ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​រងគ្រោះ​​ខ្មែរ​២៣០​នាក់​ទៀត​នឹង​មក​ដល់​កម្ពុជា​វិញ


ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។ (រូបថត៖ AP/Dita Alangkara)
ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។ (រូបថត៖ AP/Dita Alangkara)

ពលករ​ខ្មែរ​ចំនួន​២៣០​នាក់​ដែល​បាន​ចាញ់​បោក​ទៅធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​នឹង​វិល​ត្រឡប់មកដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​មាន​ការ​ចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ម្ចាស់​ក្រុមហ៊ុន​ទូក​នេសាទ​ថៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

យោង​តាម​សេចក្តី​ថ្លែងការណ៍​ដោយ​ការិយាល័យ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សម្ព័ន្ធ​ក្រុមហ៊ុន PT. Maribu Industries Group ដែល​ជា​ក្រុម​ហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ​ជា​អ្នក​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលករ​ខ្មែរ​ចំនួន​២៣០នាក់​នោះ​ពីកោះ​អំបន់ (Ambon) ប្រទេស​ឥណ្ឌូនេស៊ី។

លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​លោកថា៖

«តាម​ការ​ទាមទារ​របស់​ស្ថានទូត ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ប្រាក់​បៀវត្សរ៍ជូន​ពលករ​ខ្មែរ​ទាំង២៣០​នាក់​នេះ​រួច​ហើយ‍»។

អ្នក​នេសាទ​ទាំង​នេះ​គឺ​ស្ថិត​ក្នុង​ក្រុម​អ្នក​នេសាទ​ខ្មែរ​ជាង​៣០០នាក់​ ដែល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ជួយ​សង្គ្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ​ពី​ដែន​កោះ​បេនជីណា​ ដែល​នៅ ទី​នោះ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ប្រៀប​ដូច​ជា​ទាសករ។

កាល​ពី​ចុងខែ​ឧសភា និង​ដើម​ខែ​មិថុនា មាន​អ្នក​នេសាទ​រងគ្រោះ​ជិត​១០០នាក់​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ក្រោមកិច្ច​សហការ​ជាមួយ​នឹង​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ។ ​

អ្នក​ជំនាញ​ខាង​សិទ្ធិ​ពលករ​បាន​បញ្ជាក់​ថា​ ភាពក្រីក្រ​ដែល​បណ្តាល​មក​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី និង​ដី​សម្បទាន​សេដ្ឋកិច្ច និង​បញ្ហា​ផលិតផល​កសិកម្ម​ដែល​មាន​តម្លៃ​ទាប‍​ជា​ការ​កត្តា​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ជិតខាង។

ទីភ្នាក់ងារ​សារព័ត៌មាន AP របស់​អាមេរិកាំង​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាលពី​ខែ​មិនា​ដោយ​រៀបរាប់​ពី​ស្ថានភាព​លំបាក​របស់​អ្នក​ធ្វើការ​នៅ​លើ​ទូក នេសាទ​ ដែល​នាំ​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​ជាច្រើន​ ដើម្បី​ជួយ​រំដោះ​ជន​រងគ្រោះ​ទាំងនោះ​ និង​អ្នក​ដទៃ​ទៀត​ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ភូមា៕

XS
SM
MD
LG