ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ចិន​តៃវ៉ាន់ ដែល​ថត​វីដេអូ​ប្រតិដ្ឋ​រឿង​ធ្វើ​ទារុណកម្ម ត្រូវបាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ


មន្ត្រី​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ពី​នាក់​សម្រាប់​សកម្មភាព​ថត​វីដេអូ​ប្រតិដ្ឋ​រឿង​ធ្វើ​ទារុណកម្ម។ (Facebook/ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)
មន្ត្រី​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ពី​នាក់​សម្រាប់​សកម្មភាព​ថត​វីដេអូ​ប្រតិដ្ឋ​រឿង​ធ្វើ​ទារុណកម្ម។ (Facebook/ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

តុលាការ​ខេត្ត​ព្រះ​សីហនុ​បានកាត់​ទោស​ជនជាតិ​តៃវ៉ាន់​ពីរនាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ៤ ​លាន​រៀល​ ចំពោះ​ការ​ផលិត​វីដេអូ​ប្រតិដ្ឋ​អំពី​អំពើទារុណ​កម្ម​ ​ដែល​ពួក​គេ​ថា​ បាន​កើត​ឡើង​ក្នុង​ក្រុង​ព្រះ​សី​ហនុ​ ដែល​ជា​តំបន់​ទេស​ចរណ៍​សំខាន់មួយ​របស់​ប្រទេស​កម្ពុជា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ចុះ​ថ្ងៃទី ​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤ ​ ជន​ជាតិ​ចិន​តៃវ៉ាន់​ទាំង​២​នាក់​នោះ​ឈ្មោះ​ Chen Neng Chuan ​ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ​ និង​ Lu Tsu Hsien ​ភេទ​ប្រុស​អាយុ​ ៣៤ ​ឆ្នាំ។​ ​ពួកគេ​ត្រូវ​បាន​តុលាការចោទ​ពី​ «បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ប្រព្រឹត្ត​នៅ​ក្នុង​ភូមិ​ ៦ ​សង្កាត់​លេខ​ ៤ ​ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃទី​ ១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤​ តាម​មាត្រា ​៤៩៤ ​និង​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះ​សីហនុ​ លោក ​ធុច បញ្ចសន្តិភាព​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃសុក្រ​នេះថា ​សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុចាប់​បាន​តែ​ជនជាតិ​តៃវ៉ាន់​ពីរ​នាក់​នេះទេ ​មក​ផ្តន្ទា​ទោស​ក្នុង​ករណី​ប្រតិដ្ឋ​ឃ្លីប​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គមហ្វេសប៊ុក។​

លោក​លើក​ឡើង​ថា៖ ​«បច្ចុប្បន្ន​សមត្ថ​កិច្ច​យើង​ស៊ើប​អង្កេត​ស្រាវជ្រាវ​ស្វែង​រក​ឃើញ​តែ​ពីរ​នាក់​ទេ។ បើ​មាន​បន្ថែម ​យើ​ង​នឹង​ជូន​ដំណឹង​ពេល​ក្រោយ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃទី​ ១២ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ ស្ថិត​នៅក្នុង​អគារ​មួយ​ ក្នុង​ក្រុង​ព្រះសីហនុ​ បុគ្គល​ទាំង​២​ខាង​លើ​បាន​ថត​សម្តែង​ ផ្សាយ​ផ្ទាល់​ចេញ​ពី​គណនី​ Facebook ​ឈ្មោះ ​WA AN XIAO JI ​ដែល​មាន​សកម្ម​ភាព​ត្រូវ​បាន​សន្តិសុខ​ចាប់​ខ្លួន​ និង​វាយ​ដំ។ ​ហើយ​នៅ​ថ្ងៃទី​ ១៣ ​ខែកុម្ភៈ ​ឆ្នាំ​ ២០២៤ ​បុគ្គល​ទាំង​ពីរខាង​លើ​បាន​ថត​សម្តែង​ ផ្សាយផ្ទាល់​សា​ជាថ្មី​ម្តង​ទៀត​ ចេញ​ពី​ទី​តាំង​ម្តុំ​ឆៃណាថោន​ ស្ថិត​ក្នុង​ក្រុង​ព្រះ​សីហនុ ​ដែល​មាន​សកម្ម​ភាព​រត់​គេច​ខ្លួន​ មាន​ការ​ភ័យ​ខ្លាច​ និង​និយាយ​ជា​ភាសា​ចិន​មាន​អត្ថន័យ​ថា ​ខ្លួន​ត្រូវ​បាន​គេចាប់​វាយ​ធ្វើបាប​ និង​ស្រែក​ឱ្យ​គេ​ជួយ។​ ​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤ ​លោក ​គួច ចំរើន ​អភិបាល​ខេត្ត​ព្រះ​សីហនុ ​លើក​ឡើង​ថា ​បន្ទាប់​ពី​ការ​ថត​វីដេអូ​ និង​ផ្សាយ​ផ្ទាល់​តាម​ហ្វេកប៊ុក​ចំនួន​ពីរលើក​ សមត្ថ​កិច្ច​បាន​តាម​ដាន​ ហើយ​ក៏​រក​ឃើញ​និង​ចាប់ពួកគេ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ ដែល​ពួកគេ​ស្នាក់​នៅ​ដើម្បី​មក​សាកសួរ។​

