ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​២​នាក់​ត្រូវ​ឃាត់​ខ្លួន ​ក្នុង​ករណី​បង្ក្រាប​ល្បែង​ស៊ីសង​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់


រូបភាពនេះបង្ហាញទីស្នាក់ការកណ្តាលរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ធំ។ (រូបថតពីហ្វេសប៊ុក)

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប្រចាំខេត្ត​កំពង់​ធំ​២​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ​បន្ទាប់​ពី​អង្គភាពរក​ឃើញ​កំហុស​នៅ​ពេល​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់​ធំ​ កាល​ពី​សប្តាហ៍​មុន ​ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​ ដែល​មាន​តួនាទី​ជា​អនុប្រធាន​ភូមិ​បានស្លាប់។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ ​ខែ​សីហា ​ឆ្នាំ​២០២២។​

កាល​ពី​ថ្ងៃ​ទី៧ ​ខែ​សីហា​ ឆ្នាំ​២០២២​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ចំនួន​១៣​នាក់​បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ល្បែង​ជល់​មាន់​តាម​អនឡាញ​នៅ​ភូមិ​រូង ​ឃុំ​ក្រវ៉ា ​ស្រុក​បារាយណ៍ ​ខេត្ត​កំពង់​ធំ។ ​ក្នុង​ការ​បង្ក្រាប​នេះ ​សមត្ថ​កិច្ចបាន​ឃាត់​ខ្លួ​ន​មនុស្ស​៤​នាក់​ បូក​រួម​វត្ថុ​តាង។ ​ប៉ុន្តែ​ការ​បង្រ្កាប​នោះបាន​ធ្វើ​ឱ្យបុរស​ម្នាក់ ​ឈ្មោះ ​សួង ឌ័ន ​ដែល​មាន​តួនាទី​ជា​អនុប្រធាន​ភូមិរូង​បាន​ស្លាប់​ នៅ​ពេល​ជន​រង​គ្រោះ​ត្រូវ​បានបញ្ជូន​តាមរថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថ​មក​កាន់​មន្ទីរពេទ្យ​ស្រុក​បារាយណ៍។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។​

ក្រុម​គ្រួសារ​អះអាង​ថា​ លោក ​សួង ឌ័ន ​ស្លាប់​ដោយ​សារ​លោក​ត្រូវ​បាន​ក្រៀក​ក ​ពី​ក្រោយ​ខ្លាំង​ពេក​រហូត​ដល់​ពិបាក​ដក​ដង្ហើម។​

លោក​ អេង ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប្រាប់​វីអូអេថា​ មន្ត្រី​យោធា​២​នាក់ ​ឈ្មោះ សុខ ម៉េងហុង ​នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ និង​ឈ្មោះ ​លុយ តាំងឈួយ ​ប្រធាន​អង្គ​ភាព​នគរបាល​យុត្តិ​ធម៌ខេត្ត​កំពង់​ធំ​ ត្រូវ​បាន​អង្គភាព​ឃាត់​ខ្លួន នៅ​ថ្ងៃអង្គារ​នេះ​ និង​រៀបចំ​សំណុំ​រឿងបញ្ជូនទៅ​តុលាការ។ ​លោកឱ្យដឹង​ទៀត​ថា​ ចំពោះ​អ្នក​ពាក់​ព័ន្ធ​ជាង​១០​នាក់​ផ្សេងទៀត ​ អង្គភាព​នឹង​ពិនិត្យ​មើល និង​ដាក់​ទោស​ទៅ​តាម​សកម្ម​ភាព​ និង​កម្រិតវិន័យ​របស់​អង្គ​ភាព។​

លោក​ថ្លែង​ថា៖​ ​«អ៊ីចឹង​ជា​គោល​ការណ៍ ​ យើង​ត្រូវ​តែ​បញ្ជូន​ទៅ​តុលាការ ​អ្នកដែលពាក់ព័ន្ធ​បទល្មើស​ ដែល​បណ្តាល​ឱ្យ​ស្លាប់​នោះ។ ​ក៏​ប៉ុន្តែ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​បទ​ល្មើស​ តែ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​ដែរ​ យើង​មើល​ទៅ​តាម​បទ​វិន័យ​ និង​តាម​ឋានានុក្រម​ និ​ងតាម​នីតិវីធី​ តើ​គាត់​ខុស​អី​ ​យើង​នឹង​ដាក់​វិន័យ​ទៅ​តាម​សកម្ម​ភាព​របស់​គាត់»។​

លោក​បន្ថែម​ថា​ កង​រាជ​អាវុធ​ហត្ថ​ទាំង​អស់ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ ក្រម​សីល​ធម៌ ​វិជ្ជាជីវៈ​របស់​ខ្លួន ​និង​ត្រូវ​បម្រើ​ប្រជា​ពល​រដ្ឋ​ និង​ប្រទេស​ជាតិ​ ដូច្នេះប្រសិន​បើ​មន្ត្រី​យោធា​ណា​អនុវត្ត​ខុស​ នោះ​នឹង​ត្រូវ​រង​ពិន័យ។​

តែ​ទោះ​ជា​យ៉ាង​ណា ​លោក​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​ពី​មូល​ហេតុនៃ​ការ​បង្ក្រាប​នោះ​ ដែល​ធ្វើ​ឱ្យ​អនុប្រធាន​ភូមិ​ម្នាក់​ស្លាប់​នោះ​ ដោយលោក​និយាយ​ថា ​នឹង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ដែល​នឹង​ធ្វើ​ឡើងនៅ​អង្គ​ភាព​របស់​កង​រាជ​អាវុធ​ហត្ថ​ ខេត្ត​កំពង់ធំ ​នាថ្ងៃទី​១៧ ​ខែ​សីហា។​

ក្រោយ​ហេតុ​ការណ៍​ចុះ​បង្រ្កាប​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ កាលពី​សប្តាហ៍​មុន​ មន្ត្រី​កង​រាជអាវុធ​ហត្ថ​ពាក់​ព័ន្ធ​ជាង​១០​នាក់​ត្រូវ​បាន​សាក​សួរ ​ ហើយ​អង្គ​ភាព​ប្រកាស​ថា ខ្លួន​បានពិនិត្យ​មើល​ជាក់​ស្តែង​ និង​ដាក់​ពិន័យ​ផ្សេងៗ​គ្នា​ទៅ​តាម​ឋានានុ​ក្រម និង​សកម្ម​ភាព​ជាក់ស្តែង។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។​

ចំណែក​ក្រុម​គ្រួសារ​អ្នក​ស្លាប់​បានត្រៀមប្តឹង​ទៅ​តុលាការ​ និង​ទាមទារ​សំណងជំងឺ​ចិត្ត។​

កញ្ញា ​ឌិន នារតី ​អាយុ​២៥​ឆ្នាំ ​ដែល​ជា​កូន​ស្រីច្បងរបស់​លោក​ ​សួង ឌ័ន​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ ឪពុក​របស់​កញ្ញាទើប​ចេញ​ពី​ប្រ​ជុំ ​និង​បាន​ទៅអង្គុយ​ពិសា​កាហ្វេ​នៅ​កន្លែង​កើត​ហេតុ ​សឹង​តែ​មិន​ទាន់​បាន​៣​នាទី​ផង ​ ក៏​ស្រាប់តែ​មាន​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចុះ​ដេញ​ចាប់​អ្នក​នៅ​កន្លែង​កើត​ហេតុ​នោះ​ និងបាន​ក្រៀកក​ឪពុក​របស់​កញ្ញា​មួយ​ទំហឹងធ្វើ​ឱ្យ​ពិបាក​ដក​ដង្ហើម ដែល​ជាហេតុ​បណ្តាល​ឱ្យ​ស្លាប់។​

កញ្ញា​បញ្ជាក់​ថា៖​ «បង​ឯង​ដឹង​ហើយ​ពេល​ក្រៀកក​ទៅ​ក្រោយ​មួយ​ទំហឹង​ ក៏​ពិបាក​ដក​ដង្ហើម​ដែរ»។​

កញ្ញា ​ឌិន នារតី ​បារម្ភ​អំពី​ចំណូល​ក្នុង​គ្រួសារ​នៅ​ពេល​ដែល​បាត់បង់​ឪពុក។​

កញ្ញា​បន្ថែម​ថា៖ ​«ខ្ញុំ​ចង់​បាន​សំណង​ជំងឺ​ចិត្ត​មក​គ្រួសារខ្ញុំ​វិញ​ ពីព្រោះ​ខ្ញុំ​បាត់​បង់​អ្នក​គោល​ជំហរ​រក​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​អ៊ីចឹង»។​

លោក ​ញ៉ែម សារ៉ាត​ អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំ​ខេត្ត​កំពង់ធំ ​ថ្លែង​ថា ចំណាត់​ការ​របស់​អង្គ​ភាព​កង​រាជអាវុធហត្ថ​ជារឿង​ល្អ​ ប៉ុន្តែ​លោក​ជំរុញឱ្យ​អនុវត្ត​តាម​ច្បាប់​ឱ្យ​បាន​ពេញ​លេញ៕

XS
SM
MD
LG