ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បម្រាម​គោចរ Baltimore ត្រូវ​បាន​លើក ​ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្តុំគ្នា​​រៀបចំធ្វើ​បាតុកម្មសារ​​ជា​ថ្មី​


អភិបាល​ក្រុង​Baltimore លោក​ស្រី​ Stephanie Rawlings-Blake បាន​និយាយ​នៅ​ឯ​សន្និសីទ សារ​ព័ត៌មាន​មួយ​នៅ​ខាងក្រៅ​ផ្សារទំនើប Mondawmin ក្នុង​ទី​ក្រុង​Baltimore​ រដ្ឋ​Maryland នា​ថ្ងៃ​ទី ​០៣ ខែ​ឧសភា ឆ្នាំ​ ២០១៥ ។

លោកស្រី​ Stephanie Rawlings-Blake អភិបាល​ក្រុង Baltimore បាន​បញ្ឈប់​បម្រាមគោចរ​ពេល​យប់នៅទូទាំង​ទីក្រុង នៅពេល​ដែល​ក្រុម​អ្នកតវ៉ា​រាប់ពាន់​នាក់ ប្រុងប្រៀប​ធ្វើ​បាតុកម្មក្នុង​សប្តាហ៍​ទីពីរ បន្ទាប់​ពីការស្លាប់​នៃ​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​ពេល​ឋិត​នៅ​ក្នុង​ការ​ឃុំឃាង​របស់​ប៉ូលិស។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​កម្មវិធី​ Meet The Press របស់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ CBS កាល​ពី​ថ្ងៃ​អាទិត្យ​លោកស្រី​ Rawlings​ បាននិយាយ​ថា លោកស្រី​ចង់​អរគុណ​ប្រជារាស្ត្រ​ក្រុង Baltimore ចំពោះ​ការ​អត់ធន់​របស់​ពួកគេ ដោយ​លោកស្រី​បានថ្លែង​ថា​ ក្រុម​អ្នកស្រុក​ចង់​ឲ្យ​មាន​ «សន្តិភាព​ និង​ភាព​ស្ងប់ស្ងៀម» វិល​ត្រទ្បប់មក​កាន់​ក្រុង​ពួក​គេ​វិញ​ដើម្បី​ឲ្យពួក​គេអាច​ចាប់ផ្តើម​ផ្សះផ្សា​គ្នា។

លោកស្រី​បាន​និយាយ​ថា​ «គោលដៅ​របស់​ខ្ញុំ​តែងតែ​មិន​ចង់​ឲ្យមាន​បម្រាម​គោចរមួយថ្ងៃ​លើស​ពី​ការ​ចាំបាច់។ ​ខ្ញុំ​មានជំនឿ​ថា យើងបានដល់ចំណុចនេះ​ហើយ​នៅ​ថ្ងៃ​នេះ»។

កាលពី​យប់ថ្ងៃ​សៅរ៍​ ​ប៉ូលិសក្រុង​ Baltimore បាន​ចាប់​ខ្លួនមនុស្ស​យ៉ាង​តិច​ណាស់​១២នាក់​ ពីព្រោះ​ពួកគេ​បាន​រំលោភ​បម្រាមគោចរដែល​បាន​ចាប់ផ្តើម​មាន​កាលពី​យប់ថ្ងៃ​អង្គារ ទី២៨ ខែមេសា។​ កាល​ពី​ថ្ងៃ​សៅរ៍​ មនុស្សរាប់ពាន់នាក់​បានធ្វើការ​ប្រជុំ​មហាជន​ដោយ​សន្តិវិធី​នៅខាង​មុខ​សាលាក្រុង​ដើម្បី​អបអរសាទរសេចក្តី​ប្រកាស​អំពី​ការ​ចោទ​ប្រកាន់ប្រឆាំង​នឹង​ប៉ូលិស៦​នាក់​ក្នុង​ការ​ស្លាប់របស់​លោក Freddie Gray។​

បុរសអាមេរិកាំង​ដើមកំណើត​អាហ្វ្រិក អាយុ២៥ឆ្នាំ​នេះ​បាន​ស្លាប់​ដោយសារ​ត្រូវ​របួស​ឆ្អឹង​ខ្នង​ ​នៅ​ពេល​លោក​ឋិតក្នុង​ការ​ឃុំឃាំង​របស់​ពួក​ប៉ូលិស​កាល​ពីថ្ងៃ​ទី​១២ ខែមេសា។ ការ​ស្លាប់​របស់​លោក Gray​ បាននាំឲ្យ​មានបាតុកម្មច្រើន​ថ្ងៃដែល​មានភាព​ហិង្សា​កាល​ពី​ថ្ងៃច័ន្ទ​នៅ​ក្រោយពិធី​បុណ្យសពលោក។ ការ​ប៉ះទង្គិចគ្នា​នៅ​ថ្ងៃ​នោះ​បានបណ្តាល​ឲ្យ​មានការចាប់ខ្លួន​មនុស្ស​ជាង​២០០នាក់​ និង​នាំ​ឲ្យ​ពួក​ប៉ូលិសយ៉ាង​តិច​ណាស់​២០​នាក់​ត្រូវ​របួស៕

XS
SM
MD
LG