ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា បើតាមបណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានឲ្យដឹងថា ប៉ូលិសពីរនាក់បានត្រូវបាញ់ស្លាប់នៅក្នុងរដ្ឋ Mississippi នាប៉ែកខាងត្បូងស.រ.អា ហើយក្រុមប៉ូលិសកំពុងស្វែងរកចាប់ខ្លួនជនជាប់សង្ស័យម្នាក់។
លោក Butch Benedict ពេទ្យផ្នែកពិនិត្យមើលសាកសពនៅក្នុងស្រុក Forrest បាននិយាយថា ប៉ូលិសទាំងពីរនាក់នេះបានត្រូវបាញ់កាលពីថ្ងៃសោរ៍នៅក្នុងក្រុងHattiesburg ដែលជាក្រុងមួយមានប្រជារាស្ត្រជិតប្រាំម៉ឺននាក់ ហើយបានត្រូវដឹកទៅកាន់មន្ទីរពេទ្យមួយកន្លែងដែលនៅទីនោះពួកពេទ្យបានបញ្ជាក់ថាប៉ូលិសទាំងនេះបានស្លាប់ហើយ នេះបើតាមការប្រាប់ឲ្យដឹងដោយកាសែត The Clarion-Ledger។
សារព័ត៌មាននេះបានរាយការណ៍ថា ប៉ូលិសម្នាក់ក្នុងបណ្តាប៉ូលិសទាំងពីរនាក់នេះបាននៅរស់នៅពេលគេដឹកលោកចូលក្នុងមន្ទីរពេទ្យនោះ។ក្រុមមន្ត្រីមិនបាននិយាយទេអំពីអ្វីដែលជាហេតុនាំឲ្យមានការវាយប្រហារនេះ។
លោក Johnny DuPree អភិបាលក្រុង Hattiesburg បានសុំដល់ប្រជារាស្ត្រឲ្យឋិតនៅក្នុងផ្ទះនៅពេលពួកប៉ូលិសឆែកឆេររកអ្នកបាញ់កាំភ្លើងនេះ។
ពួកប៉ូលិសបាននិយាយថាពួកគេមានជំនឿថា ជនជាប់សង្ស័យបានលួចឡានប៉ូលិសមួយគ្រឿងនៅក្រោយការបាញ់កាំភ្លើងនេះ។ បន្ទាប់មកគេបានរកឃើញឡាននេះដែលបានត្រូវបោះបង់។
កាសែត Clarion-Ledger បានផ្សាយថានេះជាការសម្លាប់ប៉ូលិសលើកទីមួយក្នុងក្រុង Hattiesburg ក្នុងរយៈពេល៣០ឆ្នាំ៕