ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ខ្វែង​គំនិត​គ្នា​​លើ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ EBA


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​បន្ត​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ ​ជុំវិញ​គម្រោង​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​លើទំនិញ​របស់​កម្ពុជា​ ​តាម​កម្មវិធី​«គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ»​ ​(EBA)។​

សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ស្តារ​ឡើងវិញ​នូវ​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិយតេយ្យ​សេរីពហុបក្ស​ ​និង​ការ​ចងក្រង​ព័ត៌មាន​ចាំបាច់​នានា​នៅមុន​ពេល​ខ្លួន​សម្រេច​ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA នេះ។​ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​នានា​របស់​សហភាព​អឺរ៉ុប​ ​និង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​អំពាវនាវ​ដល់​សាធារណជន​កុំ​ឲ្យ​មាន​ការបារម្ភ​ ចំពោះ​សេចក្តីថ្លែង​ការណ៍​នានា​របស់​សហគមន៍​អឺរ៉ុប​ ​ទាក់​ទិន​នឹង​ការ​ព្យួរ​ទុក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA។​ ​លោក​ថា​ ការ​ព្យួរ​ទុក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ ​EBA​ ​នេះ​ នឹង​ត្រូវ​ចំណាយ​ពេល​វែងឆ្ងាយ​ទៅ​មុខ​ទៀត។​ ​នេះ​បើ​យោង​តាម​ សេចក្តីថ្លែង​ការណ៍មួយ​ដែល​លោក​បាន​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាលពី​សប្តាហ៍​មុន។​

លោក ​ផៃ​ ស៊ីផាន​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ​សហភាព​អឺរ៉ុប​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាក់ទង​ទៅ​នឹង​កម្មវិធី​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​គឺ​មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ហួសហេតុ​ ​ឬ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​នោះ​ឡើយ៖​

«កម្ពុជា​ក៏​បាន​និង​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​និង​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​ ទាំង​ផ្នែក​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​ផ្នែក​ផ្សេងៗ​ទៀត​ ដើម្បី​ផលប្រយោជន៍​រួមគ្នា​ទៅវិញ​ទៅមក​។ នៅ​ក្នុង​ស្ថានភាព​នេះ សហភាព​អឺរ៉ុប​និង​កម្ពុជា​ នៅតែ​បន្ត​រក្សា​ភាព​ជា​ដៃគូ​ ក្នុង​កិច្ច​សន្ទនា ដើម្បី​ថែរក្សា​ផល​ប្រយោជន៍​រួម ដែល​កើត​ចេញ​ពី​ការ​អនុគ្រោះ​ពន្ធ (EBA) ជាមួយ​នឹង​កិច្ច​ធានា​នូវ​អធិបតេយ្យភាព​និង​ឯករាជ្យភាព​រៀងៗ​ខ្លួន​។ សម្រាប់​កម្ពុជា​គឺ​នៅ​តែ​គោរព​និង​វាយ​តម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធិ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ ​(WTO) ក្នុង​កិច្ច​រួមគ្នា​ ដើម្បី​សិទ្ធិ​សេរីភាព​និង​ជីវភាព​ថ្លៃថ្នូរ​របស់​កម្មករ កម្មការិនី ដែល​ជា​បុព្វ​ហេតុ​ និង​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ និង សហភាព​អឺរ៉ុប ដែល​បាន​ប្តេជ្ញា​អភិវឌ្ឍ​ និង​ការពារ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ជា​ប្រយោជន៍​រួម​នា​ពេល​បច្ចុប្បន្ននេះ»។​

កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១៨នេះ​ ​សហគមន៍​អឺរ៉ុប​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស។​

អ្នកស្រី​ ​Cecilia Malmstrom​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ប្លុក​ថា​ ស្ថានភាព​កម្ពុជា​«គួរ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង‍»​ដោយ​ឃើញ​យ៉ាង​ច្បាស់​ពី​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ហើយ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ជឿ​ជាក់​បាន​ថា​នឹង​មាន​ការ​ប្រសើរ​ឡើង​ឡើយ។​

អ្នក​ស្រី​ Malmstrom​ បាន​បន្ថែម​ថា បេសកកម្ម​ថ្មីៗ​មួយ​របស់​សហភាព​អឺរ៉ុប​ទៅ​ប្រទេស​កម្ពុជា​ «បង្ហាញ​ថា​មាន​ការ​រំលោភ​ជា​ប្រព័ន្ធ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ពលកម្ម​ និង​សេរីភាព​នៃ​ការ​ជួប​ជុំ។​ ​បញ្ហា​នេះ​បន្ថែម​ទៅ​នឹង​បញ្ហា​ធំៗ​ជាច្រើន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​ និង​ការ​រឹប​អូស​ដីធ្លី»។​

