ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​បង្ហាត់​កីឡា​បេឡារុស​ពីរ​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កីឡា​អូឡាំពិក​ទាក់ទង​បញ្ហា​នាង ​Tsikhanouskaya


កីឡាការិនី​​បេឡារុស​ផ្នែក​រត់​ប្រណាំង​​នាង Krystsina Tsimanouskaya​ ដែល​បាន​ចាក​ចេញ​ពី​​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​តូក្យូ​និង​បាន​​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​​​ប្រទេស​ប៉ូឡូញ ចូល​រួម​សន្និសីទ​កាសែត​មួយ​នៅ​រដ្ឋធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។
កីឡាការិនី​​បេឡារុស​ផ្នែក​រត់​ប្រណាំង​​នាង Krystsina Tsimanouskaya​ ដែល​បាន​ចាក​ចេញ​ពី​​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​តូក្យូ​និង​បាន​​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​​​ប្រទេស​ប៉ូឡូញ ចូល​រួម​សន្និសីទ​កាសែត​មួយ​នៅ​រដ្ឋធានី​វ៉ាសូវី ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។

គ្រូ​កីឡា​បេឡារុស​ពីរ​រូប​ត្រូវ​បាន​ដក​ចេញ​ពី​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​ចំពោះ​ការ​ព្យាយាម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថាបាន​បង្ខំ​ឱ្យ​កីឡាការិនី​រត់​ប្រណាំង​នេះ​ឡើង​យន្តហោះ​ទៅ​ប្រទេស​វិញ​ដែល​នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ។​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AFP។​

គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​នៅ​ថ្ងៃសុក្រ​នេះ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ដក​លោក​ Artur Shimak​ និង​លោក Yury Maisevich​ ហើយ​ពួកគេ​បាន​ចាកចេញ​ពី​អូឡាំពិក​ហើយ។​គណៈកម្មាធិការ​នេះ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​ខ្លួន​កំពុង​ស៊ើប​អង្កេត​អំពី​តួនាទី​របស់​អ្នក​ទាំង​ពីរ​ក្នុង​ករណី​កីឡាការិនី​ Krystsina Tsimanouskaya​ ផ្នែក​រត់​ប្រណាំង​ដែល​បាន​ស្វែង​រក​ការ​ការពារ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​តូក្យូ​កុំ​ឱ្យ​គេ​បង្ខំ​នាង​ឡើង​យន្តហោះ​ទៅ​ផ្ទះ​វិញ។​

នាង​បាន​និយាយ​ថា​នាង​បារម្ភ​អំពី​ជីវិត​របស់​នាង​ប្រសិន​បើ​ត្រូវ​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​បេឡារុស​ដែល​មាន​ចលាចល​ផ្នែក​នយោបាយ​និង​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង​បន្ទាប់ពី​ការ​បោះឆ្នោត​ដែល​មាន​ជម្លោះ​ហើយ​ដែល​បុរសខ្លាំង​គឺ​លោក​ Alexander Lukashenko ​ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​មុន។​

នាង​ Tsimanouskaya​ គឺ​ជា​កីឡាការិនី​បេឡារុស​ម្នាក់​នៃ​កីឡាករ​បេឡារុស​ជាង​២.០០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​មួយ​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ថ្មី​និង​ដោះលែង​អ្នក​ទោស​នយោបាយ។​

ប៉ុន្តែ​បញ្ហា​របស់​នាង​នៅ​ទីក្រុង​តូក្យូ​បាន​កើត​ឡើង​បន្ទាប់​ពី​នាង​បាន​បង្ហោះ​នៅ​លើ ​Instagram​ របស់​នាង​ដោយ​រិះគន់​គ្រូ​កីឡា​របស់​នាង​ថា​បាន​បញ្ចូល​នាង​ទៅ​ក្នុង​ការ​ប្រកួត​ដោយ​មិន​បាន​ប្រាប់​នាង​ជាមុន។​

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​និយាយ​ថាគ្រូ​កីឡា​ទាំងពីរ​នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​បកស្រាយ​ប៉ុន្តែ​វិធាន​ការ​ចំពោះ​ពួកគេ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សុខុមាលភាព​របស់​អត្តពលិក​មក​ពី​ប្រទេស​បេឡារុស​ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​តូក្យូ។​

ប្រទេស​បេឡារុស​ក៏​មាន​បញ្ហា​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​តាំងពី​ឆ្នាំ​មុន​ដែរ។​ លោក​ប្រធានាធិបតី ​Alexander Lukashenko​ និង​កូនប្រុស​ឈ្មោះ​ Viktor ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​កីឡា​អូឡាំពិក​ដោយសារ​ពួកគេ​ធ្វើ​បាប​អត្តពលិក​ដោយសារ​ទស្សនៈ​នយោបាយ។​មិន​យូរ​ប៉ុន្មាន​មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​លោក​ Lukashenko ​បាន​ព្រមាន​មន្ត្រី​កីឡា​និង​អត្តពលិក​ថា​ លោក​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ពី​កីឡា​អូឡាំពិក​ប្រទេស​ជប៉ុន។​ លោក​បាន​និយាយ​ថា៖​«គិត​ឱ្យ​ហើយ​មុន​ទៅ​ប្រកួត។​ បើ​អ្នក​ត្រឡប់​មក​វិញ​ដោយ​គ្មាន​អ្វី​សោះ​យក​ល្អ​មិន​ចាំបាច់​មក​វិញ​ទេ»៕

XS
SM
MD
LG