ពលករចំណាកស្រុកកម្ពុជាចំនួន២៣០នាក់បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកំណើតវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីតំបន់កោះអំបន់ (Ambon) នៃប្រទេសឥណ្ឌូនេស៊ី។ ពលករភាគច្រើនបានត្រូវបានគេបោកយកទៅធ្វើការ ដូចជាទាសករ នៅលើទូកនេសាទនៃប្រទេសថៃ មុនពេលអាជ្ញាធរឥណ្ឌូនេស៊ីជួយសង្គ្រោះនោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីវិលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ពលករនេសាទភាគច្រើនបានឲ្យដឹងថា ពួកគាត់ត្រូវបានមេខ្យល់បោកទៅធ្វើការនៅប្រទេសថៃ ក៏ប៉ុន្តែពួកគាត់ត្រូវបានលក់ឲ្យទៅធ្វើការនៅលើទូកនេសាទទៅវិញ។
លោក សេង ស៊ីណែត បានថ្លែងថា លោកត្រូវបានមេខ្យល់បោកប្រាស់ទៅធ្វើការលើទូកនេសាទនៅប្រទេសឥណ្ឌូនេស៊ី ដោយសន្យាថា ការងារនេះនឹងបានប្រាក់ចំណូលច្រើននៅប្រទេសថៃ។ ពលករចំណាកស្រុកអាយុ២៧ឆ្នាំរូបនេះ ក៏បានឲ្យដឹងផងដែរថា លោកត្រូវបានគេនាំទៅប្រទេសថៃ មុខពេលបញ្ជូនតាមទូកទៅប្រទេសឥណ្ឌូនេស៊ី ដែលនៅទីនោះលោកធ្វើការលើទូកក្នុងសមុទ្រជាង២០ម៉ោងក្នុងមួយថ្ងៃៗ។
«ពេលដែលខ្ញុំទៅដល់ផ្ទះថៅកែ គេទុកខ្ញុំរយៈពេលប្រហែល៦ទៅ៧ថ្ងៃមុនទៅប្រទេសឥណ្ឌូ។ ពីថៃទៅឥណ្ឌូប្រហែល១០ថ្ងៃ ១០យប់ នៅលើទូក។ វាពិបាកណាស់ ព្រោះនៅផ្ទះធ្លាប់ដើរលេង ហូបចុក តែអានេះទៅធ្វើការហាលថ្ងៃ ហាលភ្លៀង ណាមួយធ្វើការជាង២០ម៉ោងទាំងថ្ងៃទាំងយប់»។
ជាមួយគ្នានេះដែរ លោក ទុលលាស់ សល់ អាយុ៤៦ឆ្នាំ បានធ្វើចំណាកស្រុក ជាងមួយឆ្នាំមុន ដោយសង្ឃឹមថា នឹងអាចរកកម្រៃផ្គត់ផ្គង់ជីវភាពគួ្រសាររបស់លោក ក៏ប៉ុន្តែលោកត្រូវគេយកទៅប្រទេសថៃ និងធ្វើលិខិតឆ្លងដែនខុសច្បាប់ទៅកាន់ឥណ្ឌូនេស៊ី។ លោកត្រូវជាប់លើទូកនេសាទជាង១៦ខែ មុនពេលអាជ្ញាធរឥណ្ឌូនេស៊ីជួយសង្គ្រោះនោះ។
លោក ទុលលាស់ សល់ ដែលមកពីខេត្តក្រចេះ ក៏បានឲ្យដឹងដែរថា រយៈពេលធ្វើការលើទូកនេសាទក្នុងសមុទ្រប្រហែល១៦ខែនោះ លោកមានឱកាសផ្ញើរថវិកាមកឲ្យគ្រួសារត្រឹមតែ១លើកតែប៉ុណ្ណោះ ដែលមានចំនួនប្រហែល២ម៉ឺនបាត ឬជិត៦០០ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ដូចពលករចំណាកស្រុកផ្សេងទៀតដែរ លោកមិនចង់ត្រឡប់ទៅធ្វើការនៅទីនោះជាលើកទីពីរនោះទេ។
«ពេលដែលទូតយើងយកមក ត្រឡប់មកដល់ស្រុកខ្មែរវិញ គឺអត់ចង់ត្រឡប់ទៅវិញទេ គឺវាធុញនឹងរលក និងការងារនោះ»។
សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកាលពីថ្ងៃពុធកន្លងទៅបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន PT. Maribu Industries Group ដែលជាក្រុមហ៊ុនតំណាងភាគីម្ចាស់ទូកនេសាទថៃ គឺជាអ្នករៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំនួន២៣០នាក់នោះពីកោះអំបន់ (Ambon)។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស បានប្រាប់វីអូអេខេមរភាសាថា នេះជាលើកទីមួយហើយនៃការបញ្ជូនពលករកម្ពុជា ដែលមានចំនួនច្រើនមកពីប្រទេសឥណ្ឌូនេស៊ីនេះ។ ក្នុងចំណោមពលករទាំង២៣០នាក់នោះ ម្នាក់មានជំងឺសរសៃឈាម (stroke) ដែលពិការ និងពិបាកក្នុងការធ្វើដំណើរ។ លោកស្រីក៏បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានធ្វើការរឿងពលករចំណាកស្រុកជាង២០ឆ្នាំមកហើយ ក្នុងការទប់ស្កាត់បញ្ហាចំណាកស្រុកនេះ។ ក៏ប៉ុន្តែការចាកចេញទៅក្រៅប្រទេសគឺជាជម្រើសផ្ទាល់របស់ពួកគាត់។
«មិនមែនទើបតែពេលនេះទេដែលយើងមានការព្រួយបារម្ភនោះ។ យើងបានធ្វើការងារហ្នឹងដែលខ្ញុំអាចប៉ាន់ថា រយៈពេល២០ឆ្នាំហើយ ដែលយើងតែងតែអប់រំផ្សព្វផ្សាយឲ្យពលកររបស់ពួកយើងហ្នឹងពីបញ្ហាចំណាកស្រុក។ រដ្ឋាភិបាលកម្ពុជាមិនបានបិទសិទ្ធិរបស់ពួកគាត់ទេ ក្នុងការចេញទៅរកការងារធ្វើនៅក្រៅប្រទេស។ ក៏ប៉ុន្តែយើងតែងតែព្យាយាមរកមធ្យោបាយផ្លូវច្បាប់ឲ្យពួកគាត់ និងចេញដោយសុវត្ថិភាព»។
លោកស្រី ជូ ប៊ុនអេង ក៏បានឲ្យដឹងផងដែរថា អាចមានពលករចំណាកស្រុកច្រើន ដែលកំពុងតែធ្វើការនៅលើទូកនេសាទនាកណ្តាលសាគរនោះ។
ចាប់តាំងពីដើមឆ្នាំ២០១៥មក កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកប្រហែលជាង៤០០នាក់ហើយ ដែលត្រូវបានគេបោកទៅធ្វើការលើទូកនេសាទនោះ។
ជាមួយគ្នានេះដែរ ពលករខ្មែរចំនួន២រូបផ្សេងទៀត និងត្រូវបញ្ជូនពីប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាវិញនាថ្ងៃអាទិត្យខាងមុខនេះ។
អ្នកជំនាញខាងសិទ្ធិពលករបានបញ្ជាក់ថា ភាពក្រីក្រដែលបណ្តាលមកពីបញ្ហាជម្លោះដីធ្លី និងដីសម្បទានសេដ្ឋកិច្ច ហើយនឹងបញ្ហាផលិតផលកសិកម្ម ដែលមានតម្លៃទាបគឺជាការកត្តាជំរុញឱ្យពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសជិតខាង៕