បន្ថែម​លើ​ការ​អធិប្បាយ​របស់​អ្នកស្រី ​Malmstrom ស្ថាន​បេសកកម្ម​ការ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​បន្ថែម​ពី​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​បណ្តោះ​អាសន្ន​ដែល​នឹង​ធ្វើឡើង​ជា​ពីរ​ដំណាក់កាល​។

បើ​តាម​នីតិវិធី​គឺ​ក្រោយ​ពេល​ដែល​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្ត​នោះ​ ដំណើរការ​នៃ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​នឹង​ចាប់ផ្តើម​ដោយ​មាន​ការ​តាម​ដាន​រយៈ​ពេល​៦ខែ​ដំបូង​សិន។​ ​នៅ​ក្នុង​អំឡុង​ពេល​នេះ ​គណៈកម្មការ​ដដែល​នឹង​ទុក​ពេល​ឱ្យ​ប្រទេស​កម្ពុជា​សហការ​និង​ប្រមូល​រាល់​ព័ត៌មាន​ចាំបាច់។​ ​បន្ទាប់​ពី​នេះ​ ​គឺ​នឹង​មាន​រយៈ​ពេល​៦ខែ​ទៀត​ដើម្បី​សរសេរ​របាយការណ៍​ស្តី​ពី​ការ​រក​ឃើញ​នានា​ដើម្បី​បញ្ចប់​ដំណើរការ​ ដែល​គណៈកម្មការ​នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ជាថ្មី​ថា​ត្រូវ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ឬ​យ៉ាងណា​។

លោក ហេង សួ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ​បាន​បញ្ជាក់​តាម​អង្គភាព​ព័ត៌មាន​ ​Fresh​ News​ ថា ប្រសិន​បើ​មាន​ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​ពី​កម្ពុជា​មែន​នោះ​ ​ក៏​មិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ស្លាប់​នោះ​ឡើយ​ ពីព្រោះ​ដោយ​ស្វ័យ​ប្រវត្តិ​កម្ពុជា​នឹង​បាត់​បង់​ភាព​អនុគ្រោះ​ពន្ធ​ ​EBA​ ​នេះ​ ​នៅ​អំឡុង​ឆ្នាំ២០២១​ ​ឬ២០២៣​ ​ដោយ​សារ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ហើយ​។

លោក​បាន​ប្រាប់​អង្គភាព​ព័ត៌មាន​នេះ​ថា​ការ​អនុគ្រោះ​ពន្ធរបស់សហគមន៍​អឺរ៉ុប​ ​គឺ​ផ្តល់​ទៅ​ដល់​ បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប​តែ​ប៉ុណ្ណោះ។

លោក​ ​ហេង សួ​ ​បាន​បញ្ជាក់​ថា៖

«ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ អាច​នឹង​ធ្វើ​ឱ្យ​តួនាទី​អង្គការ​ ILO ​និង​គម្រោង​ជាច្រើន​របស់​ដៃគូ​នានា​មកពី​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ធាក់​ថយ​ក្រោយ ហើយ​ប្រទេស​ផ្សេង​ទៀត​អាច​នឹង​ងាក​ចេញ​ពី​ការ​ចូលរួម​គម្រោង​ទាំង​អស់នេះ​ពីព្រោះ​សហគមន៍​អឺរ៉ុប​មិន​យក​លទ្ធផល​ និង​ភាព​ជាក់​ស្តែង​នៃ​ការ​ប្រសើរ​ឡើង​នៃ​លក្ខខណ្ឌ​ការងារ​ជាគោល​នោះ​ទេ ​គឺ​យក​នយោបាយ​ជ្រៀត​ជ្រែក​អធិបតេយ្យភាព​ជាតិសាសន៍​ដទៃ​ជា​ធំ​វិញ»។​

លោក​ ​ហេង សួ​ ​អះអាង​ថា​កម្ពុជា​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​ ​និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​តាម​កម្មវិធី​ ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​ ​ILO​ ​និង​គម្រោង​ ​គំនិត​ផ្តួចផ្តើម​សកល​ ​(Global Deal Initiative)​ ​របស់​ប្រទេស ​ស៊ុយអែត​ ​កម្មវិធី​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្រិត​រោងចក្រ​សហគ្រាស​ ​របស់​អង្គការ​ ​GIZ ជាដើម។​ ​

