ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​យោគ​យល់​ចំពោះ​កម្មករ​ដែល​កំពុង​ត្រូវ​​បាន​ព្យួរ​ការងារ


រូបេកសារ​៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​
រូបេកសារ​៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​

លោក​ ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​នេះ អំពាវ​នាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ យោគ​យល់​ចំពោះ​ការ​បង់​ប្រាក់កម្ចី​របស់​កម្មករ។ ប្រធាន​សមាគម​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​លើក​ឡើង​ថា សមាគម​កំពុង​ជជែក​ដើម្បី​​ឆ្លើយ​តប​លើ​ការ​អំពាវ​នាវ​នេះ។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​នេះ អំពាវនាវ​ដល់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ឲ្យ​ពន្យារ​ពេល​ការ​បង់សង ឬ​មិន​យក​ការ​ប្រាក់សម្រាប់​កម្មករ​ដែលកំពុង​ត្រូវ​បាន​រោងចក្រ​ព្យួរ​ការងារ។

​លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​បែប​នេះក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​១០ នៅ​ថ្ងៃទី៩ ខែមីនា បន្ទាប់ពី​ក្រសួង​ការងារកាលពី​ពីរ​សប្តាហ៍​មុនបញ្ជាក់​ថា ​រោង​ចក្រ​កាត់ដេរ​ និង​ផលិត​ផល​ស្បែក​ជើង​សរុប​៣៣​រោង​ចក្រ​បាន​ស្នើ​សុំ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈពេល​ពី​២​សប្ដាហ៍​រហូត​ដល់​១ខែ ដោយសារ​ខ្វះ​វត្ថុធាតុ​ដើម​បម្រើ​សង្វាក់​ផលិត​កម្ម។ ក្នុង​នោះ​ កម្មករជាង​៧ម៉ឺន​នាក់​ត្រូវ​ប្រឈម​នឹង​ការ​ព្យួរ​ការងារ ក្រោយ​ពី​រោង​ចក្រ​ទាំង​នោះផ្អាក​ផលិតកម្ម។ ​

លោក ហ៊ុន សែន លើក​ឡើង​ថា​ ស្រប​ពេល​ដែល​កម្មករ​ជាច្រើនកំពុង​ត្រូវ​បាន​ព្យួរ​ការងារ​ដោយ​សាររោង​ចក្រផ្អាក​ដំណើរ​ការ​ លោក​សូម​អំពាវនាវ​ឲ្យ​គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ទាំង​អស់ ពន្យារ​ពេល​ការ​បង់​សង ឬ​លើក​លែង​ការប្រាក់​តែ​ម្តង។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ថា៖ «ព្រោះ​គ្នា​ត្រូវ​ព្យួរ​ការងារ​ហើយ អញ្ចឹង​ទេ​បង្ខំ​ឲ្យ​គ្នាសង។ ពន្យារ​ការ​សង ឬ​ក៏​មិន​យក​ការ​ប្រាក់។ ឧទាហរណ៍​ថា​គ្នា​ដល់​ពេល​សង ​អញ្ចឹង​ពន្យារ​ពេល​សង​បន្តិច។ ហើយ​បើ​ត្រូវ​ការ​ប្រាក់ បង់​ការប្រាក់​ប្រចាំ​ខែ លើក​លែង​ឲ្យ​ទៅ​ ក្នុង​រយៈ​ពេល​ដែលគ្នា​ត្រូវព្យួរ​ការងារ​នេះ»។

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា កម្មករ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្អាក​ការងារ មាន​មិន​ដល់​២​ម៉ឺន​នាក់​នោះ​ទេ ហើយ​ថា​ក្នុង​ចំណោម​ពីរ​ម៉ឺន​នាក់​នោះ​មាន​កម្មករប្រមាណ​ជា​៥០​ភាគ​រយ​ដែល​ជំពាក់​ធនាគារ ឬ​មីក្រូ​ហិរញ្ញវត្ថុ។​

​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវ​នាវ​ដល់​ម្ចាស់​រោងចក្រ​និង​សហគ្រាស​ ​មិនត្រូវ​ឆ្លៀត​ឱកាស​លុបកិច្ច​សន្យា​ការងារ​ជាមួយ​កម្មករ ក្នុង​ពេល​វេលា​ដែល​កម្មករ​កំពុង​ត្រូវបាន​ព្យួរ​ការងារ​នោះដែរ។ ចំណែក​ម្ចាស់​បុរី ឬ​ម្ចាស់​ផ្ទះ​ដែល​លក់ ឬ​បង់​រំលោះ​ផ្ទះ​ឱ្យ​កម្មករ​និយោជិត និង​អ្នក​ធ្វើការ​នៅ​តាម​សណ្ឋាគារ​ ដែល​ត្រូវ​ព្យួរ​ការងារ​ ក៏​ត្រូវ​យោគ​យល់​ពន្យារ​ពេល​សង ឬ​បង់​រំលោះ​ផង​ដែរ។

លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ប្រាប់ VOA ថា សមាគម​នឹងពិភាក្សា​អំពី​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែ​លោក​ថា រហូត​ដល់​ពេល​នេះ​មិន​ទាន់​មានការ​សម្រេច​ជាក់​លាក់​ណាមួយ​នៅ​ឡើយ។ លោក​បន្ថែម​ថា កន្លង​មក​មាន​ការ​ជជែក​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុដែល​ជា​សមាជិក​ថា នឹង​សម្រួល​ដល់​អតិថិជន​ដែល​មាន​អាជីវកម្ម​ប៉ះពាល់​ដោយ​ផ្ទាល់​អំពី​វីរុស​កូវីដ-១៩​នេះ។

លោក ផល វ៉ាន់ឌី និយាយ​ថា៖ «ពី​សមាគម​យើង​មាន​កិច្ច​ប្រជុំ​បន្ថែម​ទៀត​ជាមួយ​នឹង​ធនាគារ និង​សមាជិក​របស់សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្ទាល់​ដែរ​ ក្នុង​ការ​ជែក​អំពី​ដំណោះ​ស្រាយ​ចំពោះ​ស្ថាន​ភាព​ដែល​កំពុង​ជួប​ប្រទះ​ហ្នឹង ត្រូវ​ជជែក​គ្នា​បន្ថែម​ទៀត​អំពី​ការ​អនុវត្ត​ជាក់​ស្តែង​យ៉ាង​ម៉េច»។​

លោក ផល វ៉ាន់ឌី បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិន​ទាន់​មាន​ផល​ប៉ះពាល់​ណាមួយ​ដោយ​សារ​វីរុស​កូវីដ-១៩​នេះ​នៅ​ឡើយ​ទេ។

លោកហ៊ុន សែន កាលពី​សប្តាហ៍​មុន​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី៣ ខែមីនា មាន​កម្មករ កម្មការិនី ប្រមាណ​ជាជាង​១៨.០០០​នាក់​បាន​បាត់បង់​ការងារ​ធ្វើ ​បន្ទាប់ពី​រោងចក្រ​ខ្លះ​សុំ​ព្យួរ​ការងារ​ដោយសារខ្វះ​វត្ថុ​ធាតុ​ដើម ក្រោយ​ការ​ផ្ទុះឡើង មេរោគ​កូវីដ​-​១៩​នៅ​ប្រទេស​ចិន។ លោក​ ហ៊ុន សែន បញ្ជាក់​ថា​ កម្មករ​ទាំងអស់​ដែល​ត្រូវ​បាន​ព្យួរការងារ​បណ្ដោះ​អាសន្ន ទទួល​បាន​ប្រាក់​បៀវត្សន៍​៦០​ភាគរយ ដោយ​ថៅកែ​រោងចក្រ​ផ្ដល់​៤០​ភាគរយ​និង​រដ្ឋ​ផ្ដល់​២០​ភាគរយ។

អ្នកស្រី​ យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា លើក​ឡើង​ថា ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ប្រសិន​បើ​មិនមាន​លិខិត​ជាក់​លាក់​ណា​មួយ។ អ្នកស្រី​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ​ក្រុម​កម្មករ​ដែល​កំពុង​ត្រូវ​បាន​ព្យួរ​ការងារ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ជាពិសេស​ការបារម្ភ​ពី​ការ​បាត់បង់​ការងារ​ជា​អចិន្ត្រៃយ៍។

អ្នកស្រី​ យ៉ាង សុភ័ណ្ឌ ថ្លែង​ថា៖ «កម្មករ​នៅ​ពេល​ខ្ញុំ​ជួប​គាត់​នៅ​៨​មីនា​ ថ្មីៗ​នេះ ពួកគាត់​បាន​លើក​ឡើង​ស្ទើរ​តែ​គ្រប់​គ្នា​ថា គាត់​ចង់​បាន​ការងារ​យូរ​អង្វែង ​ចង់​ឲ្យ​រដ្ឋ​គិត​មើល ​ឲ្យ​រដ្ឋមាន​វិធានការក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​ពិត​ប្រាកដ ពាក់ព័ន្ធឆ្លើយ​តប​នឹង​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​នឹង​រឿង​ EBA ហ្នឹង។ បើសិន​ណា​រក្សា​ EBA បាន​ទើប​អាច​រក្សា​ការងារ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បាន»។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ទេ។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ក៏​បាន​ប្រកាស​ថា រដ្ឋាភិបាល​ចិន​បាន​ត្រៀម​នាវា​ចំនួន​៧គ្រឿង ដើម្បី​ដឹក​វត្ថុធាតុ​ដើម​មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅ​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ដល់​ការផ្អាក​សកម្មភាព​របស់​រោងចក្រ​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​រោងចក្រ​មួយ​ចំនួន​ដែល​បាន​ផ្អាក​សកម្មភាព​រួច​ហើយ​នោះ អាច​ដំណើរការ​ឡើងវិញ៕

XS
SM
MD
LG