ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហគមន៍​ខ្មែរ​ពីរ​នាក់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្រុង​ឡុងប៊ិច


លោកស្រី ស៊ូលី សារ៉ូ (ឆ្វេង)​ និងលោក ស្ទីវ វិបុល​ម៉េង ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ពីរ​នាក់​ ដែលកំពុង​តែ​ប្រកួត​ប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ក្រុង​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា​ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ដើម​ឆ្នាំ២០២០។

លោកស្រី ស៊ូលី សារ៉ូ ​និង​លោក ស្ទីវ វិបុល​ម៉េង ​នឹង​ត្រូវ​ចូល​ប្រកួត​ប្រជែង​ដើម្បី​​យក​តំណែង​ចៅ​សង្កាត់​​លេខ​៦ ​នៃ​ទីក្រុង​ឡុងប៊ិច។​ ការ​បោះឆ្នោត​នឹង​រៀបចំ​ឡើង​​នៅ​​ខែ​មីនា ឆ្នាំ​២០២០​ខាង​មុខ។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ពីរ​នាក់​កំពុង​តែ​ប្រកួត​ប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ក្រុង​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា​ក្នុង​ការ​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ដើម​ឆ្នាំ​ក្រោយ។

នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​មានបេក្ខជន​ពីររូប​ដែល​មាន​ប្រវត្តិ​ជា​មេដឹកនាំ​សហគមន៍​ជាច្រើន​ឆ្នាំបាន​សម្រេច​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ថ្នាក់​មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​កែ​លម្អសហគមន៍​របស់​ពួកគេ។​

លោកស្រី ស៊ូលី សារ៉ូ ​និង​លោក ស្ទីវ វិបុល​ម៉េង ​នឹង​ត្រូវ​ចូល​ប្រកួត​ប្រជែង​ដើម្បីយក​តំណែង​ចៅ​សង្កាត់លេខ​៦ ​នៃ​ទីក្រុង​ឡុងប៊ិច។​ ការ​បោះឆ្នោត​នឹង​រៀបចំ​ឡើងនៅខែ​មីនា ឆ្នាំ​២០២០​ខាង​មុខ។

បើ​ទោះបី​ជា​ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​រហូតដល់​ជាង​៥ម៉ឺននាក់​ ប៉ុន្តែ​នៅ​មិនទាន់​មាន​តំណាង​ខ្មែរ​ណា​ម្នាក់​បាន​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​នៅ​ក្នុង​ទីក្រុង​នេះ​នៅ​ឡើយ​ទេ។

លោកស្រី ​ស៊ូលី សារ៉ូ​ បាន​ប្រកាស​ឈរ​ជា​បេក្ខជនដោយសារតែ​លោកស្រី​យល់​ថា​ ពេល​វេលា​សម​ស្រប​មួយ​ដើម្បី​ការផ្លាស់ប្តូរ៖​

«ខ្ញុំ​សម្រេច​ចិត្ត​នេះ​ដោយសារ​ខ្ញុំ​នឹកឃើញ​ប៉ាម៉ាក់​ខ្ញុំ​តស៊ូ​ ដើម្បី​ឱ្យ​យើង​មក​ដល់​អាមេរិក​ ហើយ​ខ្ញុំ​ខិតខំ​រៀន​ខិតខំ​ជួយ​សង្គម​ខ្ញុំ​ ហើយ​ខ្ញុំ​នឹក​ឃើញ​ថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​ជួយ​សង្គម​យើង​ដើរ​ទៅ​មុខ​ទៀត។ ការងារ​ខ្ញុំ​គឺ​ខ្ញុំ​មាន​បទពិសោធ​ច្រើន​ ហើយ​ខ្ញុំ​អាច​ជួយ​សង្គម​យើង​ច្រើន​ពេល​ចូល​នយោបាយ​នៅ អាមេរិក​ដោយ​ឈរ​ជា​ចៅសង្កាត់»។​

លោកស្រី ​ស៊ូលី សារ៉ូ​ មាន​សញ្ញាបត្រ​អនុបណ្ឌិត​ខាង​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​រដ្ឋ​កាលី​ហ្វ​ញ៉ាប្រចាំ​នៅទីក្រុង​ឡុងប៊ិច ​និង​បណ្ឌិត​ផ្នែក​អប់រំ​សិក្សាធិការ​ពី​សាកល​វិទ្យាល័យ​ឡាវែន។​

