ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​រដ្ឋកាលីហ្វញ៉ា​ច្រើន​ជា​ប្រវត្តិសាស្រ្ត


រូបឯកសារ៖ ពលរដ្ឋអាមេរិករង់ចាំបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Sylmar រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក​ផែតឌីលឡា ​ចាត់​ទុក​ថា​ ជោគជ័យ​នេះ​ដោយសារ​តែ​មាន​ការ​បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​បាន​បោះឆ្នោត​ងាយស្រួល​ជាង​មុន​តាម​រយៈ​ការចុះឈ្មោះ​ពេល​សុំ​បណ្ណ​បើកបរ អ្នក​បោះឆ្នោត​មាន​ជម្រើស​បោះ​តាម​សំបុត្រ​ឬ​មកដល់​ការិយាល័យ​ ហើយ​​ការ​ចុះឈ្មោះ​ដោយ​មាន​លក្ខខណ្ឌ​បាន​ប្រសើរ​ជាង​មុន​ជាដើម។

ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វញ៉ា​បាន​កើន​ឡើង​ច្រើន​ជា​ប្រវត្តិសាស្រ្ត​មួយ​ក្នុង​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​នេះ​សម្រាប់​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។​

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ប្រចាំ​រដ្ឋ​បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​មាន​ចំនួន​១២,៨​លាន​នាក់​នៃ​ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​១៩,៧​លាននាក់​ដែល​ត្រូវ​ជា​៦៤,៥​ភាគរយ។

លោក​អាឡិច ផែតឌីលឡា ​រដ្ឋលេខាធិការរដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​ថា៖

«ការ​បោះឆ្នោត​កាលពីថ្ងៃទី​៦ ខែ​វិច្ឆិកា មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត។ យើង​ឃើញ​ថា​អ្នក​ចុះ​ឈ្មោះបោះឆ្នោត​ក៏​បាន​ច្រើន ​ហើយ​អ្នកចេញ​មក​បោះឆ្នោត​ក៏ច្រើន​ជាប់​ជា​កំណត់ត្រា​មួយ។ ចំនួន​អ្នកចេញ​មក​បោះឆ្នោត​ខ្ពស់​ជាង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាលពី​លើកមុនៗ​ បើគិត​ចាប់​តាំងពី​ឆ្នាំ​១៩៨២​មក‍»។​

រូបឯកសារ៖ លោក​អាឡិច ផែតឌីលឡា ​រដ្ឋលេខាធិការរដ្ឋ​កាលីហ្វញ៉ា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាមួយ នៅវិទ្យាស្ថាន Google Cultural Institute នៅទីក្រុង Sacramento រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​អាឡិច ផែតឌីលឡា ​រដ្ឋលេខាធិការរដ្ឋ​កាលីហ្វញ៉ា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាមួយ នៅវិទ្យាស្ថាន Google Cultural Institute នៅទីក្រុង Sacramento រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

លោក​ផែតឌីលឡា ​ចាត់​ទុក​ថា​ ជោគជ័យ​នេះ​ដោយសារ​តែ​មាន​ការ​បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​បាន​បោះឆ្នោត​ងាយស្រួល​ជាង​មុន​តាម​រយៈ​ការចុះឈ្មោះ​ពេល​សុំ​បណ្ណ​បើកបរ អ្នក​បោះឆ្នោត​មាន​ជម្រើស​បោះ​តាម​សំបុត្រ​ឬ​មកដល់​ការិយាល័យ​ ហើយការ​ចុះឈ្មោះ​ដោយ​មាន​លក្ខខណ្ឌ​បាន​ប្រសើរ​ជាង​មុន​ជាដើម។

​ការ​ចូលរួម​ចំណែក​របស់​សកម្មជន​មូលដ្ឋាន ​ដូច​ជា​អង្គការ​សកម្មភាពយុវនារី​ខ្មែរ​ (Khmer Girls in Action) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងប៊ិច ក៏​បាន​ធ្វើ​ឱ្យ​ចំនួន​នេះកើន​ឡើង​ផង​ដែរ។ សកម្មជននៃ​អង្គការ​នេះដែល​ប្រើប្រាស់​អ្នកស្ម័គ្រចិត្ត​ជា សិស្ស​វិទ្យាល័យ​បាន​ធ្វើ​សកម្មភាព​ជួយ​ជំរុញ​ពលរដ្ឋ​ជាច្រើន​ឱ្យ​បាន​ទៅ​បោះឆ្នោត។​

កាលពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ ក្រុម​យុវជន​ក្មេងៗ​ទាំង​នេះ​បាន​ទូរស័ព្ទរហូត​ដល់​នាទី​ចុងក្រោយ​ដើម្បី​ដាស់តឿន​មិត្តភក្តិ​និង​សមាជិក​ក្រុមគ្រួសារ​ឱ្យ​ចេញ​ទៅ​បោះឆ្នោត។

