ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​មូរ សុខហួរ​ប្តេជ្ញា​មិន​ចុះ​ញ៉ម​បើ​ទោះបី​ជា​ត្រូវ​បាន​ដាក់​ពន្ធនាគារ

  • ម៉ែន គឹមសេង

វ៉ាស៊ីនតោន៖ អ្នក​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះជាតិគឺលោកស្រី មូរ សុខហួរ​បាន​បង្ហាញ ពី​ការប្តេជ្ញា​តស៊ូ​បន្ត​ដើម្បី​ទាមទារសិទ្ធិ​មនុស្ស​និងសិទ្ធិ​សេរីភាព​របស់​កម្មករ​កម្មការិនី​ដោយ​មិន​ថម​ថយ​អ្វី​ទេ​បើ​ទោះបី​ជា​ត្រូវ​បាន​តុលាការ​ដាក់​ពន្ធនាគារ​មួយ​រយៈ​ក៏ដោយ។

លោកស្រី​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​ VOA ថា៖

«អ្វី​ដែល​ខ្ញុំ​មាន​មោទនាភាព​បំផុត​គឺ​បាន​ហើយ​នឹង​អាច​បន្ត​ការពារ​សិទ្ធិ​សេរីភាព លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ប្រទេស​ជាតិ​យើង​រឹតតែ​រឹងមាំ​រឹតតែ​មាន​ឆន្ទៈ​មុត​ជាងមុន​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ត្រូវ​គេ​ចាប់​ចូល​ទៅក្នុង​ព្រៃ​ស​ទៅ ទៀត»។​

អ្នក​តំណាងរាស្ត្រ​និង​ជា​អតីតរដ្ឋ​មន្ត្រីកិច្ចការ​នារី​រូប​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​មួយ​សប្តាហ៍​ជាមួយ​នឹង​អ្នក​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​៦រូប​ទៀត​និង​ជំនួយ​ការ​របស់​លោក​ស្រី ដោយ​សារ​តែ​ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ។ ការតវ៉ា​នោះ បាន​ក្លាយ​ទៅ​ជា​អំពើហិង្សា​ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​បក្ស​ប្រឆាំង​នឹង​សន្តិសុខ​ខណ្ឌ​ដូនពេញ។​

លោកស្រី បាន​បញ្ជាក់​ថា៖

«យើង​ខ្ញុំ​ទាំង​អស់​គ្នា​មិន​ដែល​ញុះញង់​ មិន​ដែល​ប្រាប់​ថា​ឱ្យ​ប្រើ​អំពើ​ហិង្សា​ទេ ផ្ទុយ​ទៅវិញ​គឺ​មាន​តែ​យើង​និយាយ​ពី​ធម៌ អហិង្សា»។​

ក្រោយ​ពី​ហេតុការណ៍​នោះ​ភ្លាម​ លោក​ស្រី​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ​ដៃ​តាំង​ពី​ម៉ោង​១២ថ្ងៃ​ត្រង់​រហូតដល់​ម៉ោង​៥​ភ្លឺ ដោយ​អង្គុយ​នៅលើ​កៅអី​មួយយប់​ទល់​ភ្លឺ​ហើយពេលទៅ​បត់​ដៃ​បត់​ជើង​ទាំង​ជាប់​ខ្នោះ។

លោកស្រី បញ្ជាក់​ថា៖

«យើង​ជា​អ្នក​តំណាង​រាស្រ្ត​គេ​ធ្វើ​ដល់​ប៉ុណ្ណឹង​ហើយ​អ្នក​ដែល​ជា​ពលរដ្ឋ​សាមញ្ញ ហើយ​ជា​ស្រ្តី តើ​គេ​ធ្វើ​ដល់​ប៉ុណ្ណា? »

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​និង​សកម្មជន​ម្នាក់​ទៀត​ពីបទ ផ្តើម​គំនិត​ធ្វើកុប្បកម្មខុសច្បាប់ ផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងផ្តើមគំនិតញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។

