ភ្នំពេញ — វាជារឿងនឹកស្មានមិនដល់ដែលជនជាតិចិនបានចាកចេញពីកម្ពុជាចំនួនច្រើន ក្រោយរដ្ឋាភិបាលបានប្រកាសបិទការភ្នាល់ល្បែងតាមអនឡាញ កាលពីខែសីហាឆ្នាំ២០១៩ ប៉ុន្តែការប្រកាសនេះចូលជាធរមាននៅដើមឆ្នាំ២០២០។
ចាប់ពីចុងឆ្នាំ២០១៩មក វិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ដែលពឹងផ្អែកខ្លាំងលើអ្នកវិនិយោគចិនកំពុងជាប់គាំងខ្លាំង បន្ទាប់ពីរងផលប៉ះពាល់ពីការបិទល្បែងអនឡាញ ដែលនាំឲ្យជនជាតិចិនជាច្រើនម៉ឺននាក់ចាកចេញពីប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះស្ថានភាពនេះកាន់តែអាក្រក់ ស្របពេលដែលរីវុរសកូរ៉ូណាកំពុងរាតត្បាតនៅលើពិភពលោក។
ប្រជាពលរដ្ឋដែលរកស៊ី និងធ្វើការទាក់ទងនឹងវិស័យអចលនទ្រព្យ បានលើកឡើងថា ការរកស៊ីរបស់ពួកគេបានធ្លាក់ចុះ ហើយអ្នកជំនាញបានលើកឡើងថា នៅរយៈពេលប្រមាណ៦ខែកន្លងមកនេះ វិស័យសំណង់និងអចលនទ្រព្យមានការថមថយខ្លាំង បន្ទាប់ពីជនជាតិចិន ដែលបានមកធ្វើការ និងរកស៊ីនៅកម្ពុជា បានសម្រុកចេញពីប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញ ដែលអ្នករកស៊ីចិនរកចំណូលបានយ៉ាងច្រើនពីល្បែងអនឡាញនេះ។
លោក ជា សេងថៃ ជាបុគ្គលិកផ្នែកលក់ដីឡូត៍នៅក្រុមហ៊ុនអចលនទ្រព្យមួយ នៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការលក់ដីឡូត៍របស់លោកក្នុង១ខែ មានប្រមាណ២០ឡូត៍ មុនបិទល្បែងអនឡាញ។ ប៉ុន្តែ បន្ទាប់ពីបិទល្បែងអនឡាញមក លោកលក់បានប្រហែល៥ឡូត៍ប៉ុណ្ណោះ។ កាន់តែអាក្រក់ជាងនេះ រយៈពេលជាង២ខែមកនេះ សូម្បីតែ១ឡូត៍ ក៏លោកលក់មិនបានដែរ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ក្នុងមួយខែៗ យើងអាចរកបាន១០ទៅ២០ឡូត៍ដែរ។ បន្ទាប់ពីការចាប់ផ្តើមបិទអនឡាញនេះទៅ យើងអាចរកបានខ្ទង់តែ៥អីទេក្នុង១ខែៗជាមធ្យម។ ប៉ុន្តែចាប់ផ្តើមមានជំងឺថ្មីនេះចូលមកទៀតមក គិតទៅចូលខ្ទង់៣ខែ គឺយើងអត់ទាន់រកភ្ញៀវបានទេ អត់បានតែម្តង. មានភ្ញៀវខ្លះគាត់បានផ្តាំឲ្យយើងជួយលក់ឲ្យគាត់វិញ។ ប៉ុន្តែយើងរកឲ្យអត់បាន។ ឥឡូវថយ... ថយមែនទែនតែម្តង! ចុះខ្លាំង!ខ្ញុំអត់នឹកស្មានថា ដល់ចំណុនេះដែរ»។
បើតាមលោក សេង ថៃ អគារជាច្រើននៅក្រុងប៉ោយប៉ែត ត្រូវបានផ្អាកការសាងសង់ ខណៈអគារខ្លះទៀតនៅសល់គ្មានអ្នកជួល តាំងពីមានការបិទល្បែងអនឡាញមក។
«បិទអនឡាយនេះ ចិនគាត់ត្រឡប់ទៅវិញ។ អគារក៏សល់ច្រើនដែរ។ ផ្អាកៗការសាងសង់ច្រើន»។
រដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញដែលរកស៊ីដោយកាស៊ីណូនៅទូទាំងប្រទេស ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋាភិបាលអះអាងថា ល្បែងអនឡាញនេះធ្វើឲ្យអន្តរាយសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការចាប់ជម្រិត និងអំពើខុសច្បាប់របស់ប្រជាជនចិនដែលមកកម្ពុជា។ ចំណាត់ការនៃការបិទនេះគឺដោយសារមានការស្នើសុំរបស់រដ្ឋាភិបាលចិន។
កាលពីដើមខែមករាឆ្នាំ២០២០ លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានលើកឡើងថា ក្រោយការប្រកាសបិទល្បែងអនឡាញ ប្រជាជនចិនប្រមាណជាង៤៤ម៉ឺននាក់បានចាកចេញពីកម្ពុជា។
គេមិនទាន់ដឹងនៅឡើយទេ ថាតើជនជាតិចិនទាំងនោះនឹងមកកម្ពុជាវិញ ឬយ៉ាងណា។
លោក ចាន់ បញ្ញា ដែលជាអ្នករស់នៅខេត្តព្រះសីហនុ និងមានផ្ទះ និងរថយន្តជួល បានត្អូញត្អែរថា កាលពីពាក់កណ្តាលឆ្នាំ២០១៩ លោករកចំណូលបានក្នុង១ខែ ចំនួន៧ពាន់ដុល្លារអាមេរិក ពីការជួលផ្ទះ ជួលរថយន្តដឹកថ្ម និងហាងធ្វើក្រចករបស់ភរិយាលោក។
ប៉ុន្តែនៅពេលនេះ លោកថា លែងមានអ្នកជួលផ្ទះ និងរថយន្តដឹកថ្ម ហើយហាងធ្វើក្រចក ដែលធ្លាប់រកចំណូលបាន១ពាន់ដុល្លារអាមេរិកក្នុងមួយខែ ឥឡូវធ្លាក់មកនៅត្រឹមប្រមាណ ៤០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ លោកមានការព្រួយបារម្ភអំពីការបង់ធនាគារមួយខែ ៣ពាន់ដុល្លារ។
លោកមានប្រសាសន៍ថា៖ «ឡានយើងដឹកវិលកង់ អត់មានពេលសម្រាកទេ។ ទាល់តែពេលឥឡូវ អត់ទាំងថ្លៃផ្ទះជួល អត់ទាំងឡាន។ ដល់ពេលការសាងសង់វាអត់ទៅ អ៊ីចឹងឡានយើងមានអីត្រូវដឹកចូលក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ទៀត បើការសាងសង់អត់ដំណើរការ»។
លោកបន្ថែមថា លោកសង្ឃឹមថា ចិននឹងត្រឡប់ចូលមកកម្ពុជាវិញ ក្រោយចូលឆ្នាំចិនបញ្ចប់នៅចុងខែមករា។ ប៉ុន្តែមានការរាតត្បាតវីរុសកូរ៉ូណានៅប្រទេសចិន ដែលធ្វើឲ្យស្ថានភាពកាន់អាក្រក់។
លោកមានប្រសាសន៍ថា៖ «ដោយសារបិទអនឡាញហ្នឹង វាលឿន គ្នាខ្លះមិនទាន់បានរកចំណូលពីការជួលផ្ទះពីចិនផង ចិនទៅបាត់ទៅហើយ។ ហើយមួយទៀតស្រាប់តែល្បីថា ចូលឆ្នាំចិន ចិនមកវិញៗអី អ៊ីចឹង ស្រាប់ជំងឺកូរ៉ូណាមកដល់ទៀត។ អ៊ីចឹងគ្នាប្រឈមមុខខ្លាំង។ ភ័យទី១ ខ្លាចប្រឈមនឹងធនាគាររឹបអូសផ្ទះយើងផង កូនឈឺកូនអីក៏យើងភ័យដែរ។ ឥឡូវចឹងលុយយើងរកមកវាអត់គ្រប់ សូម្បីតែការហូបចុកបង្គ្រប់អត់ទាំងគ្រប់ផងឥឡូវ»។