នោះ​គឺ​ជា​ការ​ខិតខំ​ជំរុញ​ចុងក្រោយ​របស់​ពួកគេ​ដើម្បីបង្កើន​ចំនួន​អ្នកចេញ​ទៅ​បោះឆ្នោត​នៅក្នុង​ក្រុង ជាពិសេស​យុវជន​ក្មេងៗ​ឬអ្នកដែល​ទើប​បាន​បោះឆ្នោត​ជា​លើកទីមួយ។

កញ្ញាអេមី លាងហ៊ន អ្នក​រៀបចំ​សហគមន៍​នៃ​អង្គការ​សកម្មភាព​យុវនារីខ្មែរ​បាន​បញ្ជាក់​ថា​ វា​ជា​ការ​សំខាន់​ដែល​យុវជន​ត្រូវ​ចូលរួម​ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នក​តាក់តែង​គោល​នយោបាយ៖

«នាងខ្ញុំ​ត្រូវបាន​ចាត់​ទុក​ថា​ជា​អ្នក​បោះឆ្នោត​សម័យថ្មី​ ហើយអ្វី​ដែល​យើង​ដឹង​ពី​អ្នក​បោះឆ្នោត​សម័យ​ថ្មី​គឺ​ថា ​ច្បាប់​និង​គោល​នយោបាយប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកយើង ប៉ុន្តែ​ពួក​គេមិន​បាន​សួរ​យោបល់​យើង​ទេ‍»។​

អង្គការ​សកម្មភាព​យុវនារី​ខ្មែរ​បាន​ធ្វើ​ការ​ជួយ​ដល់​សហគមន៍​ជាច្រើន​ឆ្នាំ​ ហើយ​ក្នុង​គោល​បំណងដើម្បី​ឱ្យ​យុវជន​សម័យ​ថ្មី​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត។ នៅ​ចុងឆ្នាំ​២០១៨​នេះ​ ពួកគេ​បាន​ទទួល​យក​អ្នក​ស្ទង់មតិ​ចំនួន​១៥នាក់ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សហគមន៍។

តាមរយៈ​បទពិសោធន៍​ដែល​ពួកគេ​ទទួល​បាន​ គឺ​ពួកគេ​រៀនសូត្រ​ពី​ការដឹកនាំ​ និង​ស្វែងយល់​ពី​ទិដ្ឋភាព​នយោបាយ និងពីអ្វី​ដែល​កើតមាន​ឡើង​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគេ​ ក៏ដូច​ជា​ដំណើរ​ការ​បោះឆ្នោត​ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ។

«​តាមរយៈ​យុទ្ធនាការ​របស់​ពួកយើង​ តាម​រយៈ​ការ​ចូលរួម​ក្នុង​សហគមន៍​ដោយ​យក​យុវជន​និង​អ្នក​ដែល​ច្បាប់​និង​គោលនយោបាយ​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់​ពួកគេ​មកធ្វើ​ការ ​គឺ​អនុញ្ញាតឱ្យ​យុវជន​ក្មេងៗ​ទាំងនេះ​ចូលរួម​ក្នុងការ​បោះឆ្នោត​ដោយសារ​តែ​នៅ​ពេល​ដែល​ពួកគេ​ឃើញ​យើង​ទៅបោះឆ្នោត​ គឺពួកគេ​យល់​ថា​ត្រូវ​តែ​ទៅដែរ‍»។​

យុវជនធ្វើការស្ម័គ្រចិត្តនៅ​អង្គការ​សកម្មភាពយុវនារី​ខ្មែរ (Khmer Girls in Action) ចូលរួមផ្សព្វផ្សាយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ Khmer Girls in Action's Facebook)
យុវជនធ្វើការស្ម័គ្រចិត្តនៅ​អង្គការ​សកម្មភាពយុវនារី​ខ្មែរ (Khmer Girls in Action) ចូលរួមផ្សព្វផ្សាយការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ Khmer Girls in Action's Facebook)

សម្រាប់​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កន្លង​មកនេះ​ អង្គការ​សកម្មភាព​យុវនារី​ខ្មែរ​បាន​ជួប​បញ្ចុះបញ្ចូល​តាម​លំនៅដ្ឋាន​និង​ទូរស័ព្ទ​ទៅ​អ្នកបោះឆ្នោត​បាន​ចំនួន​៥០០០​នាក់​ នៅ​ក្នុងសហគមន៍​អាមេរិកាំង​ដើមកំណើត​មក​ពី​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍។

