រាជរដ្ឋាភិបាលកម្ពុជានៅសប្តាហ៍នេះ សម្តែងការសោកស្តាយ និងចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការដាក់ចេញនូវនីតិវិធីផ្លូវការដើម្បីឈានទៅដកកម្ពុជាចេញជាបណ្តោះអាសន្នពីកម្មវិធីអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬ ហៅកាត់ថា EBA ជាការសម្រេចដែលមានភាពអយុត្តិធម៌បំផុតសម្រាប់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដែល VOA ទទួលបាន។
សហភាពអឺរ៉ុបកាលពីសប្តាហ៍មុនបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។
ឆ្លើយតបនឹងចំណាត់ការរបស់សហភាពអឺរ៉ុប ក្រសួងការបរទេសកម្ពុជាបានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ថា រាជរដ្ឋាភិបាលសម្តែងនូវការខកចិត្តចំពោះការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការដាក់ចេញដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ(EBA)» សម្រាប់ប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមក្នុងសម្រង់ន័យដើមថា៖
«រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការសម្រេចចិត្តនេះថា មានភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអឺរ៉ុបបានបដិសេធដោយចំហអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន […] រាជរដ្ឋាភិបាលកម្ពុជាសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុបកាលពីខែកក្កដាកន្លងទៅ»។
ក្រសួងការបរទេសកម្ពុជាក៏បានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍នោះ ដោយបានលើកឡើងពីការកសាងសន្តិភាពនិងការផ្សះផ្សារជាតិរបស់ខ្លួន ព្រមទាំងការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាមួលដ្ឋាននិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងការបរទេសកម្ពុជាហាក់ព្យាយាមប្រើប្រាស់ការរិះគន់បែបត្រជាក់ទៅកាន់សហភាពអឺរ៉ុបថា៖
«ការសម្រេចបែបនេះ [ការអនុវត្តការដកភាពអនុគ្រោះពន្ធ] អាចនឹងធ្វើឲ្យបាត់បង់ទាំងស្រុងនូវលទ្ធផលជាវិជ្ជមានដ៏ច្រើននៃគោលនយោបាយអឺរ៉ុប ដែលកម្ពុជាទទួលបានផលប្រយោជន៍រហូតមកដល់ពេលនេះ។ ការជ្រើសរើសយកវិធានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបែបនេះ ជាជាងការប្រកាន់យកកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានោះអាចនឹងផ្តល់ផលបញ្ច្រាស់មកវិញទេ»។
មុននឹងឈានដល់ការសម្រេចដាក់ចេញដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ» សហភាពអឺរ៉ុបនិងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន បានរិះគន់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាកំពុងដើរថយក្រោយ។ សហភាពអឺរ៉ុបក៏បានព្រមានជាបន្តបន្ទាប់ដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការដោះលែងអ្នកទោសនយោបាយ ផ្តល់សេរីភាពពេញលេញដល់ក្រុមប្រឆាំង ជាពិសេសលើកលែងការចោទប្រកាន់លើមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំងផ្តល់សេរីភាពដល់អ្នកសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលជាដើម។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ចំណែកប្រព័ន្ធអនុគ្រោះពន្ធដែលហៅថា «រាល់មុខទំនិញលើកលែងតែអាវុធ» ឬ EBA បានផ្តល់ចំណេញដល់កម្ពុជាប្រមាណជា៧០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ការនាំចេញនេះ បាននិងកំពុងផ្តល់ការងារដល់ពលរដ្ឋប្រមាណជា៧សែននាក់នៅកម្ពុជា។
បើតាមច្បាប់របស់សហភាពអឺរ៉ុប ដំណើរការនៃការពិនិត្យមើលឋានៈអនុគ្រោះពន្ធនេះមានរយៈពេល៦ខែ ប្រសិនបើមិនមានការប្រែប្រួលទេ នោះក្នុងរយៈពេល១២ខែក្រោយ រាល់ទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបដែលមានដូចជាស្ករស សម្លៀកបំពាក់ និងផលិតផលផ្សេងទៀត នឹងត្រូវបង់ពន្ធធម្មតា។
ចំណែកការពន្យល់ពីនីតិវិធីរបស់សហភាពអឺរ៉ុប បន្ទាប់ពីការសម្រេចរបស់គណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុប ដំណើរការនៃការដកឋានៈអនុគ្រោះពន្ធនឹងចាប់ផ្តើម ដោយមានការតាមដានរយៈពេល៦ខែដំបូងជាមុនសិន។ ក្នុងអំឡុងពេលនេះ គណៈកម្មការទុកពេលឲ្យកម្ពុជាសហការនិងប្រមូលរាល់ព័ត៌មានចាំបាច់ បន្ទាប់មកនឹងមានរយៈពេល៦ខែទៀត ដើម្បីសរសេររបាយការណ៍ស្តីពីការរកឃើញនានាដើម្បីបញ្ចប់ដំណើរការដែលគណៈកម្មការនឹងត្រូវធ្វើការសម្រេចចិត្តជាថ្មីថា ត្រូវដកឋានៈអនុគ្រោះពន្ធ EBA ឬយ៉ាងណា។
ក្រុមសហជីព អ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករជាច្រើនបានលើកឡើងជាបន្តបន្ទាប់ពីការព្រួយបារម្ភនិងផលប៉ះពាល់ថា កម្ពុជាអាចប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកចេញពីកម្ពុជា។ ពួកគេក៏បានស្នើឲ្យមានការចរចារវាងភាគីរដ្ឋាភិបាល និងគណៈកម្មការសហភាពអឺរ៉ុប នៅមុនពេលមានការដកប្រព័ន្ធអនុគ្រោះពន្ធ «រាល់មុខទំនិញលើកលែងតែអាវុធ» ជាផ្លូវការ។
ប៉ុន្តែក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅមានទីផ្សារអន្តរជាតិជាច្រើនទៀត ប្រសិនបើមិនមានសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យថ្លែងថា កម្ពុជាត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួន មិនត្រូវដោះដូរអធិបតេយ្យភាព និងសន្តិភាពជាមួយជំនួយនោះទេ បើទោះបីជាមានវិធានការបែបណាក៏ដោយ។
បើទោះបីជាមន្រ្តីរដ្ឋាភិបាលកម្ពុជាប្រកាសថាការដកប្រព័ន្ធអនុគ្រោះពន្ធ មិនមានផលប៉ះពាល់ណាមួយដល់កម្ពុជាក្តី ប៉ុន្តែគេឃើញថា កាលពីខែមិថុនា កម្ពុជាបានបញ្ជូនបេសកជនរបស់ខ្លួនទៅអឺរ៉ុបដើម្បីចរចារ និងបញ្ចុះបញ្ចូលកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា ប៉ុន្តែបេសកកម្មនោះហាក់មិនទទួលបានផ្លែផ្កាណាមួយ ក្រៅតែពីការព្រមានជាបន្តបន្ទាប់បន្ថែមពីសហភាពអឺរ៉ុប។
ការព្រមានរបស់សហភាពអឺរ៉ុប ព្រមទាំងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗក្នុងពិភពលោកនេះ ធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះយកអាសនៈទាំងអស់ចំនួន១២៥ កាលពីការបោះឆ្នោតជាតិខែកក្កដា ក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំណែកការបង្ក្រាបលើសង្គមស៊ីវិល ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ ព្រមទាំងការរឹតត្បិតក្រុមសំឡេងប្រឆាំង ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការព្រមានដាក់ទណ្ឌកម្ម និងរិះគន់ផងដែរ៕