ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មូរ សុខហួរ៖ ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្លះ​ខ្វះ​ការ​ទទួល​ខុសត្រូវ


ពលករ​ទេសន្តរប្រវេសន៍ខ្មែរ​មួយ​ក្រុម។ នៅ​ពេល​ថ្មីៗ​នេះ ​មាន​ពលករ​​៧​នាក់​​ដែល​មក​​ពី​ខេត្ត​៥​ ត្រូវបាន​មេខ្យល់​បោក​យក​ទៅ​លក់ឱ្យ​ធ្វើជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​​អស់រយៈ​ពេល​​ពី​៨​ខែ​ដល់​ជាង​១ឆ្នាំ។
ពលករ​ទេសន្តរប្រវេសន៍ខ្មែរ​មួយ​ក្រុម។ នៅ​ពេល​ថ្មីៗ​នេះ ​មាន​ពលករ​​៧​នាក់​​ដែល​មក​​ពី​ខេត្ត​៥​ ត្រូវបាន​មេខ្យល់​បោក​យក​ទៅ​លក់ឱ្យ​ធ្វើជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​​អស់រយៈ​ពេល​​ពី​៨​ខែ​ដល់​ជាង​១ឆ្នាំ។

ក្រុមហ៊ុន​ដែល​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​មួយ​ចំនួន​មិន​បាន​ធ្វើ​តាម​ការ​សន្យា​ការងារ​ដូច​ច្បាប់​កំណត់​ទេ ហើយ​មន្ត្រី​រដ្ឋាភិបាល​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការ​ធ្វើ​អធិការកិច្ច ដែល​ធ្វើ​ឱ្យ​ពលករ​មួយ​ចំនួន​ត្រូវ​ចាញ់​បោក​គេ​ ឬ​អ្នក​ដែល​បាន​ទៅ​ធ្វើការ​ក្រៅ​ប្រទេស ​ហើយ​រងការ​ធ្វើ​ទុក​បុកម្នេញ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​តំណាងរាស្ត្រ។​

លោកស្រី​ មូរ សុខហួរ ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ក្នុង​ កម្មវិធីហេឡូវីអូអេ​ប្រចាំ​ខែ​ស្តីពី​បញ្ហា​ចំណាក​ស្រុក​ថា​តាម​ផ្លូវ​ច្បាប់​គឺ៖

«ការ​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​មាន​តាំងពី​ពេល​ ដែល​កម្មករ​សុំ​មក​ចុះ​ឈ្មោះ ហើយ​ជួយ​ធ្វើ​លិខិត​ស្នាម​រហូត​ទៅដល់​នាំ​ទៅ​ព្រលាន​យន្តហោះ​ រហូត​ទៅដល់​ ក្រុមហ៊ុន​នោះត្រូវ​មាន​ភ្នាក់ងារ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ដែល​ត្រូវ​ទទួល​ ហើយ​នៅ​ប្រទេស​ដែល​ត្រូវ​ទទួល​ក៏​មាន​ភ្នាក់​ងារ​ដៃគូ​របស់​ភ្នាក់ងារ​ខ្មែរ​យើង​ដែរ ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ទទួល​ពលករ​ខ្មែរ​យើង​‍»។

លោក​ស្រី​បន្ថែម​ថា ការ​ទទួល​ខុសត្រូវ​ក្រុម​ហ៊ុន​នៅ​មាន​បន្ត​ទៀត​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស៖

«​ជាមួយ​គ្នា​នោះ​ដែរ​ រហូត​ទៅ​ដល់​បើ​សិន​ជា​ពលករ​យើង​មាន​បញ្ហា​នៅ​ប្រទេស​ដែល​ទទួល​ពលករ​ខ្មែរយើង​ ក្រុមហ៊ុន​នោះ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា ​ពីព្រោះ​គេ​មាន​ភ្នាក់ងារ​របស់​គេ​ ហើយ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​មក​ក្រសួង​ពាក់​ព័ន្ធ ​គឺ​ក្រសួង​ការងារ​ ឬ​មួយ​អង្គទូត​របស់​យើង​ដែល​ទទួល​ពលករ​របស់​យើង​។ លើស​ពី​នេះ ​នៅ​ពេល​ដែល​ចប់​ហើយ ​ឬ​ក៏មាន​ការ​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​ក្រុមហ៊ុន​នោះ​ក៏​ត្រូវ​តែ​ធ្វើ​ដំណើរ​ជូន​ពលករ​យើង​មក​ដល់​ប្រទេស​ជាតិ​យើង​វិញ‍»។

លោកស្រី​បញ្ជាក់​ថា​ កម្ពុជា​មាន​ច្បាប់ អនុក្រិត​ និង​សេចក្តី​ប្រកាស​ដែល​ចែង​ច្បាស់​ពី​ការ​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ជ្រើ​សរើស​ពលករ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស ប៉ុន្តែ​ការ​អនុវត្ត​មិន​បាន​ល្អ ដោយសារតែ​សមត្ថ​ភាព​មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​នឹង​ចំនួន​ពលករ​ខ្មែរ​ ដែល​ចាកចេញ​ពី​ប្រទេស​ទៅ​ធ្វើការ​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្របច្បាប់​ គឺ​មិនមាន​តុល្យភាព​គ្នា​ទេ​ ហើយ​ពួកគេ​មាន​ការ​ខ្វះ​ខាត​នៅ​លើ​ផ្នែក​ជាច្រើន​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​ស្រី​បាន​បន្ថែម​ថា៖​«មន្ត្រី​ទាំង​នោះ​ត្រូវ​តែ​ទទួល​បាន​ការឧបត្ថម្ភ​ មាន​ការ​បណ្តុះបណ្តាល​ មាន​ប្រាក់​ខែ​ឱ្យ​បាន​គ្រប់​គ្រាន់​ មាន​ឆន្ទៈ មាន​ឧត្តម​គតិ ហើយ​នឹង​ត្រូវ​តែ​ជៀស​បំផុត​ចូល​ទៅ​ក្នុង​អ្វី​ដែល​ជា​អំពើ​ពុក​រលួយ‍»។

មាន​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់​បាន​ទៅ​ធ្វើ​ការ​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ជាដើម។

ក្នុង​ពេល​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ពីរ​បាន​បោកប្រាស់​ពលករ​ខ្មែរ​ជាង២០០​នាក់​ ដោយ​សន្យា​ថា ​ផ្តល់​ការងារ​ខាង​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​បាន​រត់​ចោល​ និង​បិទ​ទ្វារ​ក្រុមហ៊ុន។

លោក​ ជា វុត្ថា ដែល​បាន​ចាញ់​បោក​ក្រុមហ៊ុន​បាន​លើកឡើង​ថា​ កន្លង​មក​ក្រុមហ៊ុន​នោះ​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​វិទ្យុ និង​សារព័ត៌មាន​ផ្សេងៗ​ពី​ការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដែល​ធ្វើ​ឱ្យ​លោ​ក និង​អ្នក​ដទៃ​ទៀត​មាន​ការ​ជឿជាក់​ និង​ដាក់​ពាក្យ​សុំ​ទៅ​ធ្វើ​ការ។ ប៉ុន្តែ​បែរ​ជា​ត្រូវ​ចាញ់​បោក​អស់​លុយ​កាក់​ទៅវិញ។

មាន​អំពើ​ពុករលួយ​ចូល​ពាក់​ព័ន្ធ​ក្នុង​ក្រុម​អធិការកិច្ច​របស់​ក្រសួង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី មូរ សុខហួរ។ ​លោក​ស្រី​បន្ថែមថា​ មាន​ក្រុមហ៊ុន​ខ្លះ​ទទួល​បាន​អាជ្ញា​បណ្ណ ហើយ​ប៉ុន្តែ​មិន​ព្រម​អនុវត្ត​ការងារ​បែរ​ជា​លក់​អាជ្ញាបណ្ណ​បន្ត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​ទៀត។​

«អធិការ​កិច្ច​មិនបាន​ឃើញ​ទេ? ឬ​មួយ​មិន​ចង់​ឃើញ​ទេ? គឺ​មាន​ការ​លក់​អាជ្ញា​បណ្ណ​រហូត​ដល់​មាន​បិទទ្វារ​ក្រុមហ៊ុន​ទៀត‍»។

កន្លង​មក​ក៏​មាន​ពលករ​មួយ​ចំនួន​ត្រូវ​ថៅកែ​វាយ​ធ្វើ​បាប​រហូត​ដល់​ស្លាប់ ហើយ​អ្នក​ខ្លះ​ទៀត​ធ្លាក់​ខ្លួន​ពិការ ​ប៉ុន្តែ​ការ​ដាក់​ទោសទណ្ឌ​លើ​ក្រុមហ៊ុន​មិន​ទាន់​មាន​នៅឡើយ៕

XS
SM
MD
LG