អ្នកស្រី​សីលា ណែមស៊ី នាយក​ខាងផ្នែក​យុត្តិធម៌​សេដ្ឋកិច្ច​របស់​អង្គការ​សកម្មភាព​យុវនារី​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នេះ​គឺជា​ការកើនឡើង​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ក្នុង​ពេល​អតីតកាល។ យើង​ដឹង​ថា​ការណ៍​នេះ​ដោយសារ​តែ​អ្វី​ដែល​កំពុង​កើតមានឡើង​នៅថ្នាក់​ជាតិ។ នេះ​គឺជា​ការចាប់​អារម្មណ៍​ជាថ្មី​លើ​ការ​បោះឆ្នោត​ជាពិសេស​នៅក្នុង​ចំណោម​យុវជន‍»។​

មាន​បញ្ហាធំៗ​ជាច្រើន​ដែល​បាន​បញ្ជូល​នៅក្នុង​សន្លឹកឆ្នោត​សម្រាប់​អ្នកបោះឆ្នោត​នៅរដ្ឋ​កាលីហ្វញ៉ា​សម្រេច​ជ្រើសរើស​ ដែល​ក្នុងនោះ​មាន​ការ​យកពន្ធ​លើ​តម្លៃ​ប្រេង​ឥន្ធនៈ ផ្ទះសម្បែង​សម្រាប់​អតីត​យុទ្ធជន​និង​អ្នកគ្មាន​ផ្ទះសម្បែង ការ​ផ្ទេរ​ពន្ធ​ផ្ទះ និង​បណ្ណមូលនិធិ​សម្រាប់​មន្ទីរពេទ្យកុមារ​ជាដើម។

អ្នកស្រី​សីលា ណែម​ស៊ី​ បាន​បញ្ជាក់​ថា៖

«សម្រាប់​រដូវ​ស្លឹកឈើជ្រុះ​នេះ​យើង​ផ្តោតលើ​បញ្ហា​ផ្ទះសម្បែង​ដែល​ពលរដ្ឋ​អាច​មានថវិកា​បង់​បាន សិទ្ធិ​កម្មករ និង​សិទ្ធិ​ស្ត្រី ហើយ​យើង​បាន​ធ្វើការ​អប់រំ​នៅ​ទូទាំង​សហគមន៍​ដោយ​សារ​បញ្ហា​នេះ​ប៉ះពាល់​ដល់​ក្រុម​យុវជន​និង​ក្រុមគ្រួសារ​របស់​ពួកគេ‍»។

វិធានការមួយ​ដែល​តម្រូវ​ឱ្យ​គោរព​ដល់សិទ្ធិ​ស្ត្រី​នៅកន្លែង​ធ្វើការ​ ដែល​ រួមមាន​ការតម្រូវ​ឱ្យ​សណ្ឋាគារ​ក្នុង​ទីក្រុង​ឡុងប៊ិច​ដែល​មាន​ចំនួន​លើសពី​៥០បន្ទប់​ផ្តល់​ឧបករណ៍​គ្រាអាសន្ន​ដល់​បុគ្គលិក​សណ្ឋាគារ ​កំណត់​ទំហំ​បន្ទប់​ដែល​ត្រូវ​សម្អាត​និង​ការដាក់​ពិន័យ​សណ្ឋាគារ​ណា​ដែល​មិនគោរពតាម​គោលការណ៍ ​ត្រូវ​បានអ្នក​បោះឆ្នោតសម្រេច​គាំទ្រ​ដោយ​សំឡេង​៦៤,៤៩ ​ទល់​សំឡេង​ជំទាស់​៣៥,៥១​ភាគរយ។

អ្នកស្រី​សីលា ណែមស៊ី​ បញ្ជាក់​បន្ថែម​ថា​ នេះ​គ្រាន់តែ​ជា​ជោគជ័យ​មួយ​ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​បន្ត​ការងារនេះថែមទៀត​ដែលជា​យុទ្ធសាស្រ្ត​រយៈពេល​វែង​របស់​ពួកគេ​ក្នុងការ​ធ្វើ​សកម្មភាព​សហគមន៍​ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បោះឆ្នោត​ថ្មីមួយ​អាច«កសាង​ចលនា​មួយ​ដែល​ដឹកនាំ​ដោយក្រុម​យុវជន​ដើម្បី​កសាង​ជា​កម្លាំង​បោះឆ្នោត​ធំ​មួយ‍»។​

ចំណែក​លោក​អាឡិច ផែតឌីលឡា ​រដ្ឋលេខាធិការ​រដ្ឋ​កាលីហ្វញ៉ាវិញ គឺ​នឹង​បន្ត​ប្រឹងប្រែង​ឱ្យ​មាន​ចំនួន​អ្នកចេញ​ទៅ​បោះឆ្នោត​នៅ​ទូទាំង​រដ្ឋ​ច្រើន​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​សម្រាប់​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣ ខែ​មីនា​ ឆ្នាំ​២០២០៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG