ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​កម្ពុជា​បាន​អាហារូបករណ៍ ​Fulbright ត្រៀមខ្លួន​​ទៅ​រៀន​នៅ​អាមេរិក


រូបសញ្ញា​​ Fulbright ​ក្នុង​ពេល​​ធ្វើ​បទបង្ហាញ​ថ្មីៗ​នេះ​​អំពី​អាហារូបករណ៍​។​
រូបសញ្ញា​​ Fulbright ​ក្នុង​ពេល​​ធ្វើ​បទបង្ហាញ​ថ្មីៗ​នេះ​​អំពី​អាហារូបករណ៍​។​
និស្សិត​ខ្មែរ​ចំនួន​៨នាក់ ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright ដើម្បី​ទៅបន្ត​ការ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក និយាយ​ថា ពួកគេ​សង្ឃឹម​ថា ​នឹង​អាច​ជួយ​អភិវឌ្ឍប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​រីកចម្រើន​ជាង​នេះ​ ក្រោយពីពួក​គេ​បាន​បញ្ចប់​ការសិក្សា​និងវិល​ត្រឡប់​មក​មាតុភូមិ​របស់​ខ្លួន​វិញ​នោះ។​

អ្នកនាង ប៉ិល ដាឡែន ស្ថិត​ក្នុង​ចំណោមអ្នក​ទទួល​បាន​អាហារូបករណ៍​ចំនួន​៨​នាក់​នៅ​ឆ្នាំ​នេះ។ នាង​នឹង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​អប់រំ នៅ​សាកល​វិទ្យា​ល័យ​ ​Columbia University។ ​នាង​បាន​និយាយ​នៅ​ក្នុង​ពិធី​បង្ហាញ​ខ្លួន​(ឧទ្ទេសនាម)​មុនពេល​ចេញ​ដំណើរ​មួយ​នៅក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មុន។

នាង​និយាយថា៖​ «នៅពេល​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​ចង់​ចូល​បម្រើ​ការ​ងារ​នៅក្នុង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ពីព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​ចំណែក​មួយ​ជួយ​ជ្រុំ​ជ្រែង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​ខ្ញុំ​ជឿ​ថា​ វិស័យអប់រំ​គឺ​ជា​វិស័យ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ប្រទេស​ជាតិ​ដើម្បី​ឈាន​ទៅរក​ការ​អភិវឌ្ឍ»។​

តាំង​ពី​ឆ្នាំ​១៩៩៤​មក កម្មវិធី ​Fulbright បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ចំនួន​សរុប​ជាង​១៣០​នាក់​ហើយ​ ដោយ​រួម​ទាំង​និស្សិត​ទាំង​៨នាក់​នេះ​ផង ដើម្បី​ឲ្យ​ពួក​គេ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ និង​បណ្ឌិត​នៅ​សហ​រដ្ឋ​អាមេរិក។​

លោក​William Todd ​គឺ​ជា​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា។

លោក​និយាយថា៖​ «ពួកគេ​នឹង​ផ្តល់​ក្តី​សង្ឃឹម​ដល់​យុវជន​កម្ពុជា។​ មិន​ថា ​ពួក​គេ​នឹង​ចូល​បម្រើ​ការងារ​នៅ​ក្នុង​រដ្ឋាភិបាល ​ឬ​វិស័យ​នានា ដូច​ជា​ច្បាប់​ ឬ​អប់រំ​ក៏ដោយ ពួកគេ​នឹង​ផ្តល់​អនាគត​មួយ​ដល់​យុវជន​នៃ​ប្រទេស​នេះ។ ពួក​គេ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​លូតលាស់ ហើយ​នឹង​ជួយ​ជ្រុំជ្រែង​ប្រទេស​ឲ្យ​ឈាន​ឆ្ពោះ​ទៅ​មុខ»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម
យោង​តាម​ស្ថាន​ទូតអាមេរិក​ឲ្យ​ដឹង​ថា​ អ្នក​ដែល​បាន​វិល​ត្រឡប់​ពី​ការ​សិក្សា​ក្នុង​កម្មវិធី​ Fulbright មួយ​ចំនួន​កំពុង​បម្រើ​ការងារ​ក្នុង​មុខ​តំណែង​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ឯកជន ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។​

លោក​សូផា រតនា​គឺ​ជា​អតីត​អ្នក​ទទួល​បាន​អាហារូបករណ៍​ Fulbright ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ។​ លោកនិយាយ​ថា បើ​គ្មាន​អាហារូបករណ៍​នេះ​ទេ លោក​ទំនង​ជា​មាន​ឱកាស​តិច​តួច​ក្នុង​ចូលរួម​នៅក្នុង​កម្មវិធី​នានា​ ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ។​

លោក​និយាយថា៖ «វា​បាន​បើក​ទ្វារ​នៃ​ឱកាស​ហ្នឹង​ច្រើន។ អញ្ចឹង​ នៅ​ពេល​ដែល​យើង​ស្គាល់​គេ​ច្រើន​ទៅ យើង​បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន។​ ប៉ុន្តែ បើ​អត់​បាន​ទទួល​អាហារូបករណ៍​ហ្នឹង​ទេ ឱកាស​ក្នុង​ការ​ចូលរួម​ក្នុង​កម្ម​វិធី​ទាំង​អស់ហ្នឹង​ក៏​វាតិច​ជាង​ហ្នឹង​ដែរ»។​

លោក​ប៉ិល សំអុន​គឺ​ជា​ឪពុក​របស់​អ្នកនាង​ប៉ិល ដាឡែន។​ លោក​និយាយ​ថា​ លោក​និង​ក្រុម​គ្រួសារ​មាន​សំណាង​ណាស់​ដែល​មាន​កូន​ស្រី​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អាមេរិក​នោះ។​

លោក​និយាយថា៖​ «ការ​ទៅ​រៀន​សូត្រ​របស់​គេ​ពីរ​ឆ្នាំ​នេះ ក៏​ខ្ញុំ​និយាយ​ប្រាប់​គេ​ថា កូន​អើយ ខំ​ប្រឹង​រៀន​ទៅ​នៅ​ស្រុក​គេ។ ​យើង​ខំ​ប្រឹង​រៀន​យក​ចំណេះ​វិជ្ជា​ហ្នឹង​មក ហើយ​វិល​មក​ស្រុក​ខ្មែរ​យើង​វិញ ជួយ​ធ្វើការ​បម្រើ​ជាតិ​យើង»។​

អ្នក​ទទួល​បាន​អាហារូបករណ៍ ​Fulbright ទាំង​អស់​នៅ​ឆ្នាំ​នេះ​ នឹង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​របស់​ពួក​គេ​រៀងៗ​ខ្លួន​ផ្នែក​ច្បាប់ សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ​ ភាសា​វិទ្យា​ ការ​បង្រៀនភាសា​អង់គ្លេស និង​ការ​អប់រំ​នៅ​តាម​សាកល​វិទ្យាល័យ​ល្បីៗ​មួយ​ចំនួន​ក្នុង​សហ​រដ្ឋ​អាមេរិក៕​
XS
SM
MD
LG