ដោយ​ឡែក​ ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​និយម​បញ្ចេញ​ទស្សនៈ​អំពី​ស្ថានការណ៍​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា​ បាន​ផ្តល់​ការ​អធិប្បាយ​ផ្សេង​ៗ​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​លទ្ធភាព​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​EBA​ ​នេះ។​

លោក​ ​កន សាវាង្ស​ ​មន្ត្រី​អង្កេត​ការ​បោះឆ្នោត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ (Comfrel) បាន​បង្ហាញពី​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ ការងារ​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ដែល​ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​អះអាង​ថា បាន​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​សហភាព​អឺរ៉ុប។​

​លោក​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃទី ​១១​ ខែ​ តុលា​ថា​៖

«​ការ​លើកឡើង​ដោយ​ការ​ព្រួយបារម្ភ​ពី​ដើម​ដល់​ចប់​គឺ​ព្រោះ​តែ​មិន​ចង់​ឃើញ​ទិដ្ឋភាព​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ ឥឡូវ​ប្រែក្លាយ​ជា​ការ​ពិត​ តើ​ពួកគេ​ក្លាយ​ជា​យ៉ាង​ណា? នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពិតប្រាកដ។​ ​តើ​លទ្ធផល​វា​បាន​ប្រយោជន៍​អ្វី​សម្រាប់​ប្រទេស? សង្ឃឹម​ថា​អ្នក​នយោបាយ​គ្រប់​និន្នាការ​ដោះស្រាយ​គ្នា តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ និង​គិត​ដល់​កម្មករ​ផង​ទាន»។

ចំណែក​លោក​ ​ថេង សាវឿន​ ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ហៅ​កាត់​ថា​ (CCFC)​ បាន​លើក​ឡើង​អំពី​ចម្ងល់​នៃ​ផលិតផល​នានា​ ដែល​នឹង​ត្រូវ​រង​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ត្រូវ​បាន​ព្យួរ​ទុក​ជា​បណ្តោះ​អាសន្ន​នោះ។​

​លោក​បាន​បន្ថែមថា៖​

«វិស័យ​ណា​ខ្លះ​ប្រឈម​ពេល EBA​ ព្យួរ?​ ​ទីមួយ​គឺ ​វិស័យ​កសិកម្ម ឬ​កសិឧស្សាហកម្ម​(អង្ករ​ ​និង​ស្ករ​របស់​លោក​ឧកញ៉ា​ជា​ដើម​។​ ទីពីរ​គឺ​វិស័យ​កាត់ដេរ​ ​កម្មករ​ ​និង​បងៗ​ថៅកែ​ចិន។ ទី​បី​គឺ​ឧស្សាហកម្ម​មួយ​ចំនួន​ធំ​ដែល​លោក​ឧកញ៉ាកំពុង​រកស៊ី»។​

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ផ្សេង​ទៀត​បាន​បញ្ចេញយោបល់​ អំពី​ឥទ្ធិពល​ជា​អវិជ្ជមាន​ ប្រសិន​បើ​មានការព្យួរ​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​មែន​នោះ​។​ ​ផល​ប៉ះពាល់​ទាំងនោះ​គឺ​អាច​មាន​ទៅ​លើ​ទំនិញ​គ្រប់​មុខ​ ក្នុង​នោះ​មាន​ផលិត​កសិកម្ម​ ដូចជា​អង្ករ​ ដែល​មាន​ទីផ្សារ​ល្អ​នៅ​សហភាព​អឺរ៉ុប​ ​ក៏​ដូច​ជា​នៅ​សហរដ្ឋអាមេរិក។​

កាល​ពី​ដើម​ខែ តុលា នេះ​ ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាព​រឹងប៉ឹង​ដដែល​ក្នុង​ឆ្នាំ២០១៨​ ​ដោយកំណើន​សេដ្ឋកិច្ច​ស្ថិត​ក្នុង​កម្រិត​៧​ភាគរយ​ ​តែ​បាន​ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ ​ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ផង​ដែរ​ ​ក្នុង​ករណី​មាន​ការ​សើរើ​ឡើង​វិញ​នៃ​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ ​និង​ការ​ធ្លាក់​ស្រុត​ចុះ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន៕

XS
SM
MD
LG