ឆ្មាំជាតិអ៊ុយក្រែនពីរនាក់ទៀតបានបាត់បង់ជីវិតដោយសារមុខរបួសបណ្តាលមកពីការផ្ទុះគ្រាប់បែកដៃមួយគ្រាប់នៅក្នុងការធ្វើបាតុកម្មមានអំពើហិង្សាមួយកាលពីថ្ងៃចន្ទនៅក្នុងរដ្ឋធានីគាវ (Kyiv) ហើយការស្លាប់នេះបាននាំឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់បីនាក់ហើយ។
ពួកមន្ត្រីបានប្រកាសអំពីការស្លាប់នៃទាហានពីរនាក់នេះកាលពីថ្ងៃអង្គារ មួយថ្ងៃក្រោយពីពួកអ្នកជាតិនិយមបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅខាងក្រៅអាគារសភារបស់ប្រទេសអ៊ុយក្រែន។
ពួកអ្នកជាតិនិយមបានធ្វើបាតុកម្មប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលស្នើដោយរដ្ឋាភិបាលដែលនឹងផ្តល់ស្វ័យភាពច្រើនជាងមុនដល់ផ្នែកនានាក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនដែលត្រួតត្រាដោយពួកទាមទារបំបែករដ្ឋគាំទ្រដោយប្រទេសរុស្ស៊ី។ សេចក្តីព្រាងច្បាប់នេះបានទទួលការអនុម័តិដំបូងដោយសភាកាលពីថ្ងៃអង្គារ។
នៅក្នុងបាតុកម្មនោះ មានបាតុករម្នាក់បានគ្រវែងគ្រាប់បែកដៃមួយគ្រាប់បណ្តាលឱ្យរបួសបុគ្គលិកខាងការពង្រឹងច្បាប់រាប់សិបនាក់ដោយមានរួមបញ្ចូលទាំងឆ្មាំជាតិម្នាក់ផង ដែលបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។
គេហទំព័ររបស់លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បាននិយាយកាលពីថ្ងៃអង្គារថា មុខរបួសរបស់កងកម្លាំងសន្តិសុខក៏បញ្ជាក់ដែរអំពី«ការ
ប្រើប្រាស់វត្ថុធុនធ្ងន់និងមុតជាច្រើន»ដោយពួកបាតុករ។ មានមនុស្សប្រមាណ១៤០នាក់បានសម្រាកក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាលមុខរបួសដែលជាលទ្ធផលនៃអំពើហិង្សាកាលពីថ្ងៃចន្ទដោយភាគច្រើនជាពួកមន្ត្រីពង្រឹងច្បាប់៕