ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ខ្មែរ​អាមេរិកាំង​អេលីហ្សាបែត ហេង​ចាញ់​ឆ្នោត​នៅ​រដ្ឋ​កាលីហ្វញ៉ា


កញ្ញា​ អេលីហ្សាបែត ហេង​ បេក្ខជន​តំណាងរាស្ត្រ​​ខាង​គណបក្សសាធារណរដ្ឋដែល​កំពុង​ប្រកួតប្រជែង​យក​អាសនៈ​សភាជាតិ​នៅ​មណ្ឌលសភា​​ទី​១៦​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​នៅ​ថ្ងៃទី​៦​ខែ​វិច្ឆិកាខាងមុខនេះ។ (រូបថតពី​ហ្វេសប៊ុក Elizabeth Heng)

បេក្ខជន​ខ្មែរ​អាមេរិកាំង​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​កញ្ញា អេលីហ្សាបែត ហេង ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​សភា​ទី១៦ ក្នុង​រដ្ឋ​កាលីហ្វញ៉ា​បាន​ចាញ់​គូប្រជែង​ដោយ​សំឡេង​យ៉ាងច្រើន​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ កាលពី​ថ្ងៃ​ អង្គារ។

លទ្ធផល​ឆ្នោត​ដែល​រាប់​អស់​ទាំង​ ១០០ ភាគរយ​បង្ហាញ​ថា កញ្ញា​ អេលីហ្សាបែត ហេង បាន​ចាញ់​លោក ជីម កូស្តា ដោយ​សំឡេង ៣៧៤៨០ ទល់​នឹង ៤៤៧៦៩ ដែល​ត្រូវ​ជា ៤៥,៦ភាគរយទល់នឹង៥៤,៤ភាគរយ។

បេក្ខជន​ទាំង​ពីរ​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​វីអូអេ​បាន​ទាក់ទង។ ប៉ុន្តែ​សារ​តាម​ធ្វីតធឺ​និង​ហ្វេសប៊ុក​ចុងក្រោយ​របស់​នាង អេលីហ្សាបែត ហេង​ នៅ​មុន​ការ​បោះឆ្នោត​បាន​បញ្ចប់​បាន​បញ្ជាក់​ពី​ជំហរ​រឹងប៉ឹង​ថា៖

«ការ​ប្រកួត​នេះ​ខ្ពង់​ខ្ពស់​ណាស់​ដែល​អ្នក​បោះឆ្នោត​មិន​គួរ​នៅ​ផ្ទះ​ទេ។ នៅ​សភា​តំណាងរាស្ត្រ​ខ្ញុំ​នឹង​ស្តារ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹក​នៅ​ តំបន់Central Valley ហើយ​ខ្ញុំ​មិន​ទទួល​យក​ពាក្យ​បដិសេធ​ទេ...»។

យ៉ាង​ណា​ក៏​ដោយ អ្នកវិភាគ​នានា​មើល​ឃើញ​ថា នេះ​ជា​មណ្ឌល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​ដោយ​ងាយស្រួល​ ​ព្រោះ​បាន​កាន់​កាប់​ជាង៤០ឆ្នាំ​មក​ហើយ។

លទ្ធផល​បណ្តោះ​អាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​អាសន:​ចំនួន​៣៨​រី​ឯ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន១១ក្នុង​ចំណោម​អាសន:​សរុប​ចំនួន ៥៣ក្នុង​រដ្ឋ។ អាសន:​ចំនួន៤ទៀត​នៅ​រាប់​មិន​ទាន់​ចប់​ប៉ុន្តែ​មាន​អាសន:​ចំនួន​៣​គឺ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នាំ​មុខ។ ក្នុង​ចំណោម​អាសន:​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​បាត់​បង់​មាន​អាសន: ​របស់​លោកDana Rohrabacherនៃ​មណ្ឌល​សភា​ទី៤៨​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​កម្ពុជា​ផង​ដែរ។

លោក អាឡាំង ឡូវឹនសល​ដែល​ឈរ​នៅ​មណ្ឌល​សភា​លេខ៤៧ ដែល​រួមមាន​ទីក្រុង​ឡុងប៊ិច​ ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​បាន​ឈ្នះ​ការ​បោះឆ្នោត​នេះ។ រីឯ​លោកស្រី យុង គីម បេក្ខជន​តំណាងរាស្ត្រ​ដើមកំណើត​កូរ៉េ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ឆ្នោត​នៅ​មណ្ឌល​សភា​ទី៣៩ ជំនួស​លោក អេដ រ៉យ​អតីត​ប្រធាន​គណ:កម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រដែល​បាន​ចូល​និវត្តន៍។ លោក អេដ រ៉យ​ ក៏​បាន​ជួយ​ដល់​ការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ច្រើន​ដែរ ជា​ពិសេស​នៅ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៧។

លទ្ធផល​របស់​គណ:កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​រដ្ឋកាលីហ្វញ៉ា​ក៏​បាន​បង្ហាញថា លោកស្រី Dianne Feinstein មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រក្សា​បាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ ហើយ​លោកGavin Newsom នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្តួល​គូ​ប្រជែង​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ហើយ​បាន​ជាប់​ជា​អភិបាល​រដ្ឋ​ជំនួស​លោក ជែរី​ ប្រោន​ដែល​បាន​ផុត​អាណត្តិ។

