ក្នុងសភាពត្របកភ្នែកធ្លាក់ និងដៃដ៏គគ្រើម ដែលបណ្តាលមកពីការធ្វើជាពលករអស់រយៈពេលរាប់ឆ្នាំនោះ បទពិសោធន៍របស់លោក ធិន សៀងលី គឺជាមេរៀនមួយ សម្រាប់ប្រជាជនកម្ពុជាក្រីក្ររាប់ពាន់នាក់ដទៃទៀត ដែលចង់ស្វែងរកការងារដែលប្រសើរ និងបានប្រាក់ខែច្រើននៅឯបរទេសត្រូវតែប្រយ័ត្ន។
លោក ធិន សៀងលី មកពីខេត្តព្រៃវែង។ លោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ ដែលបានបង្ខំចិត្តចាកចេញពីមាតុភូមិជារៀងរាល់ឆ្នាំ ព្រោះតែជីវភាពក្រីក្រ និងដើម្បីរកប្រាក់នៅឯប្រទេសថៃ និងម៉ាឡេស៊ី។
ប៉ុន្តែ ដំណើរធ្វើការនៅបរទេសនេះ គឺពោរពេញទៅដោយភាពប្រថុយប្រថាន ហើយទីបញ្ចប់ បានបង្កមហន្តរាយដល់មនុស្សជាច្រើន រួមមានលោក សៀងលី ជាដើម ដែលបានចាកចេញពីទីក្រុងភ្នំពេញ បន្ទាប់ពីលោកត្រូវបានគេសន្យាថា លោកនឹងទទួលបានប្រាក់ខែច្រើន បើធ្វើការនៅលើទូកនេសាទរបស់ប្រទេសថៃ។
ផ្ទុយទៅវិញ លោកបានជាប់អន្ទាក់អស់រយៈពេល៦ឆ្នាំ នៅតំបន់ដាច់ស្រយ៉ាលនៃប្រទេសឥណ្ឌូនេស៊ី ដោយធ្វើការគ្មានប្រាក់ខែ និងគ្មានសង្ឃឹមទេ ថាអាចរត់គេចចេញពីទីនោះបាន។
លោកស្រី លឹម មុនី អនុប្រធាននៃកម្មវិធីសិទ្ធិស្រ្តី និងកុមារ ថ្លែងថា រៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវបានគេបោកបញ្ឆោតយកទៅធ្វើការនៅបរទេស។
លោកស្រីថ្លែងថា៖ «ពួកគេទៅតាមប្រទេសថៃ។ ពួកគេត្រូវគេបោកឲ្យទៅប្រទេសថៃ។ បន្ទាប់មក ពួកគេត្រូវបានបញ្ជូនទៅទូកមួយ ដែលមិនមែននាំពួកគេទៅថៃនោះទេ ប៉ុន្តែបែរជាទៅប្រទេសឥណ្ឌូនេស៊ីទៅវិញ»។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាមួយនឹងប្រទេសថៃ បានថ្លែងថា អ្នកដែលចាកចេញពីប្រទេសដោយគ្មានឯកសារស្របច្បាប់នោះ គឺងាយរងការកេងប្រវ័ញ្ចពីថៅកែ។ លោកនិយាយថា អ្នកទាំងនោះបន្តចាកចេញ បន្ទាប់ពីឃើញអ្នកជិតខាងរបស់ពួកគេរកចំណូលបានច្រើននៅឯបរទេស។
លោកថ្លែងថា៖ «ពួកគេឃើញអ្នកខ្លះទៅធ្វើការក្រៅប្រទេស ក៏ទៅតាមគេដែរទៅ»។
លោកនិយាយថា ទោះបីជាមានយុទ្ធនាការដែលជំរុញឲ្យអ្នកទាំងនោះ ធ្វើឯកសារស្របច្បាប់ក៏ដោយ ក៏នៅតែមានអ្នកមួយចំនួនដែលព្យាយាមឆ្លងដែនខុសច្បាប់។
ការធ្វើចំណាកស្រុកដោយស្របច្បាប់ជាកត្តាគន្លឹះដើម្បីការពារការរំលោភបំពាន
លោក យឹម វីរៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ថ្លែងថា វាមានសារៈសំខាន់ណាស់សម្រាប់ពលករ ក្នុងការផ្តល់ព័ត៌មានដល់សមាជិកគ្រួសារ អង្គការក្រៅរដ្ឋាភិបាល ឬក្រុមប្រឆាំងការជួញដូរមនុស្ស។
លោកនិយាយថា៖ «ជាទូទៅ ប្រសិនបើអ្នកទាំងនោះមិនចង់ឲ្យគេបំពាននោះ ពួកគេនឹងទៅធ្វើការដោយស្របច្បាប់»។
លោកបន្ថែមថា វាមានសារៈសំខាន់ណាស់ មុនពេលដែលពលករធ្វើចំណាកស្រុក ពួកគេគួរតែយល់ដឹងពីប្រទេសដែលពួកគេចង់ទៅនោះ ហើយធ្វើការទាក់ទងជាមួយនឹងអាជ្ញាធរកម្ពុជា។
លោកនិយាយថា មន្រ្តីមិនមានតួលេខច្បាស់លាស់ស្តីពីចំនួនមនុស្ស ដែលទៅធ្វើការខុសច្បាប់នោះទេ។ លោកនិយាយថា៖ «ពួកគេទៅដោយខុសច្បាប់ ដូច្នេះ វាធ្វើឲ្យយើងពិបាកក្នុងការគ្រប់គ្រង»។
