ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេច​ប៉ាប​សរសើរ​ប្រទេស​អ៊ូហ្គង់ដា​ចំពោះ​ការ​ឆ្លើយតប​ដ៏​ល្អ​ចំពោះ​ជន​ភៀស​ខ្លួន


មនុស្ស​ម្នា​រង់ចាំ​ការ​យាង​មក​ដល់​របស់​សម្តេច​ប៉ាប Francis ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​របស់​ទ្រង់​ទៅ​កាន់​ក្រុង Munyonyo ប្រទេស​អ៊ូហ្គង់ដា កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

សម្តេច​ប៉ាប​ Francis បាន​សរសើរ​ប្រទេស​អ៊ូហ្គង់ដា (Uganda) អំពី​ការ​ឆ្លើយតប «ប្រកប​ដោយ​ការ​យល់ដឹង» ក្នុង​ការ​ស្វាគមន៍ក្រុម​ជន​ភៀសខ្លួន​នៅ​ពេល​ដែល​ព្រះអង្គ​ចាប់ផ្តើម​ព្រះ​រាជ​ទស្សនកិច្ច​ក្នុង​ប្រទេស​នេះ​ដែល​ជា​ប្រទេស​ទី​ពីរ​នៃ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុង​ទ្វីប​អាហ្វ្រិក។

សម្តេច​ប៉ាប​មាន​ព្រះ​បន្ទូល​កាល​ពី​ថ្ងៃសុក្រ​នៅ​ពេល​ព្រះ​អង្គ​យាង​តាម​យន្តហោះ​ទៅ​ដល់​ក្រុង​ Entebbe ថា «នៅ​ទី​នេះ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ទ្វីប​អាហ្រ្វិក ប្រទេស​អ៊ូហ្គង់ដា​បាន​បង្ហាញ​កង្វល់​ប្រកប​ដោយ​ការ​យល់ដឹង​ចំពោះ​ការ​ស្វាគមន៍​ក្រុម​ជន​ភៀសខ្លួន​ ដោយ​អាច​ឱ្យ​ពួក​គេ​កសាង​ជីវភាព​ជា​ថ្មី​ប្រកប​ដោយ​សន្តិសុខ​ និង​សេចក្តី​ថ្លៃថ្នូរ។ ការ​ដោះស្រាយ​បញ្ហា​របស់​ក្រុម​ជន​ទាំង​នេះ​ជា​ការ​សាកល្បង​មួយ​នៃ​មនុស្សធម៌​របស់​យើង»។

ទីភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន​និយាយ​ថា​ ប្រទេស​អ៊ូហ្គង់ដា​បាន​ទទួល​ជន​ភៀសខ្លួន​ជាង​៥សែន​នាក់​ដែល​ភាគ​ច្រើន​បាន​រត់​គេច​ខ្លួន​ចេញ​ពី​សង្គ្រាម ​និង​អំពើ​ហិង្សា​នៅ​ក្នុង​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។​

សម្តេច​ប៉ាប​ Francis ក៏​បាន​មាន​បន្ទូល​ដែរ​ថា «ពិភពលោក​ក្រឡេក​មើល​អាហ្វ្រិក​ថា​ជា​ទ្វីប​មួយ​នៃ​សេចក្តី​សង្ឃឹម» ដោយ​ព្រះ​អង្គ​បាន​កត់​សម្គាល់​ថា​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុង​ប្រទេស​បី​នេះ​មាន​គោលដៅ​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ «សមិទ្ធិផល​ និង​ការ​តស៊ូ» របស់​ទ្វីប​អាហ្រ្វិក។​

សម្តេច​ប៉ាប​ក៏​នឹង​គង់​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា​នៅ​ថ្ងៃ​សៅរ៍នេះ ​នៅ​មុន​ព្រះអង្គ​យាង​ទៅ​កាន់​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​នៅ​ថ្ងៃ​អាទិត្យ។​ នៅ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​ទាំង​នេះ​ ព្រះអង្គ​នឹង​យាង​ទៅ​ទត​ទីសក្ការបូជា​មួយ​ខាង​គ្រឹស្តសាសនា ព្រះ​វិហារ​ឥស្លាម​មួយ និង​ជំរុះ​ជន​ភៀសខ្លួន​មួយ​កន្លែង​នៅ​មុន​ពេល​ព្រះអង្គ​យាង​ត្រឡប់​ទៅ​កាន់​ក្រុង​រ៉ូម (Rome) វិញ​នៅ​ថ្ងៃ​ច័ន្ទ។​

សម្តេច​ប៉ាប​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​កាន់ប្រទេស​អ៊ូហ្គង់ដា​ពី​ប្រទេស កេនយ៉ាង​ដែល​នៅ​ទី​នោះ​ព្រះអង្គ​បាន​សុំ​ឲ្យ​ក្រុម​យុវជន​កេនយ៉ា​ឱ្យ​ចៀសវាង​ការ​ប្រកាន់​កុលសម្ព័ន្ធ​និយម​ និង​ប្រកាន់​យក​ជម្រើស​នៃ​ការ​ស្តាប់គ្នា​ និង​ចាប់​ដៃ​ទៅវិញ​ទៅ​មក៕

XS
SM
MD
LG