ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ឃាត់​ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ សង្ស័យ​លួច​បើក​​​​ល្បែង​អន​ឡាញ​ខុសច្បាប់


ជនជាតិចិននិងវៀតណាមជាង ១០០ នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ពាក់ព័ន្ធនឹងបើកល្បែងអនឡាញខុសច្បាប់ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។
ជនជាតិចិននិងវៀតណាមជាង ១០០ នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ពាក់ព័ន្ធនឹងបើកល្បែងអនឡាញខុសច្បាប់ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។

កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍ បាន​ឃាត់​ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន នៅ​ក្នុង​ការ​ចុះ​បង្រ្កាប​ខុនដូ​មួយ​កន្លែង​នៅ​ខណ្ឌ​ចំការមន ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​សង្ស័យ​ការ​បើក​ល្បែង​អន​ឡាញ ដែល​កម្ពុជា​បាន​បិទ​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០។ ទោះ​ជា​យ៉ាង​ណា អាជ្ញា​ធរ​ពាក់​ព័ន្ធ​បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​លើ​រឿង​នេះ ដោយ​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​តុលាការ​វិញ។

នៅ​ក្នុង​ប្រតិបត្តិ​ការ​ចុះ​ឡោម​ព័ន្ធ​អគារ​ខុន​ដូ​មួយ​កន្លែង លើ​ផ្លូវ​៥០៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌ​ចំការ​មន កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី ជាង​១០០​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​និង​បន្ទាប់​មក​ជា​ជនជាតិ​វៀតណាម។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា។ ការ​បង្រ្កាប​នោះ​ដឹកនាំ​ដោយ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ពិត​ជា​មាន​ការ​បង្ក្រាបករណី​នេះ​មែន ប៉ុន្តែ​លោក​សុំ​មិន​អត្ថាធិប្បាយ​បន្ថែម​នោះ​ទេ ដោយឲ្យ​ទៅ​សួរអ្នក​នាំ​ពាក្យ​អយ្យ​ការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ។

លោក​ថ្លែង​ថា៖ «កង​រាជ​អាវុធ​ហត្ថ​បង្ក្រាប​មែន ក៏​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​សម្រប​សម្រួល​ពី​អយ្យការ។ អញ្ចឹង​សុំ​សួរ​ទៅ​អយ្យការ​រាជធានី​ភ្នំពេញ»។

លោក សៅ សុខា មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​តុលាការ​វិញ។

លោក​ថ្លែង​ថា៖ «ប្រតិ​បត្តិ​ការ​ហ្នឹង​គឺ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ការ​ដឹកនាំ​ការ​អនុវត្ត គឺ​ដោយ​ព្រះ​រាជ​អាជ្ញា អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ»។

លោក ថេង សុថុល អភិ​បាល​ខណ្ឌ​ចំការ​មន​បាន​ប្រាប់​វីអូអេ​ថាកម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ជា​អ្នក​ចុះ​បង្ក្រាប ប៉ុន្តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម។

លោក​ថ្លែង​ថា៖ «ទាក់​ទង​ទៅ​ប៉េអឹម​ក្រុង​ដោយ​សារ​ករណី​នេះ​ខាង​ប៉េ​អឹម​ក្រុង​គេ​ចុះ​មក​ធ្វើការ»។

ជនជាតិចិននិងវៀតណាមជាង ១០០ នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ពាក់ព័ន្ធនឹងបើកល្បែងអនឡាញខុសច្បាប់ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។
ជនជាតិចិននិងវៀតណាមជាង ១០០ នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ពាក់ព័ន្ធនឹងបើកល្បែងអនឡាញខុសច្បាប់ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១។

វីអូអេ​បាន​ទាក់​ទង​លោក ប្លង់ សុផល អ្នក​នាំពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​លោក​បញ្ជាក់​ថា​មិន​ទាន់​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ករណី​នេះ។ ចំណែក​លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​ម្នាក់​ទៀត​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្វែរ​សំណួរ​នេះ​ទៅ​លោក ប្លង់ សុផល វិញ។

លោក ច្រឹង ខ្មៅ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​ការងារ​របស់​ព្រះរាជ​អាជ្ញា​រង​នៅ​តុលាការ​ក្រុង សុំមិន​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​ករណី​នេះ។