ទីក្រុងភ្នំពេញបានបង្កើតកម្មវិធីថ្មីមួយ ដើម្បីផ្តល់ឯកសារស្របច្បាប់ជូនជនចំណាកស្រុក បន្ទាប់ពីប្រទេសថៃបានបញ្ជូនពលករខុសច្បាប់ចំនួន២៥០.០០០ នាក់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំមុន។
អ្នកការពារសិទ្ធិមនុស្សលោកស្រី លឹម មុនី និយាយថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវតែរកការងារដែលមានប្រាក់ខែសមល្មម ដល់ប្រជាពលរដ្ឋ។
លោកស្រីនិយាយថា៖ «ដោះស្រាយបញ្ហាជម្លោះដីធ្លី និងដីសម្បទានសេដ្ឋកិច្ច និងដោះស្រាយបញ្ហាផលិតផលកសិកម្មដែលមានតម្លៃទាប»។ លោកស្រីបន្ថែមថាមនុស្សគ្រប់រូបមិនប្រកាន់ថា មានឋានៈជាអ្វីក៏ដោយនោះគួរទទួលបានភាពយុត្តិធម៌នៅក្នុងសង្គម និងសិទ្ធិស្មើគ្នានៅក្នុងសង្គម។
លោកស្រីនិយាយថា បញ្ហាភាពយុត្តិធម៌ក្នុងសង្គមគឺជាផ្នែកមួយនៃមូលហេតុ ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រថុយជីវិតរបស់ពួកគេទៅធ្វើការនៅក្រៅប្រទេស។
លោកស្រីថ្លែងថា៖ «នៅពេលពួកគេមានបញ្ហា តុលាការមិនដោះស្រាយឲ្យពួកគេទេ។ តុលាការយល់តែអ្នកមាន និងមិនជួយអ្នកក្រ ដែលធ្វើឲ្យពួកគេស្អប់ប្រទេសរបស់ខ្លួន»។
លោកស្រីនិយាយថា៖«អ្នកខ្លះបានក្លាយជាជនរងគ្រោះ។ អ្នកខ្លះរងគ្រោះកម្រិតស្រាល អ្នកខ្លះមិនទាន់រងគ្រោះនៅឡើយនោះទេ»។
លោកស្រី លឹម មុនី បន្ថែមថា ពលរដ្ឋកម្ពុជាមកពីខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងព្រៃវែង ជារឿយៗបានប្រថុយទៅធ្វើការនៅប្រទេសដទៃទៀត។
ពលករកម្ពុជារាប់សិបនាក់ធ្វើការលើទូកនេសាទរបស់ប្រទេសថៃ
គិតត្រឹមតែ៦ខែចុងក្រោយនេះ មានពលករកម្ពុជាជាង២០០នាក់ត្រូវបានសង្រ្គោះពីការជួញដូរ និងបង្ខំឲ្យធ្វើការនៅលើទូក។
លោកស្រី Sara Piazzano ប្រធានផ្នែកគម្រោងប្រឆាំងការជួញដូរមនុស្សនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬហៅកាត់ថា (USAID) បានថ្លែងថា មានមនុស្សជាច្រើន ដែលធ្វើការនៅក្រៅប្រទេសក្នុងស្ថានភាពដូចទាសករអញ្ចឹង។
លោកស្រីថ្លែងថា៖ «គ្រាន់តែនៅប្រទេសថៃ មានបុរសធ្វើជាពលករលើទូកនេសាទប្រមាណ៤០០.០០០នាក់។ ភាគច្រើនគឺមកពីប្រទេសមីយាន់ម៉ា និងប្រទេសកម្ពុជា ហើយអ្នកទាំងនោះគឺធ្វើការក្នុងស្ថានភាពដែលរងការបំពាន»។ អ្នកនេសាទកម្ពុជាដទៃទៀតវិញ គឺធ្វើការឲ្យទូកនេសាទរបស់តៃវ៉ាន់ ឬចិន ហើយពួកយើងបានជួយសង្រ្គោះមនុស្សពីបណ្តាប្រទេសរួមមាន ប្រទេសអាហ្រ្វិកខាងត្បូង Mauritius និងFiji។
លោកស្រី Piazzano ថ្លែងថា ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ គម្រោងប្រឆាំងការជួញដូរមនុស្ស (CTIP) បានជួយជនរងគ្រោះ១១០០នាក់ពីការជួញដូរ ដែលអ្នកទាំងនោះភាគច្រើនជាអ្នកនេសាទ។
លោកស្រីបន្ថែមថា មានពលករដែលធ្វើការដូចទាសករប្រមាណត្រឹមតែពី១ទៅ៥ ភាគរយប៉ុណ្ណោះនៅលើពិភពលោក ដែលត្រូវបានជួយសង្រ្គោះពីការជួញដូរជារៀងរាល់ឆ្នាំ»។
លោកស្រី Piazzanoថ្លែងថា អ្វីដែលជាការលំបាកនោះគឺ វាពិបាកនឹងទទួលព័ត៌មាន ពីជនរងគ្រោះ និងដើម្បីសង្រ្គោះអ្នកទាំងនោះពីអំពើទាសភាព។ លោកស្រីថ្លែងថា៖«ការជួញដូរមនុស្សគឺជាពាណិជ្ជកម្មមួយដែលរកចំណូលបានច្រើន ដែលពិបាកនឹងកម្ចាត់៕