លោកស្រី បាន​បន្ថែម​ថា៖

«ដូច្នេះ​យើង​ឃើញ​ថា​ប្រសិន​បើ​យើង​មិន​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ប្រសិន​ជា​យើង​មិន​ដោះស្រាយ​បញ្ហា​ជាតិ​ដ៏ ធំ​នេះ​ទេ​ យើង​មិន​ដោះស្រាយ​បញ្ហានិទណ្ឌភាព​នោះ​ទេ​។ អ្នក​វាយ​គេ​រួច​ខ្លួន​អ្នក​បញ្ជា​ឱ្យ​វាយ​គេ​រួច​ខ្លួន​នោះ នោះ​ប្រទេស​ជាតិ​យើង​នឹង​ចូល​ទៅ ដល់​ការ​បង្ហូរ​ឈាម​ទៀត​ហើយ»។

លោកស្រី​មូរ សុខហួរ​បាន​ប្តេជ្ញា​ចិត្ត​យក​ការតស៊ូ​ដើម្បី​ផលប្រយោជន៍​របស់​កម្មករ​ចូល​ទៅ ក្នុង​វេទិការ​សភាជាតិនៅពេល​ដែល​គណបក្ស​របស់លោកស្រី​បាន​ចរចា​គ្នា​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ដើម្បី​បញ្ចប់​ការជាប់​គាំង​នយោបាយ។

«ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា​យើង​នឹង​បន្ត​ទៅ ទៀត​នៅ ក្នុង​ការ​តវ៉ា​ដើម្បី​ផលប្រយោជន៍​នៃ​កម្មករ​កម្មការិនី​របស់​យើង​ដែល​លោក​ធ្វើ​ការងារ​ដោយ​លំបាក​លំបិន​ណាស់​ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​តិច​តួច​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត​ប៉ុន្តែ​កម្មករ​កម្មការិនី​គឺ​ជា​កម្លាំង​ស្នូល​ជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​ជា​អ្នក​ជួយ​ដល់​សេដ្ឋកិច្ច​របស់​យើង​ឱ្យ​បាន​ខ្ពស់»។​

ការចរចានយោបាយ​ដែលបាន​នាំ​ឱ្យ​មាន​ការ​ដោះលែង​ជន​ជាប់​ចោទ​ទាំង​នោះ​និង​បញ្ចប់​ការជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​រិះគន់​យ៉ាង​ខ្លាំងប៉ុន្តែ​លោកស្រី មូរ សុខហួរ​បាន​បញ្ជាក់​ការពារ​ការសម្រេច​ចិត្តនោះថា៖

«បងប្អូន​អាច​ថា​ឃើញ​ទេ​គេ​ចរចាគ្នា​យក​តំណែង​មិនមែន​ទេ​បងប្អូន​។ យក​តំណែង​នេះ​ប្រសិន​បើ​ដើម្បីការ​ពារផល​ប្រយោជន៍ មូរ​សុខហួរ​។ នេះ​បងប្អូន​ថ្កោលទោស​ចុះ ។ បើ​យក​តំណែង​នេះ​ដើម្បី ការពារ​ផលប្រយោជន៍​ឯកឧត្តម​ប្រធាន​សម រង្ស៊ី និង​កឹម​សុខា​ថ្កោលទោសចុះ។ តើ​យើង​យក​តំណែង​នេះ​មក​ដើម្បី​អ្វី? យើង​យក​តំណែង​នេះ​ដើម្បី​មក​ការពារ​ផលប្រយោជន៍​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដែល​លោក​ស្លូតត្រង់​។ លោក​វេទនាណាស់​»។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​សង្គ្រោះជាតិ​នឹង​កាន់​កាប់​គណៈកម្មការ​ចំនួន​ប្រាំ​ក្នុងនោះ មាន​គណៈកម្មកា​រ​ទី​៨​ដែល​ទទួល​បន្ទុក​ពិនិត្យ​មើល​ផ្នែក​សង្គមកិច្ច ការងារនិង​កិច្ចការ​នារី​ដែល​លោក​ស្រី​មូរ​ សុខហួរ​យល់​ថា​អាចនឹង​ជួយ​ឱ្យ​គណបក្ស​ប្រឆាំង​ការពារ​ផលប្រយោជន៍​ កម្មករ​បាន​កាន់តែ​ច្រើន៕

XS
SM
MD
LG