លោក​ថ្លែង​ថា៖ «ទាក់​ទង​អ្នក​នាំ​ពាក្យ​ទាក់​ទង​អ្នក​នាំ​ពាក្យ អត់​និយាយ​ពីរ​ឬ​បី​នាក់​បាន​ទេ»។

ចំណែក​លោក តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដូចគ្នា ដោយ​បង្វែរ​សំណួរ​ទៅ​ព្រះ​រាជអាជ្ញា​វិញ។

លោក កែវ វណ្ណថន ​អគ្គ​នាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​ថា​លោក​មិន​ទាន់​បា​ន​ទទួល​សំណុំ​រឿង​នេះ​ទេ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​ជន​បរទេស​ហ្នឹង​គាត់​បញ្ជូន​មក​ដល់​ដៃ​ខ្ញុំ [បើ]​បែប​ហ្នឹង សួរ​ថា​ខ្ញុំ​បន្ត​នីតិ​វិធី​បែប​ម៉េច អាហ្នឹង ខ្ញុំ​និយាយ​បាន ពី​ព្រោះ​ឥឡូវ​ខ្ញុំ​អត់​មាន​អី​ទាំង​អស់ខ្ញុំ​អត់​ដឹង​ផង​ហ្នឹង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ ។

រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បិទ​ល្បែង​អន​ឡាញ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០ ដែល​បណ្តាល​ឲ្យ​ជន​ជាតិ​ចិន​ជា​ច្រើន​ដែល​ធ្វើ​ការ​ផ្នែក​នេះ​នៅ​កម្ពុជា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ជា​ពិសេស​ពី​ខេត្ត​ព្រះ​សីហនុ ដែល​សំបូរ​ទៅ​ដោយ​កាស៊ីណូ។ កាល​ពី​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថា​ល្បែង​អន​ឡាញ​«ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្ដាប់ ធ្នាប់​សាធារណៈ​និង​របៀប​រៀប​រយ​សង្គម‍» ហើយ​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញា​ធរ​បិទ​ល្បែង​អនឡាញ​នេះ ឲ្យ​បាន​«ម៉ឺង​ម៉ាត់‍» និង​មាន‍​«ប្រសិទ្ធ​ភាព​ខ្ពស់‍»។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃអង្គការ​លីកាដូ ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ច្បាប់​តឹង​រ៉ឹង​បន្ថែម​ទៀត ដើម្បី​កុំ​ឲ្យកម្ពុជា​ក្លាយ​ជា​ប្រទេស​ងាយ​រង​គ្រោះ ដោយ​ជន​បរទេស​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស ឬ​លួច​បើ​ក​ល្បែង​ស៊ី​សងតាម​ប្រព័ន្ធ​អន​ឡាញ និង​មាន​ការ​ចាប់​ជំរិត​ជា​ដើម។

លោក​ថ្លែង​ថា៖ «ទាក់​ទង​ហ្នឹង​អន្តោ​ប្រវេស​ន៍ ឬ​ក៏​ការ​លេង​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គួរ​តែ​រឹត​បន្តឹង​ហើយ​ហ្នឹង ធ្វើ​ម៉េច​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព[ជាង​នេះ]​ទៀត ដើម្បី​ចៀស​វាង​ជន​បរទេស​មួយ​ចំនួន​ដែល​យក​ប្រទេស​យើង​ធ្វើ​ជា​ឧបករណ៍​ក្នុង​ការ​លេង​ល្បែង ឬ​ក៏​ឧបករណ៍​ក្នុង​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​អី​ហ្នឹ​ង»។

កាល​ពី​កន្លង​ទៅ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ទៅ​ប្រទេស​របស់​ពួក​គេ​ជា​បន្ត​បន្ទាប់។ ក្រសួង​ម​ហា​ផ្ទៃ​ធ្លាប់​ឲ្យ​ដឹង​ថា​ការ​បណ្ដេញ​ជនជាតិ​ចិន​ចេញ​ពី​កម្ពុជា ផ្អែក​តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នារវាង​ក្រសួង​មហា​ផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន៕

XS
SM
MD
LG