ចៅក្រមអន្តរជាតិចំនួន២រូប ដែលលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជ្រើសតាំងនិងបានពិនិត្យសម្រេចដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនោះ បានទទួលការ តែងតាំងពីព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនីជាបន្តបន្ទាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដាច់ដោយឡែកពីគ្នា។
ចៅក្រមទាំងពីរដែលបានទទួលការតែងតាំងជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា និង នៅថ្ងៃទី២ ខែ សីហានេះគឺលោក Martin Greg Karopkin ជាជាជាតិអាមេរិក ត្រូវជំនួសចៅក្រម Jean-Marc LAVERGNE ជាជនជាតិបាំរាំងដែលបានលាឈប់ពីមុខតំណែងកាលពីដើមឆ្នាំ។ ហើយនឹងចៅក្រម ជនជាតិ អៀរឡង់ គឺលោកស្រី Maureen Harding Clark ដែលនឹងត្រូវជំនួសឲ្យលោកចៅក្រម Agnieszka Klonowiecka-Milart ជនជាតិ ប៉ូឡូញ ដែលបានលាឈប់ពីមុខតំណែងកាលពីចុងឆ្នាំ ២០១៨។
ចៅក្រមអន្តរជាតិដែលទទួលបានការតែងតាំងទាំងពីរមានបទពិសោធន៍ក្នុងសាលាក្តីឧក្រិដ្ឋកម្ម អន្តរជាតិក្នុងប្រទេសជាច្រើននិងមានសញ្ញាច្បាប់ខ្ពស់ៗផងដែរ។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គកាសហប្រជាជាតិ ហើយត្រូវគេស្គាល់ជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានោះ បានកាត់ទោសអ្នកទទួលខុសត្រូវខ្ពស់បំផុតម្នាក់ គឺ កាំង ហ្កេចអ៊ាវ ហៅឌុចប្រធានគុកទួលស្លែង ស ២១ និង មេដឹកនាំជាន់ខ្ពស់បំផុតពីរនាក់ដែលនៅមានជីវិត គឺនួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។ ជនទាំងនោះត្រូវបានកាត់ទោសពីបទទាក់ទងនឹងការកាប់សម្លាប់រង្គាលកាលពីទសវត្សរ៍ ១៩៧០ ដែលមានពលរដ្ឋខ្មែរជាង១លាន ៧ សែននាក់ត្រូវស្លាប់បាត់បង់ជីវិត។ សាលាក្តីនេះបានចំណាយថវិកា៣០០រយលានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០០៦មក។