វិស័យអចលនទ្រព្យនិងវិស័យសំណង់នៅកម្ពុជាពឹងផ្អែកខ្លាំងលើការវិយោគរបស់ចិន។ របាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៩ បង្ហាញថា ជាងពាក់កណ្តាលនៃការហូរចូលទុនវិនិយោគពីក្រៅប្រទេសមានប្រភពមកពីប្រទេសចិន ហើយមានវិសាលភាពស្ទើរគ្រប់វិស័យ មានទាំងការវិនិយោគវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន វិស័យទេសចរណ៍និងមួយផ្នែកតូចទៅលើវិស័យផលិតកម្ម និងកសិកម្ម។
លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនអចលនទ្រព្យស៊ីអិល រៀលធី មានប្រសាសន៍ថា ការលក់ទិញអចលនទ្រព្យក្នុងរយៈពេលប្រមាណ ៥ខែកន្លងមកនេះ ជាពិសេសក្នុងក្រុងព្រះសីហនុ បានធ្លាក់ចុះយ៉ាងគំហុក។
លោកមានប្រសាសន៍ថា៖ «ពីមុនមានការទិញលក់ច្រើន តែឥឡូវនេះគឺគ្មានតែម្តង។ បើយើងជិះទៅកំពង់សោមគឺឃើញតែម្តងអត់មានការទិញលក់ទេ»។
លោកបន្តថា ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ការទិញលក់អចលនទ្រព្យថយចុះប្រមាណ៧០ភាគរយ ហើយប្រជាពលរដ្ឋខ្លះទៀតត្រូវបង្ខំចិត្តលក់ដី ឬសំណង់អគាររបស់ខ្លួន ក្រោមតម្លៃទីផ្សារប្រហែល៣០ភាគរយ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ក្រុមហ៊ុនរបស់ខ្ញុំ នៅមានអតិថិជនគាត់នៅរកនៅឡើយ ប៉ុន្តែមានបរិមាណទាប បើប្រៀបធៀប១០នៅសល់៣ ឬ៤អ៊ីចឹងទៅ»។
មុនផ្ទុះវីរុសកូរ៉ូណា ធនាគារពិភពលោកធ្លាប់បានព្រមានកាលពីខែឧសភាឆ្នាំ២០១៩ថា ដោយសារប្រភពនៃទុនវិនិយោគនៅកម្ពុជាភាគច្រើនបានមកពីប្រទេសចិន ការថយចុះនៃសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាប្រឈមនឹងហានិភ័យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា ខេត្តព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ដែលជាទិសដៅសំខាន់របស់ជនជាតិចិនក្នុងការសាងសង់កាស៊ីណូ និងសណ្ឋាគារ បានរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត នៅពេលវីរុសកូរ៉ូណាផ្ទុះឡើង។
លោកមានប្រសាសន៍ថា៖ «ពេលបច្ចុប្បន្ននេះ ជំងឺកូវីដចូលនៅកំពង់សោម។ ខ្ញុំលើកករណីជាក់ស្តែង ពីមុនតម្លៃដីនៅម្តុំជិតតោពីរមួយម៉ែត្រការ៉េតម្លៃសុទ្ធតែ ៨៥០ដុល្លារទៅ១០០០ដុល្លារជាង។ ឥឡូវសល់តែ៤០០ ទៅ៣០០ជាងហ្នឹង!អ៊ីចឹង វាធ្លាក់រហូតដល់ ២០០ភាគរយ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រយៈពេល២ខែ នៅឆ្នាំ២០២០ គម្រោងស្នើសុំសាងសង់នៅទូទាំងប្រទេសមានចំនួន ៧២៨គម្រោងមានតម្លៃទុនវិនិយោគប្រមាណ ៣១២២លានដុល្លារអាមេរិក គឺមានការកើនឡើង ១២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ប៉ុន្តែលោកថា ទោះបីជាការសាងសង់នេះមានកំណើនក៏ដោយ ក៏ស្ថិតនៅក្នុងការព្រួយបារម្ភដែរ។
លោកមានប្រសាសន៍ថា៖ «ពេលកំពុងទទួលរងសម្ពាធពីជំងឺឆ្លងកូវីដ១៩ ក៏មិនទាន់ឃើញមានការធ្លាក់ចុះ។ ក៏ប៉ុន្តែជាការព្រួយបារម្ភ យើងតែងព្រួយបារម្ភពីការថយចុះនេះ ពីព្រោះការប៉ាន់ស្មាន ការវិភាគចំពោះសេដ្ឋកិច្ចពិភពលោកក៏គេប៉ាន់ស្មានពីការធ្លាក់ចុះនៃការវិនិយោគនៅក្នុងវិស័យឯកជននេះដែរ។ យ៉ាងណាយើងនៅតាមមើលស្ថានភាពនៃការប្រែប្រួលនេះជាបន្តទៀត»។
លោកបានទទួលស្គាល់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តមួយចំនួនក៏មានការផ្អាកការសាងសង់ខ្លះដែរ ។
«ហ្នឹងយើងសង្កេតឃើញដែរ។ នៅក្រុងព្រះសីហនុហ្នឹងមានការផ្អាកដំណើរការសាងសង់ហ្នឹង១០៤អាគារ។ ហើយតាមបណ្តាលខេត្តផ្សេងទៀតមានតិចតួចមិនច្រើនទេ»។
លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់ថា ការទិញលក់ផ្នែកអចលនទ្រព្យនៅក្នុងអំឡុងពេលនេះធ្លាក់ចុះ បើទោះក្រសួងមិនទាន់មានរបាយការណ៍ក៏ដោយ។
លោកមានប្រសាសន៍ថា៖«ផលពីការបិទអនឡាញនេះប្រាកដហើយថា វាបានជះឥទ្ធិពលមួយចំនួន។ ហើយយើងឃើញតាំងពីខែ១មក ការលក់ការដោះដូរ ខាងក្រសួងយើងខ្ញុំបានទទួលព័ត៌មានមក មានការធ្លាក់ចុះមែន។ ការលក់ហ្នឹងអ៊ីចឹងឥឡូវបូកជាមួយវីរុសទៀត យើងមិនដឹងថា តើវាមានផលពីវីរុសហ្នឹងទៅលើការលក់ដូរហ្នឹងម៉េចទៀត។ ប៉ុន្តែទំហំប៉ុន្មានហ្មង យើងអត់ទាន់វាយតម្លៃបានទេ»។
វិស័យអចលនទ្រព្យ និងសំណង់ជាវិស័យសំខាន់មួយក្នុងចំណោមវិស័យធំៗដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានសុទិដ្ឋិនិយមថា ប្រហែលជា៦ខែទៀតវិស័យនេះនឹងអាចរីកចម្រើនឡើងវិញ បន្ទាប់ពីអាចគ្រប់គ្រងវីរុសកូរ៉ូណាបាន ហើយអ្នកវិនិយោគចិនជាច្រើននឹងត្រឡប់មកកម្ពុជាវិញ។
លោកមានប្រសាសន៍ថា៖ «គាត់នឹងមកច្រើន!គោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយភាពស្អិតល្មួតរវាងរដ្ឋាភិបាលទាំងពីរ ខ្ញុំគិតថា វានឹងបន្តធ្វើឲ្យជំនួញប្រទេសទាំងពីរកាន់តែរីកចម្រើនទៅមុខ។ គាត់មកច្រើនជាងមុន។ អ៊ីចឹងគាត់មានតម្រូវការក្នុងការស្នាក់នៅ។ ក្រៅពីជនជាតិចិនក៏មានជនជាតិជប៉ុន ហើយមាននៅបណ្តាប្រទេសផ្សេងៗទៀតផង ចូលរួមជួយសហការផងដែរ»។
គួរបញ្ជាក់ថា នៅគ្រាដែលវីរុសកូរ៉ូណាកំពុងតែផ្ទុះខ្លាំងនៅប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅប្រទេសចិន ហើយពេលនោះ លោកបានជួបជាមួយថ្នាក់ដឹកនាំប្រទេសចិន។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឲ្យពិនិត្យមើល តើអ្នកវិនិយោគចិនប្រឈមបញ្ហាអ្វីខ្លះនៅក្នុងការវិនិយោគនៅកម្ពុជា ដែលជា «មិត្តដែកថែប» របស់ប្រទេសចិន៕