បើ​តាម​អភិបាល​ខេត្ត​រូប​នេះ​ ពួក​គេ​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ទង្វើ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។​

លោក​ថ្លែង​ថា៖​ «ក្រោយ​ការ​ស្វែង​រក​ក៏​បាន​រក​គាត់​ឃើញ​ និង​បាន​យក​គាត់​មក​សាកសួរ​បំភ្លឺ​ និង​បាន​សាច់​រឿង​រ៉ាវ​ពិត​ប្រាកដ​របស់​គាត់​គឺ​យ៉ាង​ដូច្នេះ។​ ជារួម​ស្ថានភាព​របស់​គាត់​នេះ​គឺ​បាន​ប្រព្រឹត្ត​នូវ​អំពើ​ញុះញង់ ​បង្ក​ឱ្យ​មាន​ស្ថានភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

លោក ​គួច ចំរើន​ អះអាង​ថា​ ស្ថានភាព​ពិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មិន​ដូច​ការ​ផ្សព្វ​ផ្សាយ​នោះ​ទេ​ ហេតុ​នេះ​លោក​ស្នើ​ឱ្យ​ទេសចរ​ទាំងអស់ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ទៅ​លើដំណឹង​ជា​វីដេអូ​ណា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ថា ​វា​ជា​ដំណឹង​ពិត ​ឬ​ក្លែង​ក្លាយ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​ពិត​ជា​មាន​ការ​លំបាក ​ហាមប្រាម។​ វាពិត​ជាមិន​បាន។ ​ប៉ុន្តែ​ក៏​ស្នើសុំ​ថា​ ឱ្យ​បង​ប្អូន​ទាំង​ឡាយ ​ដែល​បាន​ឃើញ​ព័ត៌មាន​ទាំង​ឡាយ​នេះ​ក៏​ត្រូវ​ធ្វើការ​ពិ​ចារណា​ឱ្យ​បាន​ច្បាស់​លាស់​ដែរ​ថា​ ភាគ​ច្រើន​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ចេញពី​ទីនេះ​វា​សុទ្ធតែ​ជា​ការ​សម្តែង​ដើម្បី​ផល​ប្រយោជន៍​ណា​មួយ​នោះ​តែ​ប៉ុណ្ណោះ។​ ឯស្ថាន​ភាព​ពិត​ប្រាកដ​នៅទីនេះ​ យើង​បាន​ឃើញ​ហើយ​ថា​ យើង​កំពុងតែ​រស់​នៅ​សុខ ​សុវត្ថិភាព​ សប្បាយ​រីករាយ​ គ្រប់​ដំណាក់​កាល​ កម្មវិធី​បុណ្យ​ផ្សេងៗ​នានា»។​

កាល​ពី​កន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ នៅ​ក្នុង​នោះ​ ខេត្ត​ព្រះ​សីហនុ​គឺ​ជា​ទីតាំង​គោល​ដៅ​មួយ​ ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​អំពី​ករណី​នេះ​ផង​ដែរ។​

នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត​ លើក​ឡើង​ថា ​បើ​សិន​ជា​បុគ្គល​ទាំង​នោះ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ឯង​មែន ​ការ​ចាត់វិធាន​ការ​របស់​រដ្ឋាភិបាល​គឺ​ជា​កិច្ច​ការ​ត្រឹមត្រូវ។​

លោក​បញ្ជាក់​ថា៖ ​«ក្រៅតែ​ពី​បញ្ហា​ដែល​មាន​ការ​ចាប់​ខ្លួន​ម្សិលមិញ​ហ្នឹង​ ក៏​នៅ​តែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ចាត់​វិធានការ​ទប់ស្កាត់​ទៅ​លើ​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ក៏​ដូច​ជាការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ទៅ​លើ​ការ​ជួញដូរ​មនុស្ស ​ជួញដូរ​កម្លាំង​ពលកម្ម​ ដូច​ជា​ប​ទល្មើស​ផ្សេងៗ​ទៀត​ទៅ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ហ្នឹង​ផង​ដែរ»។​

បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ ករណី​ខាង​លើ​នេះ​គឺ​ជា​ករណី​ទី​១​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​ល្មើស​ ​និង​ថាអ្វី​ដែល​សង្គម​ស៊ីវិល​នៅ​តែ​មានក្តីព្រួយបារម្ភនោះ​ ​គឺ​ការ​ប្រព្រឹត្តបទ​ល្មើស​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​អាស្រូវ​មួយ​នេះ៕​ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG