាធិការដែលខ្ញុំបានលើកឡើងកាលពីខាងលើ យើងបានបញ្ចេញក្តីបារម្ភមួយចំនួនរបស់យើង ហើយក្នុងពេលជាមួយគ្នា ក៏បានបង្ហាញការលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះស្រាយបញ្ហាអភិបាលកិច្ចដែលមានការចូលរួមពីគ្រប់ភាគី អភិបាលកិច្ចបែបប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សជាច្រើនទៀត។ យើងសង្ឃឹមថា នៅក្នុងផែនការអភិវឌ្ឍន៍ថ្មី បញ្ហាទាំងនេះនៅតែជាការងារស្នូលដែលត្រូវធ្វើនាពេលអនាគត។
VOA៖ តើលោកមានការបារម្ភថា រដ្ឋាភិបាលអាចនឹងផ្តោតតែលើការរីកចម្រើនតាមតួលេខ ប៉ុន្តែមិនបានខ្វល់ពីការចូលរួមពីគ្រប់ភាគី ដែរឬទេ?
Nick Beresford៖ ខ្ញុំគិតថា រឿងពីរនេះពាក់ព័ន្ធគ្នា។ ខ្ញុំគិតថា ប្រទេសកម្ពុជាគួរមានការចូលរួមដ៏ល្អនៅក្នុងដំណើរការផ្លាស់ប្តូរទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ រដ្ឋាភិបាលបានធ្វើការប្តេជ្ញាចិត្តជាសាធារណៈ ព្យាយាមក្លាយទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ហើយយើងគាំទ្រយ៉ាងពេញទំហឹង។ រដ្ឋាភិបាលត្រូវមើលលើបញ្ហាអភិបាលកិច្ច ដែលជួយគាំទ្រដល់ដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចនេះ។
ដូច្នេះ វានឹងនាំឲ្យមានបរិបទនយោបាយ និងសង្គមដែលមានការចូលរួមពីគ្រប់ភាគី។ ជាឧទាហរណ៍ ការពង្រឹងអំណាចស្ត្រី និងកុមារី។ ស្ត្រី និងកុមារីមិនទទួលបានការអប់រំ ជំនាញ និងឱកាសត្រឹមត្រូវ នៅក្នុងសេដ្ឋកិច្ចកម្ពុជានោះទេ ហើយពួកគេមិនទទួលបានការការពារផ្នែកសិទ្ធិមនុស្សបានគ្រប់គ្រាន់នោះទេ។ ដូច្នេះ យើងមានប្រជាជនពាក់កណ្តាលមិនបានរួមចំណែកនៅក្នុងសេដ្ឋកិច្ចទេ។
ដូច្នេះ នេះជាឧទាហរណ៍មួយល្អ ដែលខ្ញុំគិតថា ការចូលរួមផ្នែកនយោបាយពីគ្រប់ភាគី ឬការគោរពសិទ្ធិមនុស្សនឹងមានលទ្ធផលសេដ្ឋកិច្ចរយៈពេលវែងជាង។ ដូច្នេះ ខ្ញុំគិតថា យើងមិនគួរតែមើលតែផ្នែកសេដ្ឋកិច្ច ហើយមិនខ្វល់ពីបញ្ហាអភិបាលកិច្ចនោះទេ ដោយសារខ្ញុំគិតថា ក្នុងរយៈពេលខ្លី ទំនាក់ទំនងនេះប្រហែលជាមិនជាច្បាស់ប៉ុន្មាននោះទេ ប៉ុន្តែក្នុងរយៈពេលវែងវាមើលឃើញច្បាស់តែម្តង។ នេះជាអ្វីដែលយើងចង់ឃើញ ហើយរដ្ឋាភិបាលក៏ចង់ឃើញដែរ។ រដ្ឋាភិបាលបានលើកចំណុចនេះឡើងនៅក្នុងគោលដៅរបស់ខ្លួន។
យើងសប្បាយចិត្តដែលឃើញ កម្ពុជាមានសេដ្ឋកិច្ចជឿនលឿន ចង់ឃើញសេដ្ឋកិច្ចដែលមានជំនាញខ្ពស់ជាងនេះ និងចង់ឃើញវិស័យជាច្រើន ជាពិសេសវិស័យសេវាកម្មដែលនឹងហូរចូលមកកម្ពុជា។ រដ្ឋាភិបាលក៏ត្រូវគិតពីអ្វីជាយន្តការអភិបាលកិច្ចសមស្រប ដែលត្រូវការដើម្បីជួយបង្កើតបរិយាកាស ដែលមានភាពច្នៃប្រឌិត និងជំរុញដល់ពលរដ្ឋខ្មែរទាំងអស់ឲ្យចូលរួម និងទទួលបានជំនាញ និងឱកាសជាចាំបាច់។ ដូច្នេះ ផ្នែកនយោបាយគឺមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងរយៈពេលវែង៕