លោក អ៊ំ សាវុធ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ទីក្រុង ឡុងប៊ិច​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា លោក​បាន​បោះឆ្នោត​គាំទ្រ​លោក​ អាឡាំង ឡូវីនសល ដោយសារ​តែ​អ្នក​តំណាងរាស្ត្រ​រូបនេះ​បាន​ធ្វើកិច្ចការ​ជាច្រើន​ជួយ​ដល់​ការលើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជា​ពិសេស​គឺ​ការ​ចូលរួម​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​លេខHR5754 ដែល​មាន​គោល​បំណង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អ៊ំ សាវុធ បាន​បន្ថែម​ថា៖

«ខ្ញុំ​នឹក​ឃើញ​ថា គាត់​ស្មោះ​ស្ម័គ្រ​នឹង​ជាតិ​ខ្មែរ​បាន​ជា​ខ្ញុំ​ទៅ​ជួយ។ ពី​ដំបូង​គឺ​ខ្ញុំ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ទេ​ប៉ុន្តែ​ដោយ​ឃើញ​គាត់​ជួយ​ខ្មែរ ខ្ញុំ​ក៏​ជួយ​គាត់​រហូត​ទៅ។ ខ្ញុំ​បោះ​ជូន​គាត់​រាល់​ឆ្នាំ»។

លោក អ៊ំ សាវុធ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ទីក្រុង ឡុងប៊ិច ក្រោយ​ចេញ​ពីបោះឆ្នោតនៅមណ្ឌល ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។ (ម៉ែន គឹមសេង/VOA)
លោក អ៊ំ សាវុធ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ទីក្រុង ឡុងប៊ិច ក្រោយ​ចេញ​ពីបោះឆ្នោតនៅមណ្ឌល ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។ (ម៉ែន គឹមសេង/VOA)

មាន​បញ្ហា​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ពលរដ្ឋ​ត្រូវ​សម្រេច​គឺ​មាន​ច្បាប់​ស្តីពី​ការ​ផ្តល់​លំនៅដ្ឋាន​សម​ស្រប​និង​មាន​តម្លៃ​ទាប​សម្រាប់​អតីត​យុទ្ធជន ការ​លុប​ចោល​ពន្ធ​សាំង​និង​ច្បាប់​អនុញ្ញាត​ឱ្យ​រដ្ឋ​ប្រើប្រាស់​ថវិកា​បន្ថែម​ដើម្បី​សាងសង់​លំនៅដ្ឋាន​អចិន្ត្រៃយ៍​សម្រាប់​ជន​គ្មាន​ផ្ទះ​សម្បែង​ជាដើម។

អ្នកវិភាគ​នានា​មើល​ឃើញ​ថា ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នេះ គឺ​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ លទ្ធផល​នៅ​ទូទាំង​ប្រទេស​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​គ្រប់គ្រង​សភា​តំណាងរាស្ត្រ​ក្នុង​ពេលដែល​គណបក្ស​សាធារណរដ្ឋ​បន្ត​គ្រប់គ្រង​ព្រឹទ្ធ​សភា។ រីឯ​ការ​បោះឆ្នោត​ថ្នាក់​អភិបាល​រដ្ឋ​វិញ​គឺ​គណបក្ស ​សាធារណរដ្ឋ​បាន​បាត់បង់​ការ​គ្រប់គ្រង​នៅ​រដ្ឋចំ​នួន​៧។

លោក ចាប គង់ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រស់​នៅ​ទីក្រុង ឡុងប៊ិច បាន​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​និង​គាំទ្រ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នេះ​លោក​បាន​បោះឆ្នោត​ជូន​បេក្ខជនមក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដូចជា​បោះឆ្នោត​ជូន​លោកស្រីDianne Feinsteinជា​ដើម។

ប៉ុន្តែ​លោក​នៅ​តែ​គាំទ្រ​គោល​នយោបាយ​លោក​ប្រធានាធិបតី​ ត្រាំ​នៅ​ថ្នាក់​ជាតិ​ដដែល។

លោក ចាប គង់​បាន​បន្ថែម​ថា៖

«គាត់​ជា​មនុស្ស​ល្អ​សម្រាប់​ខ្ញុំ។ តាម​យោបល់​ខ្ញុំ​យល់​អីចឹង។ ខ្ញុំ​ត្រូវ​តែ​បោះ​ជូន​គាត់​ទៀត»។

តាម​ការ​ឱ្យ​ដឹង​ពី​អង្គការ​ដែល​ធ្វើ​កិច្ចការ​ខាង​ការ​បោះឆ្នោត​នៅ​ទីក្រុង ឡុងប៊ិច គឺ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ភាព​សកម្ម​ជា​ពិសេស​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដោយសារ​ពួកគេ​បាន​ខិតខំ​ទូរស័ព្ទ​ទៅ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​ទទូច​សុំ​ឱ្យ​ពួកគេ​ចេញ​ទៅ​បោះឆ្នោត។ សកម្មជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​បាន​ទូរស័ព្ទ​នៅ​នាទី​ចុង​ក្រោយ​នៅ​ថ្ងៃ​បោះឆ្នោត​ទទូច​សុំ​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​របស់​ពួកគេ​ចេញ​ទៅ​បោះឆ្នោត៕

XS
SM
MD
LG