បច្ចុប្បន្ន​ លោកស្រី​ សារ៉ូ​ គឺ​ជា​ប្រធាន​គណៈកម្មការ​ទទួល​បណ្តឹង​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច ហើយ​ក៏ជា​តំណាង​មូលដ្ឋាន​នៃ​ការិយាល័យ​លោក​ រីកាដូ ឡារ៉ា ​ដែល​ជាសមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋកាលីហ្វញ៉ា​ផងដែរ។ លោក​ រីកាដូ ឡារ៉ា​ គឺជា​អ្នក​ដែល​បាន​ចេញ​សេចក្តី​សម្រេច​ទទួល​ស្គាល់​ទិវា​រំលឹក​ដល់​ជនរងគ្រោះពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ និង​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។​

លោកស្រី​មើល​ឃើញ​ថា ពលរដ្ឋត្រូវ​ការ​កម្មវិធី​ដែល​ជួយ​ពួកគេ​ឱ្យ​ផ្សះផ្សារ​របួស​ផ្លូវចិត្ត​ដោយសារបាន​ឆ្លងកាត់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កំណើត​ ហើយតម្រូវ​ឱ្យ​មាន​សកម្មភាព​កំសាន្ត​ព្យាបាល។ បញ្ហា​ដទៃ​ទៀត​រួមមាន​សុវត្ថិភាព​នៅក្នុង​សហគមន៍​និង​ការ​ប្រកប​របរ​អាជីវកម្ម​ និង​ជំនួយ​ដែល​យុវជន​ត្រូវ​ការ​ដើម្បី​ឱ្យ​បាន​ចូលរៀន​ដល់​មហា​វិទ្យាល័យ​និង​រក​ការងារ​ច្រើន​ជំនាញ​នៅក្នុង​ទីក្រុង។​

លោកស្រី ស៊ូលី សារ៉ូ​ បាន​បញ្ជាក់​ថា៖

«តើ​យើង​អាច​គាំទ្រ​យុវជន​ជំនាន់​ថ្មី​បាន​យ៉ាងណា​ខ្លះ​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ពួកគេ​មិន​ត្រឹម​តែ​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​និង​រក​ការងារ​ធ្វើ​ល្អ​ប៉ុណ្ណោះ​ទេ​ គឺ​យើង​ត្រូវ​គាំទ្រ​ពួកគេ​ឱ្យ​បាន​ចូល​អាជីព​ការងារ​ផ្សេងៗ​នៅក្នុង​ទីក្រុង?បើសិន​ជា​យើង​មិន​មាន​អ្នកតំណាង​ដើម្បី​និយាយ​ថា​ យើង​ត្រូវ​តែ​បង្កើត​កម្មវិធី​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ មាន​យុវជន​កម្ពុជា​ចូល​សិក្សា​ក្នុង​កម្មវិធី​នោះ​ គឺ​យើង​មិន​អាច​មាន​ពលរដ្ឋ​កម្ពុជា​ចម្រុះ​ចូល​ក្នុង​វិស័យ​ដទៃ​ទៀត​ទេ‍»។​

ដោយ​ថ្លែង​ឆ្លាស់​គ្នា​ជា​ភាសា​អង់គ្លេស​ផង​និង​ភាសា​ខ្មែរ​ផង​ លោកស្រី​ សារ៉ូ ​បន្ថែម​ថាបច្ចុប្បន្ន​សហគមន៍​នេះ​ស្ទើរតែ​ត្រូវ​គេ​បំភ្លេច​ចោល៖

«ឥឡូវនេះ​សង្កាត់​នេះ​គេដូច​ជាភ្លេច​មនុស្ស​នៅ​ទីនោះ​ ពីព្រោះ​បើសិន​ជា​យើង​ទៅ​ កន្លែង​ហ្នឹង​ឥឡូវ​ហ្នឹង​វា​ដូច​ជា​ចិញ្ចើម​ថ្នល់​ខូចខាត ​ផ្លូវ​កខ្វក់ ​ស្លាក​សញ្ញា​តាម​ថ្នល់​រលុប​ពណ៌​ហើយ​គ្មាន​អ្នកណា​យកចិត្ត​ទុក​ដាក់​ទេ។ មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ថា​ ពួកគេ​មាន​តម្លៃ​និង​សំខាន់ ​ហើយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន​គឺ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​និយាយ​ទៅ​ពលរដ្ឋ​គ្រប់គ្នា​និង​ស្តាប់​មតិ​ពួកគេ​ថា​ចង់​ឱ្យ​បាន​អ្វី​ល្អ​ប្រសើរ‍»។​

អ្នកស្រី​ ស៊ូលី សារ៉ូ​ បាន​កើត​នៅ​ជំរំ​ជនភៀសខ្លួន​ម៉ៃរូត​តាម​បណ្តោយ​ព្រំដែន​ប្រទេស​កម្ពុជា-​ថៃ​ មុន​នឹង​ក្រុម​គ្រួសារ​ទទួល​បាន​សិទ្ធិ​មក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨២។ លោកស្រី​មាន​អាយុ​៣៨ឆ្នាំ​មាន​កូនប្រុស​មួយ​អាយុ​៧ឆ្នាំ​ ហើយ​កូនស្រី​អាយុ​២ឆ្នាំ។ ​

លោកស្រី​ សារ៉ូ​ ក៏​ជា​ស្ថាបនិក​និង​ជា​ប្រធាន​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រីដែល​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជួយ​ជំរុញ​ការ​រីកចម្រើន​របស់​ស្ត្រី​និង​កុមារី​ តាម​រយៈ​ការ​ផ្តល់​ភាព​អង់អាច​ក្លាហាន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ លោកស្រី​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​បានកាន់​ការងារជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​យុវនារី​ខ្មែរ​ ដែល​ជា​អង្គការ​មួយ​ជួយ​បង្ហាត់​បង្រៀន​ជំនាញ​ជា​អ្នក​ដឹកនាំ​ដល់​យុវជន​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច។

ចំណែក​បេក្ខជន​ម្នាក់ទៀត​គឺ​លោក ​ស្ទីវ វិបុល​ម៉េង​ ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​រយៈពេល៣០ឆ្នាំ​ហើយ ក៏​បាន​សម្រេចចិត្តឈរ​ឈ្មោះ​ដើម្បី​ក្លាយ​ជាចៅសង្កាត់​លេខ​៦ដែរ។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«ខ្ញុំ​ឃើញ​ថា​ក្នុង​សង្គម​ខ្មែរ​ យើង​អត់​មាន​សំឡេង​ក្នុង​សង្គម​ក្នុង​ទីក្រុង​ឡុងប៊ិច ​សូម្បី​ខ្មែរ​យើង​រស់នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​៤០ឆ្នាំ​ហើយ។ យើង​អត់មាន​អ្នកណា​មួយ​ដែល​ជា​តំណាង​ឱ្យ​ខ្មែរ​ តំណាង​ឱ្យ​សង្គម​ដែល​អាច​ផ្តល់​ជា​សេវាកម្ម​ផ្តល់​ជា​សំឡេង​ឱ្យ​ពួកគាត់​បាន។ មូលហេតុ​នេះ​ហើយ​ខ្ញុំ​ឃើញ​ថា​មាន​ការ​ខ្វះខាត​បាន​ខ្ញុំ​សម្រេច​ចិត្ត​ចូល​បម្រើ​សង្គមក្នុង​លំដាប់​ខាង​សាលា​ក្រុង‍»។​

លោក​ ស្ទីវ ម៉េង ​មាន​កម្មវិធី​នយោបាយប្រហាក់ប្រហែល​នឹង​លោកស្រី​ ស៊ូលី សារ៉ូ​ ដែរ៖

«ក្នុង​បញ្ហា​ដែល​ខ្ញុំ​ឃើញ​ហើយ​ជា​ការណ៍​ដែល​ខ្ញុំ​ជួបប្រទះ​ជា​រាល់ថ្ងៃ​ គឺ​បញ្ហា​ដ៏​ចម្បង​មួយ​ គឺ​បញ្ហា​សុវត្ថិភាព។ សុវត្ថិភាព​ក្នុង​ទីក្រុង​ឡុងប៊ិច​គឺ​ការ​មាន​បញ្ហា​ផ្សេងៗ​ វា​ចុះថយ​មែន ​គឺ​ចុះ​ថយ​១៦​ភាគរយ ក៏​ប៉ុន្តែ​និយាយ​ផ្ទាល់​សម្រាប់​សង្កាត់​ទី​៦ផ្ទាល់​ ការ​មាន​រឿង​មានហេតុ​កាប់​សម្លាប់​បាញ់​គ្នា​វា​មាន​ការកើន​ឡើង។ ដូច្នេះ​ទីមួយ​គឺ​សុវត្ថិភាព។ ទីពីរ​គឺ​សេដ្ឋកិច្ច​ក្នុង​សង្គម ​សង្កាត់ទី​៦ក្រ​ ក្នុង​ចំណោម​សង្កាត់​ទាំង៩»។

លោក​ជឿជាក់​ថា​ បើ​ដោះស្រាយ​បាន​ នោះ​អនាគត​យុវជន​ខ្មែរ​ក៏​បាន​ប្រសើរ​ឡើង​ដែរ។

លោក​ ស្ទីវ វិបុលម៉េង​ មាន​កំណើត​នៅស្រុក​ត្រាំខ្នា ​ខេត្ត​តាកែវ​ និង​ជាកូនកំព្រា​ឪពុក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​បាន​រស់នៅ​ក្នុង​ជំរំខៅអ៊ីដាង​ ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​ថៃ រយៈពេល​ជាង​១០ឆ្នាំ។​ លោក​បាន​មកដល់​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​១៩៩០​ ពេល​ដែល​លោក​មាន​អាយុ២១​ឆ្នាំ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​លោក​នៅ​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់។

លោក ស្ទីវ ម៉េង ​មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ខាង​ការអប់រំ​គរុកោសល្យ​ពី​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា ​ហើយ​ធ្លាប់​ជា​ប្រធាន​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​មហាវិទ្យាល័យ​ក្រុង​ឡុងប៊ិច​ផងដែរ។​

លោក​ស្ទីវ វិបុលម៉េង ​អះអាង​ថា​ ដោយ​សារតែ​មាន​សមាជិក​ក្រុម​គ្រួសារ​លោក​ផ្ទាល់​បាន​ស្លាប់​បាត់បង់​ជីវិ​ត​នៅក្នុង​របបខ្មែរ​ក្រហម​និង​លទ្ធភាព​អាច​និយាយ​ភាសា​ខ្មែរ​បាន​ គឺ​លោក​បាន​យល់​ដឹង​ពី​ជំងឺ​បាក់ស្បាត​ដែល​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​បាន​ឆ្លងកាត់​និង​កំពុង​ត្រូវការ​ការ​ព្យាបាល។

ក្នុង​រយៈពេល​ជាង​២៥ឆ្នាំ​នេះ​ លោក​ស្ទីវ ម៉េង ​បាន​ធ្វើការ​នៅ​អង្គការ​សហគមន៍​ជាច្រើន​ក្នុង​នោះមាន​ជា​ប្រធាន​ក្រុមប្រឹក្សា​សម្រប​សម្រួល​កម្ពុជា​ និង​ជា​អ្នកស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ចាស់​ជរាក្រុង​ឡុងប៊ិច​ជាដើម។

លោក​ស្ទីវ ម៉េង ​បាន​បង្កើត​មូលនិធិ​កម្ពុជា​អាមេរិក​សម្រាប់​វិស័យ​អប់រំ​ជនបទ​នៅឆ្នាំ​២០១៥​ ដើម្បី​សាងសង់​បណ្ណាល័យ​ ហើយ​បាន​សាងសង់​បណ្ណាល័យ​ចំនួន​៣​នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​ លោក​មាន​កូន​ពីរ​នាក់​ដែល​កូនប្រុស​អាយុ​១៥ឆ្នាំ​ ហើយ​កូនស្រី​មាន​អាយុ​១២ឆ្នាំ។

ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​៣៣ម៉ឺននាក់​ គិត​ត្រឹមឆ្នាំ​២០១៥។ ​ពួកគេ​រស់នៅ​ភាគច្រើន​នៅ​រដ្ឋកាលីហ្វញ៉ា​ រដ្ឋ​ម៉ាស្សា​ឈូ​សិត​ រដ្ឋផែនស៊ីលវេនៀ ​និង​រដ្ឋ​វ៉ាស៊ីនតោន។ នេះ​បើតាម​តួលេខរបស់​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​Pew។

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ថ្នាក់​មូលដ្ឋាន។ នៅ​ទីក្រុង​ឡូវ៉ែល ​រដ្ឋ​ម៉ាស្សា​ឈូសិត ​មាន​អ្នកតំណាងរាស្ត្រ​ដើម​កំណើត​ខ្មែរ​ម្នាក់​នៅ​ក្នុងសភា​ប្រចាំ​រដ្ឋ ​និង​ជា​ចៅហ្វាយ​រង​ក្រុង​ម្នាក់។

លោកស្រី​ចាន់ ហប់សុន ​ប្រធាន​សមាគម​មាតាបិ​តាខ្មែរ​ដែល​បាន​ធ្វើ​ការងារ​សហគមន៍​ជាង​២៥ឆ្នាំ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​មាន​សេចក្តី​ត្រេកអរ​ជាទីបំផុត​ដោយ​ឃើញ​ថា​ កូនខ្មែរ​របស់​យើង​ពីរ​នាក់​គឺ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ដែល​មាន​សេចក្តី​ក្លាហាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ជា​ចៅ​សង្កាត់​ប្រចាំ​សង្កាត់​ទី​៦។ ជាពិសេស​សម្រាប់​កូនស្រី​ដែល​មាន​លទ្ធភាព​ សមត្ថភាព​និង​សេចក្តី​ក្លាហាន​ឈរ​ឈ្មោះ​ឱ្យ​ក្លាយ​ជា​ចៅ​សង្កាត់​នេះ។ ខ្ញុំ​សូម​អរគុណ​ហើយ​ ខ្ញុំ​សូមជូនពរ​ដល់​បេក្ខជន​ទាំងពីរ​នាក់​ឱ្យ​មាន​សំណាង​ល្អ​ហើយ​នឹង​ការវិវត្តន៍​ទៅ​មុខ​ល្អ។ សូម​អរគុណ‍»។​

លោកស្រី​ ហប់ សុន​ ដែល​ក៏​មាន​លំនៅ​ក្នុង​សង្កាត់​លេខ​៦ដែរ ​បាន​បន្ថែម​ថា​ ក្រៅ​ពី​បញ្ហា​ដែល​បេក្ខជន​ទាំងពីរ​បង្ហាញ​គឺ​នៅ​មាន​បញ្ហា​លំនៅដ្ឋាន​ដែល​ខ្មែរ​អាមេរិកាំង​វ័យ​ចាស់​ជរា​ខ្លះ​ជួប​ប្រទះ​ដោយ​សារ​កម្រិត​ជីវភាព​ពួកគេ​នៅ​ទាប​ជាង​សង្កាត់​ជិតខាង។

រីឯ​លោក​ឌី អេនឌ្រូ ​ជា​ចៅសង្កាត់​លេខ​៦​នា​ពេល​បច្ចុប្បន្ន ​និង​ជា​ចៅហ្វាយក្រុង​រង​នៃ​ទីក្រុង​ឡុងប៊ិច​បាន​ជាប់​ឆ្នោត​កាន់​តំណែង​នេះតាំង​ពី​ឆ្នាំ​២០០៧។ លោក​មកពី​គណបក្ស​ប្រជាធិបតេយ្យ។ សម្រាប់​អាណត្តិ​នេះ​គឺ​លោក​ឌី អេនឌ្រូ​ នឹង​ឈរ​ឈ្មោះ​បន្ត​ទៀត​ដោយ​ផ្តោត​លើ​ការ​បង្កើត​ការងារ​ កែលម្អ​សួនច្បារ​ក្នុង​ក្រុង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​សាធារណៈ ​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ ​និង​ស្តាប់​ពលរដ្ឋ​ឱ្យ​បាន​ច្រើន។

បេក្ខជន​ម្នាក់ទៀត​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែរ​គឺ​មាន​លោក ​Craig Ursuy គឺ​ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​សាន់តា អាណា។ លោក​ក៏​នឹង​ផ្តោត​លើ​ការ​បង្កើត​ការងារ​និង​ការ​ផ្តល់​លំនៅដ្ឋាន​ដល់​ពលរដ្ឋ​គ្មាន​ផ្ទះសម្បែង៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG